ភ្នំពេញ៖​ ក្រោយ​ពី​បង្កើត​​​ប្រព័ន្ធ​គ្រប់គ្រង​ពេទ្យ​ឌីជីថល​​គេ​ហៅ​​ថា «​ពេទ្យ​យើង​» ដែល​ផ្ដល់​​ភាព​ងាយ​ស្រួល​​​ពន្លឿន​ដំណើរការ និង​ផ្ដល់​ភាព​សុក្រឹត​ដល់​ប្រតិបត្តិការ​តាម​គ្លីនិក និង​មន្ទីរពេទ្យ​នានា​ ដែល​​បច្ចុប្បន្ន​មាន​​មន្ទីរពេទ្យ​​​រដ្ឋ និង​ឯកជន​សរុប​​​ចំនួន​ ១២០ ​ក្នុង​រាជធានី​ភ្នំពេញ និង​​ ១២ ខេត្ត​​បាន​ប្រើ​​វា​ ខណៈ​ក្នុង​​ពេល​ឆាប់​ៗ​នេះ​​ក្រុមហ៊ុន​​ហ្វឺស​វីម៉ិន​ថេក​អេស៊ា (First ​Womentech Asia Co.,LTD) ​នឹង​បើក​សម្ពោធ​​ជា​​​​ផ្លូវ​ការ​​​នូវ​​​កម្មវិធី​គ្រប់គ្រង និង​តាមដាន​សុខភាព​​របស់​​អ្នក​​​ជំងឺ​គឺ​​​ប្រភេទ​ e-Health Yoeung​ Card និង​ប្រភេទ​ e-Health Yoeung​ App នៅ​មន្ទីរពេទ្យ​អង្គឌួង​។

បើ​តាម​លោក ប៊ិន សុជាតិ ជា​​ទីប្រឹក្សា​គ្រប់គ្រង​អាជីវកម្ម ​និង​​​អ្នក​នាំពាក្យ​នៃ​​ក្រុមហ៊ុន ​First Womentech Asia Co.,LTD (FWTA) បាន​​​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​​ថា៖ «​ក្រោយ​​​ពី​កម្មវិធី​ «​ពេទ្យ​​យើង​» ​ជោគជ័យ​មក យើង​ក៏​បាន​ចំណាយ​ពេល​ជាង ១ ឆ្នាំ ក្នុង​ការ​រិះរក​ និង​ច្នៃ​​ជា​កម្មវិធី​ថ្មី​ ដែល​ពាក់ព័ន្ធ​នឹង​​តម្រូវ​ការ​ចាំបាច់​បន្ត​ទៀត គឺ​​ជា​​ប្រយោជន៍​ខាង​សុខភាព​មាន​ឈ្មោះ​​ថា​​ e-Health Yoeung ដែល​​​យើង​ចាត់​ទុក​វា​ជា​ Super App មួយ ​​ដែល​ជួយ​សម្រួល​នៅ​​​ក្នុង​​វិស័យ​សុខាភិបាល​។ នៅ​​សប្តាហ៍​ទី២ ខែ ​មីនា ឆ្នាំ ​២០២០​ យើង​នឹង​បើក​​ជា​ផ្លូវ​ការ​​នូវ​កម្មវិធី​ e-Health Yoeung នៅ​ឯ​​មន្ទីរពេទ្យ​អង្គឌួង​។ សម្រាប់​ e-Health Yoeung នេះ​មាន​ជម្រើស​ ២ គឺ​​ទី១​​ ជា​ប្រភេទ​កាត​ពេទ្យ​​យើង ឬ e-Health Yoeung​ Card សម្រាប់​អ្នក​ជំងឺ​ជា​មនុស្ស​ចាស់ និង​​ក្មេងៗ ​​ដែល​មិន​​​អាច​ប្រើ​​​​ទូរស័ព្ទ​ស្មាតហ្វូន​ ដោយ​វា​នឹង​​អាច​រក្សា​ទុក​​​បាន​​រាល់​ប្រវត្តិ​​ជំងឺ​នានា​​របស់​ម្ចាស់​កាត​ និង​​ទី​២ គឺ​ជា​ e-Health Yoeung​ App ​​សម្រាប់​​អ្នក​ជំងឺ​​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​គឺ​អាច​​​​​ទាញ​យក ​App ឈ្មោះ​ថា​​ e-Health Yoeung​ App​ មក​​ប្រើ ដែល​វា​ក៏​មាន​​មុខងារ​​​ដូច​​ប្រភេទ​កាត​​​ដែរ​»។

​កម្ម​វិធី​ថ្មី​​ e-Health Yoeung App សម្រាប់តាមដានសុខភាពលើទូរស័ព្ទស្មាតហ្វូន​។ សហ​ការី

