ភ្នំពេញៈ បន្ទប់​ផ្ទះល្វែង​នៅ​លើ​ដងផ្លូវ ៣៩០ ផ្ទុក​ទៅ​ដោយ​ប្រអប់​កេស​ជាច្រើន​តម្រៀប​គ្នា​ជា​ជាន់ថ្នាក់ និង​បន្ទប់​ធ្វើការ​មាន​សមាជិក ៣ ​នាក់​ កំពុង​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ធ្វើការ​រៀង​ខ្លួន ក្បែរ​ធ្នើរ​តាំង​ចាន ស្លាបព្រា សម កាំបិត កែវទឹក ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​រួមទាំង​សៀវភៅ​និយាយ​ពី​បរិស្ថាន​តាម​ប្រភេទ​នីមួយៗ​។

អ្នកស្រី សេនឌី ខូថេន (Sandy Kotan) វ័យ ៥៥ ​ឆ្នាំ​ មកពី​រដ្ឋ​អារីហ្សូណា​នៃ​សហរដ្ឋអាមេរិក​ជា​អ្នក​នាំ​ផលិតផល​ធ្វើ​ពី​កាកអំពៅ​បាន​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​បាន​ចេញ​ពី​ប្រទេស​កំណើត​តាំងពី​ឆ្នាំ​ ២០០១ ហើយ​បាន​ប្រើ​ពេល​រស់នៅ​ហុងកុង ៧ ​ឆ្នាំ សិង្ហបុរី ៧ ​ឆ្នាំ​បន្ទាប់មក​ខ្ញុំ​ក៏​រស់នៅ​ប្រទេស​កម្ពុជា​បាន ៤ ​ឆ្នាំ​មកហើយ​។ ខ្ញុំ​ស្រឡាញ់​កម្ពុជា និង​ប្រជាជន​ខ្មែរ ហើយ​ខ្ញុំ​ចង់​ជួយ​ពួកគេ​ឲ្យ​យល់​ថា ប្លាស្ទិក​មិនមែន​គ្រាន់តែ​​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​»​។

សម ស្លាបព្រា និង​កាំបិត​ដែល​ងាយ​រលាយ មិន​ប៉ះពាល់​បរិស្ថាន​។ ហេង ជីវ័ន

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​បាន​នាំ​ផលិតផល​ជាច្រើន​ដែល​មិន​ប៉ះពាល់ ហើយ​វា​អាច​លាយ​បាន​ដោយ​ខ្លួនឯង​ដូចជា ប្រអប់​ដាក់​បាយ ចាន​ស្នោ ស្លាបព្រា កាំបិត សម ដែល​ធ្វើ​ពី​កាកអំពៅ ប៉ុន្តែ​ចំពោះ​ស្លាបព្រា កាំបិត និង​សម ខ្ញុំ​មិន​លក់​មួយៗ​ទេ​គឺ​លក់​រួម​គ្នា​ចង​ជា​ដុំ​។ ក្រៅពី​នេះ​ក៏​នៅ​មាន​ប្រភេទ​កំប៉ុង​ទឹក​មាន​ច្រើន​ខ្នាត​កាបូប​សម្រាប់​ដាក់​ម្ហូបអាហារ​បាន ប្រអប់​បាយ និង​ទុយោបឺត ដែល​មើល​ទៅ​ដូចជា​ជ័រ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ព្រោះ​វត្ថុ​ទាំង​នេះ​ខ្ញុំ​បាន​ផ្សំ​ឡើង​ដោយ​សារធាតុ ១០ មុខ​ដែល​គ្មាន​ជាតិគីមី​អាច​បង្ក​មាន​គ្រោះថ្នាក់​ឡើយ​»​។

