ភ្នំពេញៈ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ ស្ថានទូតប្រទេសថៃប្រចាំនៅប្រទេសកម្ពុជា បានប្រគល់រង្វាន់ជយលាភី និងរង្វាន់លើកទឹកចិត្តនៃការប្រកួតរូប សម្រាប់ឱកាសអបអរសាទរនៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងរបស់ប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមប្រធានបទ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ»។
បើតាមសេចក្តីប្រកាសព័ត៌មាន នាពេលប្រគល់រង្វាន់ដល់អ្នកថតរូបទាំង ៥ រូប នៅស្ថានទូតប្រទេសថៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ « ការប្រកួតរូបថតនេះ ធ្វើឡើងក្នុងមានគោលបំណងពង្រីក និងពង្រឹងការយល់ដឹងពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និងថៃ ដោយផ្តើមលើកម្រិតប្រជាជនតាមរយៈការបើកការទទួលរូបថតពីសាធារណជនទាំង ២ ប្រទេស ដែលបានបញ្ជាក់ពីអត្ថន័យ និងទស្សនៈគំនិតចំពោះចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ ដែលបានលេចចេញឡើងជារូបភាពគួរឲ្យចាប់អារម្មណ៍ និងភាពច្នៃប្រឌិត តាមរយៈភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការរួមគ្នា ភាពស្រដៀងគ្នានៃវប្បធម៌ និងរបៀបនៃការរស់នៅ ការផ្លាស់ប្តូរក្នុងវិស័យផ្សេងៗ ដូចជាការធ្វើជំនួញ ការធ្វើដំណើរទៅមកជាដើម»។
ការប្រកួតរូបថតនេះ បានទទួលពាក្យតាំងពីថ្ងៃទី ៣ ខែកុម្ភៈ និងឈប់ទទួលពាក្យនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ ខណៈការប្រគល់រង្វាន់ជយលាភី បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី ២៩ ឧសភា ឆ្នាំ ២០២០ នេះ ខណៈមានគណៈកម្មការដែលរួមមានតំណាងពីខាងស្ថានទូតរួមទាំងសាស្ដ្រាចារ្យ ឆាំនិ ថិបមុណី ដែលជាអ្នកជំនាញថៃ និងសាស្ដ្រាចារ្យពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាអ្នកជំនាញខ្មែរ បានធ្វើការសម្រេចដាក់ពិន្ទុលើរូបថត ដែលធ្វើឲ្យមានការបង្កើតកម្មវិធីប្រគល់រង្វាន់ក្នុងថ្ងៃនេះឡើង។
លទ្ធផលកម្មវិធីប្រកួតរូបថត ក្នុងឱកាសពិធីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ក្រោមប្រធានបទ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» នេះបានរកឃើញ ជយលាភី ៣ រូបគឺលេខ ១ លេខ ២ និងលេខ ៣ ហើយក៏មានរង្វាន់ប្រជាប្រិយ ២ រូប គឺលេខ ១ និងលេខ ២។
ចំពោះរង្វាន់លេខ ១ ទទួលបានទឹកប្រាក់ ១ ០០០ ដុល្លារ លេខ ២ បានទឹកប្រាក់ ៥០០ ដុល្លារ និងលេខ ៣ បានទឹកប្រាក់ ២៥០ ដុល្លារ ហើយអ្នកថតរូបទទួលបានរង្វាន់ប្រជាប្រិយភាព នឹងទទួលបានសំបុត្រយន្តហោះទៅមកពីទីក្រុងភ្នំពេញ-ទីក្រុងបាងកក ១ រង្វាន់ (ស្មើនឹង ២ សន្លឹក) ខណៈជយលាភីទាំងអស់ក៏ទទួលបានវិញ្ញាបនបត្រស្នាដៃពីស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ម្នាក់ ១ សន្លឹក ផងដែរ៕