ភ្នំពេញ៖ បណ្តុំ​រូបថត​នានា ដែល​បាន​​ថត​ផ្តិត​ចេញ​ពី​សំណៅ​ដើម ផ្តល់​ដោយ​ជនជាតិ​ឆែក និង​តាម​​ស្ថាប័ន​រដ្ឋបាល​​​មន្រ្តី​ស្ថានទូត​ឆែក​ នា​​សម័យ​កាល​​មុន​​ ​គឺ​តាំង​ពី​ដើម​​ទសវត្សរ៍​ទី ​៨០ មក​នោះ​​​​ ត្រូវ​បាន​ស្ថានទូត​សាធារណរដ្ឋ​​ឆែក​ប្រចាំ​​​ប្រទេស ​កម្ពុជា​​ បាន​ចងក្រង​​បង្កើត​​ជា​កម្រង​ពិព័រណ៍ ដោយ​​មាន​​​រូបថត​ចំនួន ​៣៦ ផ្ទាំង​​ ដែល​នឹង​បើក​​សម្ពោធ ​នៅ​ល្ងាច​ថ្ងៃទី ​១៧ ខែ​តុលា​នេះ​ ក្រោម​អធិបតីភាព​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

​​ ​

ពិព័រណ៍​រូបថត​នេះ នឹង​ដាក់​តាំង​ចំនួន​ ​១៥ ថ្ងៃ​ គឺ​ចាប់​ពី​​ថ្ងៃទី ​១៧ ដល់​ថ្ងៃទី ​៣១ ខែ ​តុលា ឆ្នាំ ​២០១៩​ នៅ​​​ឯ​សារមន្ទីរជាតិ​​ក្នុង​រាជធានី​ភ្នំពេញ។​​ ខណៈ​​ការ​​តាំង​ពិព័រណ៍​​ ដែល​​រៀបចំ​ដោយ​សាធារណរដ្ឋ​ឆែក ​និង​ព្រះរាជាណាចក្រកម្ពុជា​​នេះ ​ក្រោម​ប្រធាន​បទ​មួយ​​ឈ្មោះ​​ថា «ចំណង​មិត្តភាព​តាម​ពេល​វេលា»​។​

បើ​តាម​ប្រសាសន៍​លោក វ្ល៉ាទីមីល តេសារ​ ជា​ភារធារី ទទួល​បន្ទុក​កិច្ចការ​​​នៃ​​​​ស្ថានទូត​សាធារណរដ្ឋ​​​​​​​ឆែក​​ ​ប្រចាំ​ប្រទេស ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​៖ ​«​តាមរយៈ​ការ​តាំង​ពិព័រណ៍​នេះ ស្ថានទូត​​សាធារណរដ្ឋ​ឆែក​មាន​បំណង ​ដើម្បី​រំឭក​ទៅ​​ដល់​ការ​ជ្រើសរើស​នៃ​បំណែក​​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ពី​វិស័យ​​នយោបាយ សេដ្ឋកិច្ច​ និង​វប្បធម៌ ​ដែល​​មាន​សារៈសំខាន់​ ​​ចំពោះ​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ​​ហើយ​​​មាន​ឥទ្ធិពល​​​​យ៉ាង​​​ខ្លាំង​​​លើ​ការ​តម្រង់​​ទិស​របស់​ខ្លួន​»។

ទិដ្ឋ​ភាពតាម​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញនា​សម័យ​មុ​ន​។ រូប Embassy of the Czech Republic