ចំពោះ​ផលិតផល​ដែល​ធ្វើ​មកពី​កាកអំពៅ​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​បរិស្ថាន ព្រោះ​វា​បាន​ធ្វើឡើង​ដោយ​កាកអំពៅ​ដែល​ជា​របស់​ធម្មជាតិ​ដោយ​វា​អាច​រលួយ​បាន​ដោយ​ខ្លួនឯង​ដូចជា​ក្រដាស​ដែល​ធ្វើ​ពី​កាកអំពៅ​ដូច្នេះ​ដែរ​។

ចំណែកឯ​ផលិតផល​ដែល​មាន​​រូបរាង​ដូចជា​ជ័រ​វិញ​គឺ​បាន​ផ្សំ​ឡើង​ពី​សារធាតុ​ម្យ៉ាង​គឺ​ស៊ីលីកូន និង​មិន​ប៉ះពាល់​ដល់​មនុស្ស​ក្នុង​ការប្រើ​ទេ​។ វា​ប្រើ​បាន​យូរ ហើយ​អាច​បត់​បាន​ធ្វើឲ្យ​ងាយស្រួល​យក​តាម​ខ្លួន​បាន​។

ផលិតផល​អ្នកស្រី​បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​។ហេង ជីវ័ន

សម្រាប់​ផលិតផល​ទាំងនេះ​គឺ​បាន​ដាក់​លក់​នៅ​ជាច្រើន​ភោជនីយដ្ឋាន​ជាង ១២០ ភោជនីយដ្ឋាន រីឯ​ដប និង​សម្ភារ​ធ្វើ​ពី​ស៊ីលី​កូន​មាន​ដាក់​នៅ Eleven One Kitchen (TTP and BKK1) ដៃ​ខ្មែរ ហាង​កាហ្វេ Mere និង Farm​។ នៅ​សៀមរាប ផលិតផល​អ្នកស្រី​មាន​នៅ​ហាង Babel Eco Refill Shop ហាង The New Leaf Eatery និង​ហាង​នំប៉័ង​ប៉ារីស​។

ដោយ​លោកស្រី សេនឌី ខូថេន បាន​បញ្ជាក់​ថា​មាន​ភោជនីយដ្ឋាន​ជាច្រើន​នៅ​កម្ពុជា​បាន​សំណូមពរ​អ្នកស្រី​ថា «​សុំ​មិន​ទទួល​ផលិតផល​អ្វី​ក្រៅពី​ផលិតផល​ធ្វើ​ពី​កាកអំពៅ និង​សុំ​មិន​នាំចូល​របស់​ដែល​ធ្វើ​ពី​ថង់​ប្លាស្ទិក​បន្ត​ទៀត​នោះ​ទេ​»​។

ម្ចាស់​ក្លិប Rothary និង​ជា​អ្នក​នាំ​ចូល​ផលិតផល​ធ្វើ​ពី​កាកអំពៅ​បាន​បញ្ជាក់​ទៀត​ថា​៖ «​ខ្ញុំ​បាន​នាំចូល​ផលិត​ទាំងនេះ​មកពី​ប្រទេស​ចិន ប៉ុន្តែ​ខ្ញុំ​ក៏​មាន​គម្រោង​ថា ស្វែងរក​អ្នក​ដែល​អាច​ផលិត​ផលិតផល​ទាំងនេះ​បាន​នៅ​ក្នុង​កម្ពុជា​ចាប់​ដៃគូ​ជាមួយ CamConscious Tourism និង​សហគមន៍​ដែល​ពួកគេ​ធ្វើការ​ជាមួយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​ស្វែងរក​ទំនិញ​ដែល​អាច​ប្រើ​បាន​ជំនួស​ប្លាស្ទិក​។ ខ្ញុំ​មាន​កម្លាំងចិត្ត ព្រោះ​មនុស្ស​មួយ​ចំនួន​បាន​ស្នើសុំ​ឲ្យ​ខ្ញុំ​នាំ​ចូល​វត្ថុ​ស្នេហា​បរិស្ថាន​កាន់តែ​ច្រើន ដូចជា​ចាន ដាក់​ស៊ុប និង​សាលាដ​ដែល​ងាយ​រលាយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​»៕