ភ្នំពេញៈ ត្រូវ​បាន​ឆ្លាក់​ចេញ​ពី​ក្រដាស​សៀវភៅ​ពណ៌​ស​បន្ថែម​ពណ៌ និង​ក្បាច់រចនា​សម្លៀកបំពាក់​រូប​អប្សរា​តូចៗ មុខមាត់​ឃ្យូតៗ​ដូច​តុក្កតា​គួរ​ឲ្យ​ស្រឡាញ់​កំពុង​ទទួល​បាន​ការពេញនិយម​ប្រើ​ជា​កន្លាស់​អាវ ស្ទិកឃ័រ​បិទ​សៀវភៅ និង​រូប​លម្អ​អាវយឺត​យ៉ាង​ស្រស់ស្អាត​។

អ្នកនាង សុត លីណា វ័យ ២៨ ​ឆ្នាំ​គឺជា​អ្នក​ផលិត​អប្សរា​តូច​បាន​ថ្លែង​មក ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ដំបូង​ខ្ញុំ​គ្រាន់តែ​ជា​ស្ត្រី​​មេផ្ទះ​ម្នាក់ និង​ជួយ​គ្រប់គ្រង​អាជីវកម្ម​របស់​គ្រួសារ ប៉ុន្តែ​ពេល​ទំនេរ​ខ្ញុំ​ឆ្លៀត​គូររូប​ដែល​ជា​ប្រភេទ​តុក្តតា​ឃ្យូតៗ​បែប​កូនក្មេង​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​ឈុត​របាំ​។ ដោយសារ​តែ​ខ្ញុំ​ចូលចិត្ត​គូររូប​តុក្តតា​កូនក្មេង​អ៊ីចឹង​ហើយ ទើប​រូប​អប្សរា​ដែល​ខ្ញុំ​បាន​គូរ​សុទ្ធតែ​ជា​ប្រភេទ​តុក្កតា​ទាំងអស់ ហើយ​ក្នុង​នោះ​ក៏​មាន​ការគោរព និង​ស្រឡាញ់​រូប​អប្សរា​ដើម ដែល​ជា​វប្បធម៌​ខ្មែរ​យើង​ផង​ដែរ​»​។

Little Apsara មាន​លក់​ដូចជា ស្ទិកឃ័រ​បិទ​លើ​សៀវភៅ ឬ​កុំព្យូទ័រ អាវយឺត កន្លាស់​អាវ បន្តោង​សោ​ធម្មតា និង​បន្តោង​សោ​កុម្ម៉ង់​ដាក់ Logo ក្រុមហ៊ុន ក្នុង​តម្លៃ​ចាប់ពី ២ ​ដុល្លារ​ដល់​ ៩ ​ដុល្លារ​។ រូប​ទាំងអស់​ត្រូវ​បាន​គូរ​ឡើង​ក្នុង​រូបរាង​ជា​អប្សរា អ្នករបាំ​ឈុត​ទេវតា ហនុមាន និង​យក្ស​ជាដើម​។

ស្ទិកឃ័រ និង​កន្លាស់​អាវ​មាន​រូប​អប្សរា និង​យក្ស​។ ហេង ជីវ័ន

ស្ថាបនិក Little Apsara អ្នកនាង សុត លីណា ក៏​បាន​បង្ហាញ​ពី​របៀប​ធ្វើ​អាវយឺត​បិទ​រូប​អប្សរា​ដូច្នេះ​ថា​៖ «​ជ្រើសរើស​រូប​អប្សរា​តូច​មួយ​ដែល​មាន​ភាពទាក់ទាញ​រួច​គិត​ពី​ទម្រង់​រូបភាព ខ្នាត ទីកន្លែង​ដែល​ត្រូវដាក់​រូប​អប្សរា​តូច​នៅលើ​ក្រណាត់​អាវយឺត និង​រៀបចំ​ព្រីន​ចេញ​ដាក់​លើ​ក្រដាស​ទ្វេ​សម្រាប់​អ៊ុត​លើ​អាវយឺត​រួច​ប្រើ​ម៉ាស៊ីន​អ៊ុត​ក្នុង​សីតុណ្ហភាព​ខ្ពស់ ដើម្បី​អ៊ុត​អាវយឺត និង​ទុក​រហូត​ដល់​អាវយឺត​ត្រជាក់​ពិនិត្យ​មើល​គុណភាព​នៃ​រូប​អប្សរា​តូច​ដែល​បាន​បិទ​នៅ​លើ​អាវយឺត​បន្ទាប់ពី​អ៊ុត​រួច​»​។