លោក​ ​ភារធារី បាន​​​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «​តាមរយៈ​ការ​ប្រមូល​ផ្តុំ​រូបថត​ និង​​ឯកសារ​សំណៅ​​ដើម​នានា​ទាំង​នោះ​ ភ្ញៀវ​នឹង​​​​មាន​ឱកាស​ក្នុង​​ការ​​សម្លឹង​មើល​ទៅ​ប្រវត្តិសាស្រ្ត​ និង​បច្ចុប្បន្នភាព​នៃ​ទំនាក់ទំនង​របស់​ប្រទេស​​ទាំង ​២ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​​​ពី​សក្តានុពល​ និង​មិត្តភាព​។ ហើយ​ការ​​បង្ហាញ​រូបថត និង​​ឯកសារ​ដែល​ភាគ​​​​ច្រើន​​​អ្នក​អាច​ឃើញ​បាន​មក​ពី​បណ្ណសារដ្ឋាន​នៃ​ការិយាល័យ​ប្រធានាធិបតី​ឆែក​ បណ្ណសារដ្ឋាន​នៃ​ក្រសួង​​ការ​បរទេស​ឆែក និង​ពី​ទិន្នន័យ​​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ឆែក។ ​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​នេះ ត្រូវ​បាន​​ផ្តល់​​​​ជូន​ជា​ឧទាហរណ៍​​ជាក់​ស្តែង​បង្ហាញ​ពី​កិច្ច​​​​សហប្រតិបត្តិការ​នៃ​​អ្នក​​​ជំនាញ​ការ​នៃ​​ប្រទេស​ទាំង ​២ ភ្លាមៗ​ បន្ទាប់​ពី​មាន​ការ​​ដួល​រលំ​នៃ​របប​ខ្មែរ​​ក្រហម​​ក្រោយ​ឆ្នាំ ​១៩៧៩​ ដែល​គេ​ហៅ​ថា​ «ឆ្នាំ​សូន្យ​»​ នៅ​​ក្នុង​ប្រទេស ​​កម្ពុជា​។ ជនជាតិ​ឆែក​ម្នាក់​ រស់នៅ​សព្វ​ថ្ងៃ​ ដែល​ជា​អ្នក​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​​ឧស្សាហកម្ម​​​ព្រៃ​ឈើ​ បាន​ផ្តល់​ជូន​នូវ​សំណុំ​ឯកសារ​​សំណៅ​ដើម​ និង​រូបថត​ផ្ទាល់​ខ្លួន​របស់​គាត់​ដែល​មួយ​ចំនួន​ស្តីពី​​រាជធានី​​ភ្នំពេញ និង​​​​​ប្រទេស​ ​កម្ពុជា ​នា​សម័យ​​​​កាល​​នោះ​»។

សាធារណរដ្ឋ​ឆែក​ ដែល​ជា​អ្នក​ស្នង​តំណែង​ពី​អតីត​ប្រទេស ​ឆេកូស្លូវ៉ាគី បាន​រក្សា​ទំនាក់ទំនង​ការ​ទូត​ជាមួយ​នឹង​​ប្រទេស​ ​កម្ពុជា មក​ទល់​នឹង​ឆ្នាំ ​២០១៩​ នេះ​​គឺ​មាន​រយៈពេល ៦៣ ឆ្នាំ​មក​ហើយ ខណៈ​ប្រជាជន​ឆែកក៏​នៅ​តែ​ជា​ដៃគូ​​ដ៏​រឹងមាំ​របស់​ព្រះរាជាណាចក្រ​​​​កម្ពុជា​ដដែល​។

លោក​ វ្ល៉ាទីមីល តេសារ​ ភារធារី​ទទួល​បន្ទុក​កិច្ចការ​ស្ថានទូត​សាធារណរដ្ឋ​ឆែក ​នៅ​កម្ពុជា បាន​បន្ថែម​​​ថា​៖ «ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ និង​ប្រទេស​ គឺ​ផ្អែក​លើ​ការ​ទុក​ចិត្ត​ទាំង​សង​ខាង​ ការ​ជឿ​ជាក់​លើ​ការ​​ទុក​​ចិត្ត​ គឺ​ជា​ខ្លឹមសារ​សំខាន់​សម្រាប់​មិត្តភាព​។​ ការ​តាំង​ពិព័រណ៍​នេះ​អាច​ឲ្យ​​​អ្នក​ ទស្សនា​ មើល​ឃើញ​ទៅ​ដល់​អតីតកាល​ ដែល​ជា​ចំណេះដឹង​ល្អ​ និង​​​​សំខាន់​។ ​ទោះជា​​យ៉ាង​​​ណា អតីតកាល​គឺ​គ្រាន់​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នៃ​អនាគត​រួម​របស់​ប្រទេស​​​​ទាំង​ ​២»៕