ភ្នំពេញៈ ក្នុងចំណោមអ្នករត់កង់បីឥណ្ឌា ដែលសុទ្ធសឹងតែជាបុរស អ្នកស្រី ឆេង ដានី ជាស្ត្រីដ៏កម្រម្នាក់ដែលកាន់ចង្កូតដឹកអ្នកដំណើរលើយានដ៏កំពុងពេញនិយមមួយនេះដោយត្រូវចេញពីផ្ទះតាំងពីព្រឹកព្រលឹមដល់យប់អធ្រាត្រជាមួយវត្តមានកូនប្រុសបណ្ដូលចិត្តនាំមកជាប់ខ្លួនជានិច្ច។
ក្នុងសម្លៀកបំពាក់សមសួនបែបអ្នកធ្វើការការិយាល័យ និងពាក់វ៉ែនតាផងនោះ ស្ត្រីវ័យ ២៦ ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ពេលភ្ញៀវឡើងជិះកង់បី ឃើញខ្ញុំអ៊ីចឹងគេភ្ញាក់ អូ! ស្រីទេ ស្មានតែមនុស្សប្រុស។ បើបរទេសវិញគេថា អត់ដែលឃើញស្រីបើកកង់បីទេនៅខ្មែរ តែបើនៅប្រទេសគេមាន ហើយភ្ញៀវខ្មែរស្រីៗវិញ គាត់បាននិយាយថាតាំងពីគាត់ជិះកង់បីមក គឺមានតែមនុស្សប្រុសទេជាអ្នកបើក។ ពេលឃើញខ្ញុំជាស្រីអ៊ីចឹងពួកគាត់សប្បាយចិត្ត។ គាត់អត់ភ័យខ្លាចទេ។ គាត់មានតែទុកចិត្តទៀតព្រោះជាមនុស្សស្រីដូចគា្ន»។
ភាពរឹងមាំចាប់យកការងារបុរសដើម្បីរកប្រាក់ចិញ្ចឹមកូននេះគ្រាន់តែជាផ្នែកមួយនៃការហែលឆ្លងដំណើរជីវិតដ៏លំបាកជាកូនអ្នកក្រីក្រជនបទនៅភូមិតាកោរ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
កើតនៅឆ្នាំ ១៩៩៣ ក្នុងគ្រួសារខ្សត់ខ្សោយ និងមានបងប្អូន ៥ នាក់ អ្នកស្រីដានី ដែលជាកូនស្រីច្បងតែងក្រោកពីព្រលឹមដើរលក់នំគម នំត្នោត ដែលម្ដាយវេចខ្ចប់សម្រាប់លក់ក្នុងភូមិ។ ក្រោយពីលក់ដាច់អស់ ទើបអ្នកស្រីអាចដើរទៅរៀនចម្ងាយប្រមាណជាង ២ គីឡូម៉ែត្រ។ លុះត្រឡប់មកពីសាលាវិញ ល្ងាចបន្តិច មិនខុសពីក្មេងស្រុកស្រែឯទៀតទេ អ្នកស្រីត្រូវទៅមើលគោរហូតដល់ថ្ងៃលិចទើបបានចូលផ្ទះសម្រាកកាយ។
ចូលដល់ថ្នាក់វិទ្យាល័យ ការទទួលខុសត្រូវជាកូនច្បងក៏កាន់តែខ្លាំង ហើយអ្នកស្រីចាប់ផ្តើមមានគំនិតដើរទិញស្វាយពីអ្នកភូមិ និងបានរៀបចំស្វាយទាំងនោះឲ្យម្តាយយកមកលក់នៅទីក្រុងភ្នំពេញ។
ជីវិតជាសិស្សវិទ្យាល័យត្រូវបានបញ្ចប់នៅឆ្នាំ ២០១១ ពេលអ្នកស្រីបានរៀបការជាមួយស្វាមីជាអ្នករស់នៅខេត្តកំពតដូចគ្នាតាមការផ្សំផ្គុំរបស់ឪពុកម្តាយ។ ក្រោយពីរៀបការបានរយៈពេល ២ សប្តាហ៍គូស្វាមីភរិយាថ្មីថ្មោងនេះបានផ្លាស់មករស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយចាប់ដៃគ្នាដំបូង គ្រួសារមួយបានប្រើដើមទុនតិចតួចប្រកបរបរលក់សាំងរហូតមានលទ្ធភាពពង្រីកមុខរបរ និងមានប្រាក់ទិញផ្ទះនៅទីនោះ។
ពន្លកសុភមង្គលពីជីវភាពប្រែជាធូរធារមិនបានប៉ុន្មានផង ក្រុមគ្រួសារអ្នកស្រីក៏កើតមានទំនាស់ថ្នាំងថ្នាក់រហូតសម្រេចចិត្តដើរផ្លូវបំបែក ដោយបន្សល់នូវតំណក់ឈាមកូនប្រុស ១ គ្រាប់ជាប់នឹងប្រាណ។
អ្នកស្រី ដានី ក៏បានវិលទៅស្រុកកំណើតដោយផ្ញើកូនប្រុសឲ្យម្ដាយមើលថែ ខណៈខ្លួនចូលបម្រើការជាកម្មកររោងចក្រនៅឆ្នាំ ២០១៤ ហើយមួយឆ្នាំក្រោយមកអ្នកស្រីបានផ្លាស់មកធ្វើការជាអ្នករត់តុតាមភោជនីយដ្ឋាននានា។
