ក្រុង​សៀមរាប៖ ដោយសារ​ធ្លាប់​ឆ្លង​កាត់​ជា​ក្មេង​កំព្រា​កាល​​ពី​វ័យ ១៣ ឆ្នាំ និង​បាន​ខិតខំ​រៀន​​​សូត្រ​ជំនាញ​សិល្បៈ​ស្ទើរ​​គ្រប់​ទម្រង់​ច្រើន​ឆ្នាំ​មក​នោះ ក៏​ជំរុញ​ទឹក​ចិត្ត​លោក សួន សុភា ហៅ​លោក​​ ណាំ​ ជា​ប្រធាន​សមាគម និង​ស្ថាបនិក​​សមាគម​​​សិល្បៈ​​វប្បធម៌​ខ្មែរ​អង្គរ ដែល​​​មាន​សមាជិក​​​គាំទ្រ​រួម​គ្នា​មាន​​ចំនួន​ជាង ១០ នាក់ ចាប់​ផ្តើម​​​ដំណើរ​ការ​ទទួល​សិស្ស​ជា​កុមារ​​​ក្រីក្រ និង​កំព្រា​ ឲ្យ​បាន​ចូល​រៀន​​ជំនាញ​សិល្បៈ​ទៅ​​តាម​​ចំណូល​​ចិត្ត​ពួក​គេ​ ដោយ​ឥត​គិត​ថ្លៃ​តែ​ម្តង​។

លោក ណាំ​ ​ដែល​បច្ចុប្បន្ន​​មាន​វ័យ ៣៩ ឆ្នាំ ធ្លាប់​ជា​កូន​កំព្រា​កាល​មាន​វ័យ ​១៣ ឆ្នាំ​ ខណៈ​ខ្លួន​ជា​អ្នក​​​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប និង​ធ្លាប់​ទទួល​បន្ទុក​រក​ស៊ី​ចិញ្ចឹម​ប្អូន​ ៥ ​នាក់ ​​តាំង​កេ្មង​ដែរ​នោះ ឥឡូវ​បាន​ដើរ​មក​ដល់​ចំណុច​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​​ជួយ​សង្គម​បើក​​​​សមាគម​មួយ​បង្រៀន​ជំនាញ​សិល្បៈ​ខ្មែរ​ដល់​កូន​ខ្មែរ​ដែល​ចង់​​​រៀន​សិល្បៈ និង​ទទួល​ចិញ្ចឹម​កុមារ​កំព្រា​​ឲ្យ​ស្នាក់នៅ​ទីកន្លែង​រៀន​​សិល្បៈ​ទៀត​ផង​ដែរ និង​ចាប់​ផ្តើម​ទទួល​សិស្ស ​កាល​ពី​ថ្ងៃទី ​៣ ខែ ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​មក​​នេះ​ហើយ​ផង​ដែរ​។

សិល្បករ ៣៩ ឆ្នាំ ដែល​ចេះ​ច្រើន​ទម្រង់​នៃ​សិល្បៈ​ប្រពៃណី​ខ្មែរ​មាន​ល្ខោន សម្តែង សៀក ​និង​របាំ​ ហើយ​ក៏​​ធ្លាប់​ជា​អ្នក​គ្រប់គ្រង​មហោស្រព​អាណាចក្រ​​អង្គរ ​លោក សួន សុភា ហៅ​លោក​​ ណាំ​ ​បង្ហើប​ឲ្យ​ដឹង​ពី​ការ​បើក​បង្រៀន​នូវ​ជំនាញ​​សិល្បៈ​​ឥត​គិត​ថ្លៃ​ទៅ​ដល់​កុមារ​ក្រីក្រ និង​កំព្រា​របស់​ខ្មែរ​​នៅ​ខេត្ត​​​សៀមរាប​​​ថា៖ «​​​​ជំនាញ​​សិល្បៈ​​​​ចម្រុះ​រួម​មាន​ ​របាំ​បុរាណ របាំ​​​ប្រពៃណី​ខ្មែរ​ ​ក្បាច់​គុន​ល្បុក្កតោ ហាត់​សៀក ជំនាញ​​​តន្រ្តី​សម័យ​ សិល្បៈ​ស្ទូឌីយោ និង​​​មិច​ភ្លេង ធ្វើ​ភេ្លង សរសេរ​អក្សរ​​​ភ្លេង និង​តន្ត្រី​បុរាណ​​ សិល្បៈ​គំនូរ និង​សិល្បៈ​សូន​រូប ការ​​​​និពន្ធ និង​ដឹកនាំ​រឿង ​ថត​​​​ភាពយន្ត​ខ្នាត​តូច​ និង​ខ្នាត​ធំ​ស្ប៉ត​​​ពាណិជ្ជកម្ម​ ជំនាញ​ថតរូប​ កាត់​​ត​វីដេអូ ​ចម្រៀង សម្តែង​កុន​ និង​បង្ហាញ​​ម៉ូដ ល្ខោន​ខោល ល្ខោន​បាសាក់ ល្ខោន​​ស្បែក និង​យីកេ ចម្រៀង​អាយ៉ៃ និង​​​ចាប៉ី​ដង​វែង ច្នៃ​ម៉ូដ​សម្លៀក​​បំពាក់។​ ​

លោក សួន​ សុភា ហៅ ណាំ​ ពេល​រៀបចំ​ទី​កន្លែង​ហាត់​សិល្បៈ​ដល់​កុមារក្រី​ក្រ និង​កំព្រា​។ រូបថត សហ​ការី

ពេល​ចប់​យើង​ខ្ញុំ ​នឹង​​ផ្តល់​​​ឱកាស​​ការងារ​​សិល្បៈ​ និង​​​ចេញ​សម្តែង​​ក្រៅ​​ប្រទេស​​ ថត​កុន​​នៅ​តាម​​ស្ថានីយ​ទូរទស្សន៍​នានា ​និង​​ថត​ស្ប៉ត​​​ពាណិជ្ជកម្ម​ដើម្បី​បណ្តុះ​​ឲ្យ​កូន​ខ្មែរ​ជំនាន់​​ក្រោយ យល់​ដឹង និង​ស្រឡាញ់​ថែ​រក្សា​វប្បធម៌​ពី​ដូន​តា គ្រប់​ទម្រង់។ ចំពោះ​ទីតាំង​ស្ថិត​នៅ​ខាង​​ជើង​ផ្សារ​​បុរី​ប្រិមប្រិយ​ក្នុង​ខេត្ត​សៀមរាប​ខាង​ជើង​វត្ត​ថ្មី​ប្រហែល ​២០០ ម៉ែត្រ។

នេះ​គឺ​ជា​ការ​ផ្តល់​នូវ​ឱកាស​ពិសេស សម្រាប់​ពុក​ម៉ែ​បង​ប្អូន​គ្រប់​វ័យ​ដែល​មាន​ចិត្ត​ចង់​ហាត់​រៀន​សិល្បៈ​ ​និង​ចូលរួម​លើក​ស្ទួយ​​វប្បធម៌​ខ្មែរ​​ មិន​ថា​បុត្រ​ធីតា​តូចៗ​ ​​ក៏​អាច​មក​ហាត់​រៀន​​បាន​ដូចគ្នា សម្រាប់​ជា​ថ្នាល​បណ្តុះបណ្តាល​​ក្មេង​​​កំព្រា​គ្មាន​​ទី​ពឹង ​អាច​មក​ស្នាក់នៅ​បាន​​ផង​ដែរ​ ដែល​អាច​ទាក់ទង​​តាម​លេខ 092 87 97 28៕