Little Apsara ទើប​តែ​មាន​លក់​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ ហើយ​អ្នកគាំទ្រ​គំនូរ​អប្សរា​នេះ​មាន​ច្រើន​ទាំង​ភ្ញៀវ​ជាតិ​ដូចជា​តាម​បណ្ដា​អាជីវកម្ម​ដូចជា​ក្រុមហ៊ុន DHL Cambodia និង​ទឹកអំពៅ​ខ្មែរ Cocane​។

លើស​ពី​នេះ​ក៏​មាន​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​កំពុង​ទាក់ទង​យក​ផលិតផល​ទាំងនេះ​ទៅ​លក់​បន្ត​នៅ​ទឹកដី​អឺរ៉ុប​នោះ​ផងដែរ​។

អាវយឺត​រំលេច​រូប​តុក្កតា​អប្សរា​តម្លៃ​ ៩ ​ដុល្លារ​។ហេង ជីវ័ន

អ្នក​ច្នៃ​រូប​អប្សរា​តូច​បាន​បន្ត​ថា​៖ «​ដោយសារ​ការស្រឡាញ់​គំនូរ​តាំងពី​តូច ដូច្នេះ​ខ្ញុំ​ព្យាយាម​ហ្វឹកហាត់​សឹង​តែ​រាល់ថ្ងៃ​។ សរុបមក​គឺ​ខ្ញុំ​ចេះ​ច្នៃប្រឌិត​រាល់​គំនូរ​ទាំងឡាយ​ដោយ​ខ្លួនឯង​ផ្ទាល់​។ ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​អាច​ជួយ​ទាក់ទាញ​កុមារ​ជំនាន់​ក្រោយៗ​មាន​ការចាប់អារម្មណ៍ ស្រឡាញ់ ចង់ដឹង​ចង់​ស្គាល់​ពី​លក្ខណសម្បត្តិ​របស់​អប្សរា​របស់​ប្រទេស​យើង​ផងដែរ​»​។

បើសិន​ជា Little Apsara មាន​ភ្ញៀវ​គាំទ្រ​កាន់តែ​ច្រើន អ្នកនាង​ក៏​មាន​បំណង​បើក​ទីតាំង​ដាក់​បង្ហាញ​រូបភាព និង​គុណភាព​នៃ​អប្សរា​តូច​ឲ្យ​ភ្ញៀវ​បាន​មក​មើល​ផ្ទាល់​ផង​ដែរ​។

ទន្ទឹម​នឹង​មោទនភាព​មាន​ភ្ញៀវ​គាំទ្រ​ច្រើន អ្នកនាង សុត លីណា ក៏បាន​បង្ហាញ​ក្ដីបារម្ភ​ផង​ដែរ​ថា​៖ «​ខ្ញុំ​មាន​ការបារម្ភ​ជា​ខ្លាំង​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ខ្លាច​មតិ​របស់​បណ្តាញ​សង្គម ឬ​មនុស្ស​មួយ​ចំនួន​យល់ច្រឡំ និង​មិន​ទាន់​យល់​ច្បាស់​ពី​គោលបំណង​ដែល​ខ្ញុំ​គូររូប​តុក្កតា​កុមារ​ឃ្យូតៗ​ទាំងនេះ​ឡើង ហើយ​ខ្លាច​ថា ខ្ញុំ​មើលងាយ និង​មិន​ឲ្យ​តម្លៃ​វប្បធម៌​ជាតិ​យើង បែរ​ជា​យក​រូប​អប្សរា​មក​ច្នៃ​ជា​តុក្កតា​ទៅ​វិញ​»៕