ឆ្នាំដដែលអ្នកស្រីក៏បានដាក់ពាក្យមកធ្វើការផ្នែកលក់នៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទមួយ។ ក្រោយពីទទួលបានប្រាក់ខែសមរម្យអ្នកស្រី ដានី បានសម្រេចចិត្តនាំកូនប្រុសមករស់នៅ និងចូលរៀននៅសាលាឯទីក្រុងភ្នំពេញ។
អ្នកស្រី ដានី បានងាកមកចាប់អាជីពជាអ្នករត់កង់បីនៅឆ្នាំ ២០១៨ ដោយសារឮមិត្តភក្ដិនិយាយថាមុខរបរនេះអាចរកចំណូលបានគ្រាន់បើ។
នៅក្នុងចំណោមអ្នករត់កង់បីដែលសុទ្ធសឹងតែជាបុរស ពេលផ្តើមអាជីពវិលកង់លើកដំបូង អ្នកស្រីមានអារម្មណ៍ថា ក្រសែភ្នែកមហាជនទាំងឡាយបានតម្រង់មករកអ្នកស្រី រហូតធ្វើឲ្យខ្លួនមានភាពអៀនខ្មាសណាស់មិនហ៊ានហៅភ្ញៀវជិះ។
ទោះយ៉ាងណាក្ដី អ្នកស្រីសម្គាល់ឃើញថា៖ «តាំងពីបើកបរមកអត់ដែលមានភ្ញៀវភ័យខ្លាចពីសុវត្ថិភាពក្នុងការបើកបររបស់ខ្ញុំទេគឺមានតែគេសរសើរថា ខ្ញុំជាមនុស្សដែលរឹងមាំ និងក្លាហានអាចធ្វើការងារមនុស្សប្រុសបាន»។
ទន្ទឹមនឹងការប្រកបអាជីពនេះផងដែរ ស្ត្រីមកពីខេត្តកំពតរូបនេះតែងតែនាំកូនប្រុស មឿន វិសាល អាយុ ៦ ឆ្នាំទៅតាមជាប់ខ្លួនជានិច្ច។
អ្នកម្ដាយរូបនេះបានរៀបរាប់ថា៖ «ថ្ងៃចន្ទដល់សុក្រអ៊ីចឹង យកអាអូនទៅរៀននៅសាលាពេញ ១ ថ្ងៃដល់ល្ងាចបានទៅយកមករត់កង់បីតាមខ្ញុំ។ បើសៅរ៍-អាទិត្យគឺនាំមកតាមជាប់ខ្លួនរហូតដាក់អាអូននៅខាងមុខជាមួយខ្ញុំ។ ជួនកាលគាត់អង្គុយលេងបាំងក្រោយ។ ពេលខ្លះខ្ញុំក្រាលកន្សែងពោះគោដាក់ខ្នើយឲ្យគេងនៅហ្នឹង។ បើអត់ភ្ញៀវគាត់អានសៀវភៅធ្វើលំហាត់អីលើហ្នឹង ហើយបើភ្ញៀវនិយាយលេងជាមួយគាត់ គាត់ក៏និយាយជាមួយវិញ»។
ភ្ញៀវភាគច្រើនដែលអ្នកស្រីផ្ដល់សេវាដឹកជញ្ជូនគឺជាអតិថិជនប្រើកម្មវិធីទូរស័ព្ទ ដោយក្រោយពីទូទាត់ថ្លៃចំណាយហូបចុក និងថ្លៃឥន្ធនៈ អ្នកស្រីអាចសល់បានប្រាក់ប្រមាណពី ៥ ទៅ ៦ ម៉ឺនរៀល។
ដោយសម្រេចចិត្តខ្ចីប្រាក់អង្គការ ៣ ០០០ ដុល្លារទិញកង់បីរត់ ដើម្បីរកចំណូលក្រៅម៉ោងបន្ថែមពីលើប្រាក់ខែនោះ អ្នកស្រី ដានី ពោលទាំងទឹកភ្នែកថា៖ «ខ្ញុំពិបាកណាស់ ត្រូវចិញ្ចឹមកូនគ្រួសារ និងរកលុយបង់អង្គការតែយ៉ាងណាក៏ខ្ញុំអត់បោះបង់ចោលកូនដែរ។ ខ្ញុំអត់ដែលមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងទេ។ ខ្ញុំមានតែខំតស៊ូដើម្បីតែកូន កុំឲ្យគាត់ពិបាកដូចខ្ញុំ ឲ្យគាត់បានរៀន។ ទោះពិបាក ១២ ឆ្នាំទៀតក៏ដោយគឺដើម្បីកូន ព្រោះគាត់អត់ភាពកក់ក្តៅពីប៉ា ទោះមានតែម៉ាក់ក៏ដោយ»។
ព្រោះតែមានតម្រូវការជីវភាព និងរ៉ាប់រងបន្ទុកបង់ថ្លៃសាលាកូន ពេលនេះអ្នកស្រី ដានី បានធ្វើការសម្រេចចិត្តដ៏ធំមួយដោយយកដីស្រែ និងដីផ្ទះទៅបញ្ចាំ យកកម្ចីធនាគារ ដើម្បីទិញរថយន្តមករត់តាក់ស៊ីក្នុងក្ដីសង្ឃឹមថា យានជំនិះកង់៤នេះនឹងអាចពង្រីកខ្ទង់ចំណូលឲ្យជីវភាពគ្រួសារបានប្រសើរ ហើយកូនប្រុសអាចបន្តការសិក្សាក្លាយជាបញ្ញវន្តមានអនាគតភ្លឺត្រចះត្រចង់៕