ភ្នំពេញៈ ក្រោយ​ល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​លោក វ៉ាន់ គិមវ៉ាង បាន​ទម្លាយ​ពី​ឧបសគ្គ​ជាច្រើន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​ផលិត​ជា​កត្តា​ធ្វើឲ្យ​លោក​ស៊ូ​ដើរ​លើ​វិថី​ខ្លួន​ទីពឹង​ខ្លួន​ដោយ​មិន​ទទួល​ការសុំ​វិនិយោគ​ឡើយ​។

កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​ស្ថាបនិក​មីល្ពៅ​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ថា​៖ «​មីល្ពៅ​ខ្មែរ​បាត់ដំបង​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំ​សូម​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ទទួល​វិនិយោគ​ពី​ខាង​ណា​ដែរ​។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ទោះ​លំបាក​យ៉ាង​ណា​ក៏ដោយ​»​។

រំឭក​ពី​ដំណើរ​ផ្លូវ​ដ៏លំបាក​មុន​នឹង​រំលេច​រូបរាង​ផលិតផល​របស់​ខ្លួន ស្ថាបនិក​មី​ល្ពៅ​ខ្មែរ​លោក វ៉ាន់ គិមវ៉ាង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា​៖ «​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​បង្កើត​មីល្ពៅ​នេះ​គឺ​មកពី​មាន​ព្រឹតិ្តការណ៍​មួយ​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០១៥ គឺ​កសិករ​យើង​ដាំ​ល្ពៅ​ដើម្បី​លក់​ឲ្យ​ថៃ​រៀងរាល់​ខែ ប៉ុន្តែ​ស្រាប់​តែ​នៅក្នុង​ខែ​មួយ ថៃ​ឃើញ​ល្ពៅ​យើង​ច្រើន គេ​ទម្លាក់​តម្លៃ​ល្ពៅ​ខ្មែរ ហើយ​ពេល​នោះ​កសិករ​យើង​ខឹង​ក៏​បាន​យក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ហើយ​នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​អាណិត​កសិករ​យើង ដែល​ខិតខំ​ដាំ​ល្ពៅ​ហើយ តែ​បែរ​ជា​មិន​មាន​តម្លៃ​ទៅវិញ​»​។

ក្នុង​បំណង​ជួយ​កសិករ​ដាំ​ល្ពៅ យុវជន​រូប​នេះ​បាន​ដាក់​គម្រោង​ការស្រាវជ្រាវ និង​ច្នៃ​ផលិតផល​ចេញ​ពី​ផ្លែ​ល្ពៅ​។ រហូត​ដល់​ពេល​លោក​បាន​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​ ២ ​ផ្នែក​វិទ្យាសាស្ត្រ​​ចំណីអាហារ​ក៏​ត្រូវ​បាន​លោកគ្រូ​ម្នាក់​​ជួយ​បង្ហាញ​ផ្លូវ និង​ជំរុញ​ឲ្យ​ធ្វើ​មី​ពី​ផ្លែ​ល្ពៅ​ពី​នេះ​ឡើង​។

អតីត​និស្សិត​វិទ្យាសាស្ត្រ​ចំណី​អាហារ​នេះ​បាន​រំឭក​ថា​៖ «​កាល​នៅ​រៀន​សាកល ព្រោះ​តែ​ចិត្ត​ស្រឡាញ់ ហើយ​ចង់​សិក្សា​ធ្វើ​មី​ហ្នឹង​គឺ​ខ្ញុំ​ដេក​នៅ​សាកល​រហូត ។ ខ្ញុំ​ខំប្រឹង​ធ្វើ​មី​ហ្នឹង​ដាច់​យប់ ហើយ​ជួនកាល​ទល់​ភ្លឺ​ក៏​មាន ។ ពេល​ណា​គេង​អ៊ីចឹង​ទៅ ស្រាប់តែ​ក្រោក​កណ្តាល​យប់ ពេលខ្លះ​ក្រោក​មក​មាន​អ្វី​ពិសេស ឬ​ជា​គំនិត​ថ្មី​អ៊ីចឹង​ខ្ញុំ​កត់​ទុក ហើយ​យក​វា​ទៅ​បន្ថែម​ក្នុង​ការផលិត​ហ្នឹង​»​។

មីល្ពៅ​នេះ​ក៏​ជា​សារណា​បញ្ចប់​ការសិក្សា​របស់​លោក​នៅ​ឆ្នាំ​ ២០១៧ ផង​ដែរ ប៉ុន្តែ​កាល​នោះ​លោក វ៉ាន់ គិមវ៉ាង បាន​សម្រេច​ជោគជ័យ​តែ​ប្រមាណ ៧០ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ការធ្វើ​មី​ឲ្យ​ចេញ​ជា​រូបរាង​។

លោក​ក៏​បាន​ទៅ​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​មួយ​កន្លែង​នៅ​​រាជធានី​ភ្នំពេញ​ក្នុង​បំណង​ក្រេប​យក​​ចំណេះដឹង​ពី​ការផលិត​អាហារ​មាន​គុណភាព និង​សុវត្ថិភាព​។

យុវជន​វ័យ​ ២៦ ​ឆ្នាំ​រូបនេះ​រៀបរាប់​ទៀត​ថា​៖ «​ពេល​នោះ​អាច​និយាយ​បាន​ថា ខ្ញុំ​លួច​រៀន​ពី​ក្រុមហ៊ុន​របស់​គេ​គឺ​ខ្ញុំ​ឃើញ​ថា គេ​មាន​ការគ្រប់គ្រង និង​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​ចំណី​អាហារ និង​ការ​វេចខ្ចប់​ល្អ វា​ល្អ​សម្រាប់​ការធ្វើ​មី​»​។

បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល ៦ ខែ និង​ទទួល​បាន​បទពិសោធ​ល្មម​គ្រប់គ្រាន់ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ខេត្ត​បាត់ដំបង​វិញ ដោយ​ចូលរួម​ធ្វើ​ការងារ​សង្គម​នាពេល​ថ្ងៃ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ធ្វើ​មី​នេះ​នា​​ពេលយប់​។ ​រហូត​ដល់​ចុង​ឆ្នាំ ២០១៨ លោក​សម្រេច​ចិត្ត​ឈប់​ធ្វើការ ហើយ​ងាក​មក​សម្រុក​ធ្វើ​មីល្ពៅ ដែល​រំលេច​រូបរាង​ពេញ​លេញ​នៅ​ចុង​ខែ​មករា ឆ្នាំ ២០១៩ នេះ ៕