ក្រុងសានហ្វ្រានស៊ីស្កូ៖ ក្រុម​អ្នកការពារ​កុមារ​ទូទាំង​ពិភពលោក​បាន​នាំគ្នា​ទទូច​ទៅ​ដល់​ស្ថាបនិក​ហ្វេសប៊ុក លោក ម៉ាក ហ្សាកឃើប៊ើក (Mark Zuckerberg) កាលពី​សប្ដាហ៍​មុន ឱ្យ​បញ្ឈប់​ផែនការ​ដំណើរការ​ប្រភេទ​អ៊ីនស្ដាក្រាម​សម្រាប់​ក្មេង។

យុទ្ធនាការ​សម្រាប់​កុមារ​គ្មាន​ទាក់ទង​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ព័ត៌មាន​ឯកជនភាព​អេឡិចត្រូនិក ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុម និង​បុគ្គល​ជិត ១០០ មកពី​តំបន់​អាមេរិក​ខាងជើង អឺរ៉ុប អាហ្វ្រិក និង​អូស្ដ្រាលី បំណង​ដាក់​លិខិត​ដល់​លោក ហ្សាកឃើប៊ើក។

លិខិត​នោះ​បាន​សរសេរ​ថា៖ «អ៊ីនស្ដាក្រាម​ធ្វើឱ្យ​ក្មេងៗ​ងប់ងុល និង​ចងសម្ព័ន្ធភាព​ផ្ដេសផ្ដាស។ វា​ផ្ដោតលើ​រូបរាង ការបង្ហាញ​អត្ដសញ្ញាណ និង​អាច​លាតត្រដាង​ពី​បុគ្គលភាព​របស់​ក្មេង​ជំទង់ ក៏ដូចជា​ភាព​មាន​បាន​របស់​ពួកគេ​ផងដែរ។ វា​អាចជា​កង្វល់​លើ​បញ្ហា​ក្រុម​ប្រមាញ់ក្មេងៗ ការប្រមាថ​មាក់ងាយ និង​មាតិកា​មិន​សមរម្យ​មួយចំនួន​ទៀត»។

អ៊ីនស្ដាក្រាម​ត្រៀម​ដាក់​ដំណើរការ​បណ្ដាញ​សង្គម​ដោយ​លើ​រូបភាព​ថ្មី​សម្រាប់​កុមារ​អាយុ​ក្រោម ១៣ ឆ្នាំ​ដោយ​មាន​ការគ្រប់គ្រង​ពី​អាណាព្យាបាល។

អ៊ីនស្ដាក្រាម ដែល​ជា​ឧបសម្ព័ន្ធ​របស់​ហ្វេសប៊ុក មិន​ខុសគ្នា​នោះ​ទេ បាន​អនុញ្ញាត​ឱ្យ​ក្មេង​លើស​អាយុ ១៣ ឆ្នាំ​ចូលរួម​លេង តែ​ការដាក់​អាយុ​លើ​អ៊ីនធឺណិត​ពិបាក​នឹង​តាម​ទាន់​ល្បិច​អ្នក​ល្មើស​ណាស់។

ស្ដ្រី​អ្នកនាំពាក្យ​ហ្វេសប៊ុក អ្នកស្រី ស្តេហ្វានី អ៊ុតវ៉េ បាន​ឆ្លើយតប​សំណួរ​របស់ AFP ថា៖ «ភាពជាក់ស្ដែង​គឺថា កុមារ​សុទ្ធតែ​បាន​ប្រើប្រាស់​អ៊ីនធឺណិត»។

អ៊ីនស្ដាក្រាម​ត្រៀម​ដាក់​ដំណើរការ​បណ្ដាញ​សង្គម​ដោយ​លើ​រូបភាព​ថ្មី​សម្រាប់​កុមារ​អាយុ​ក្រោម ១៣ ឆ្នាំ ដោយ​មាន​ការគ្រប់គ្រង​ពី​អាណាព្យាបាល។ AFP

អ្នកស្រី​បន្ថែម​ថា៖ «ពួកគេ​ចង់​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជា​មួយក្រុម​គ្រួសារ និង​មិត្ដភក្ដិ លេង​សប្បាយ និង​រៀន​ពីនេះ​ពី​នោះ ហើយ​យើង​ចង់​ជួយ​ពួកគេ​ឱ្យ​សម្រេច​បំណង​ប្រកប​ដោយ​សុវត្ថិភាព និង​សមស្រប​តាម​វ័យ»។

យោង​តាម​អ្នកស្រី អ៊ុតវ៉េ បានឱ្យ​ដឹងថា ហ្វេសប៊ុក​កំពុង​ធ្វើការ​ជាមួយ​ក្រុម​ជំនាញ​អភិវឌ្ឍន៍​កុមារ និង​សុខភាព​ផ្លូវ​ចិត្ដ​ដើម្បី​ផ្ដល់​អាទិភាព​លើ​សុវត្ថិភាព និង​ឯកជន​ភាព។

អ៊ីនស្ដាក្រាម ដែល​មាន​អ្នកប្រើប្រាស់​ជាង ១ ពាន់​លាន​នាក់​ថ្មីៗ​នេះ បាន​បង្ហាញ​បច្ចេកវិទ្យា​ថ្មី បំណង​ទប់ស្កាត់​កុមារ​ក្រោម​អាយុ​កំណត់​បង្កើត​គណនី និង​ប្លុក​មនុស្ស​ពេញវ័យ​មិនឱ្យ​ទាក់ទង​អ្នកប្រើប្រាស់ក្មេងៗ ដែល​មិន​ស្គាល់គ្នា។

ក្រុមហ៊ុន​ក៏មាន​បំណង​ធ្វើឱ្យ​មាន​ការលំបាក​ចំពោះ​មនុស្ស​ពេញវ័យ ដែល​ទំនងជា​បានបង្ហាញ​ចរិត​មិន​សមរម្យ​ក្នុង​ការទាក់ទង​ក្មេងៗ​ផងដែរ។ ក្រុម​អ្នកការពារ​កុមារ នៅ​មិនទាន់​ច្បាស់​ចំពោះ​បណ្ដាញ​សង្គម​ដែល​មាន​គោលដៅ​លើ​កុមារ​នេះ​នៅ​ឡើយ​ទេ។

លិខិត​របស់​ពួកគេ​បានឱ្យ​ដឹងថា៖ «កំណត់ត្រា​តាមដាន​ការកេងប្រវ័ញ្ច​លើ​កុមារ​របស់​ហ្វេសប៊ុក និង​ធ្វើឱ្យ​ពួកគេ​ប្រឈម​ហានិភ័យ​ធ្វើឱ្យ​ក្រុមហ៊ុន​មិន​ស័ក្ដិ​សមជា​អ្នកគ្រប់គ្រង​ការចែករំលែក​រូបភាព និង​សារ​សង្គម​សម្រាប់​កុមារ​ឡើយ។ សរុបមក បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​សម្រាប់​កុមារ​នឹង​ផ្ដោតលើ​កុមារតូចៗ​ដែល​អាច​ងាយ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ហើយ​ក៏​នឹង​ផ្ដល់​អត្ថប្រយោជន៍​តិចតួច​ក្រុមគ្រួសារ​ផងដែរ»៕ HR