លោក ប៊ិន សុជាតិ បញ្ជាក់​​ពី​សារ​ប្រយោជន៍​​កម្មវិធី​ថ្មី​នេះ​បន្ត​​​ថា៖ «ទាំង​ e-Health Yoeung​ Card និង​ e-Health Yoeung​ App ​​ ដែល​បាន​បង្កើត​មក​នេះ មាន​មុខ​ងារ​ច្រើន​​អាច​ជួយ​សម្រួល​​​​​​ទាំង​​​គ្រូ​ពេទ្យ និង​អ្នក​ជំងឺ​គឺ​អាច​កត់ត្រា និង​​ប្រាប់​រាល់​ទិន្នន័យ​​ប្រវត្តិ​ជំងឺ​​ ​គ្រប់គ្រង និង​តាម​ដាន​​ពី​សុខភាព​​​​​អ្នក​ជំងឺ​​នៅ​​គ្រប់​​មន្ទីរ​​​ពេទ្យ ឬ​​​គ្លីនិក​ ដែល​ប្រើ​​ប្រព័ន្ធ «ពេទ្យ​យើង»។ វា​អាច​​ជួយ​​​ប្រាប់​នូវ​កាល​​​បរិច្ឆេទ​​នៃ​ការ​​ណាត់​ជួប​គ្នា​រវាង​គ្រូ​ពេទ្យ និង​​​​អ្នក​ជំងឺ​ អាច​បាន​​មុន​​​​ពេល​ណាត់​ជួប​​គ្នា​ចំនួន ​២-៣ ​ថ្ងៃ​ និង​អាច​ប្រាប់​​អំពី​របប​​អាហារ​នានា​ដល់​​​​អ្នក​ជំងឺ​​​ទៀត​ផង»។

បើ​តាម​លោក ប៊ិន សុជាតិ បង្ហើប​​ឲ្យ​ដឹង​ ពេល​បច្ចុប្បន្ន​នេះ មាន​​មន្ទីរពេទ្យ​ និង​គ្លីនិក​​ជាង ១២០ ទាំង​​ពេទ្យ​រដ្ឋ និង​ឯកជន​ ​នៅ​ក្នុង​​​​ភ្នំពេញ និង​ខេត្ត​​​ ​១២ ខេត្ត​ បាន​​ប្រើ​​ប្រព័ន្ធ​គ្រប់គ្រង​​ពេទ្យ​​​ឌីជីថល​​ហៅ​ថា «​ពេទ្យ​យើង​​» ដោយ​​​​ពេទ្យ​រដ្ឋ​ធំៗ​នោះ​​ រួម​មាន​មន្ទីរ​​ពេទ្យ​ព្រះអង្គឌួង ​​កុមារ​ជាតិ និង​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ ព្រះកុសមៈ ​និង​គ្លីនិក​ឯកជន​ធំៗ​មួយ​ចំនួន​​។​

លោក ប៊ិន សុជាតិ អ្នកនាំពាក្យ និង​អ្នក​ស្រី ប៉ុង លឹមសាន ​​ស្ថាបនិក​ក្រុម​ហ៊ុន​​ FWTA។ រូបថត សហ​ការី

ក្រៅ​ពី​អត្ថប្រយោជន៍​​​រក្សា​ទិន្នន័យ​​គ្រប់គ្រង​ និង​តាម​ដាន​​​សុខភាព​អ្នក​ជំងឺ​​នោះ ការ​ប្រើ​​ e-Health Yoeung​ ក៏​​​អាច​​​មាន​​មុខងារ​ជា​ភ្នាក់ងារ​ទូទាត់​ប្រាក់​​ចំណាយ ឬ​​​​ថ្លៃ​​​​ព្យាបាល​​​​នានា​​។​ ​លោក ប៊ិន សុជាតិ បញ្ជាក់​​ថា៖ «យើង​ក៏​បន្ថែម​មុខងារ​​​មួយ​ទៀត​​ដែរ​ទៅ​​លើ​​ e-Health Yoeung​ គឺ​​​អាច​ជួយ​​​​​សម្រួល​ក្នុង​ការ​ទូទាត់​លុយ​​កាក់​ថ្លៃ​ព្យាបាល​អ្នក​ជំងឺ​បាន​ ដូច​ជា​​ប្រើប្រាស់​កាត​ Master Card ឬ Visa Card ទូទាត់​ប្រាក់​​​ទិញ​ទំនិញ​អ៊ីចឹង​ដែរ»។​​

ទន្ទឹម​នឹង​​​ជោគជ័យ​លើ​ការ​​បង្កើត​​ e-Health Yoeung​ ដែល​​​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​ក្នុង​សប្តាហ៍​​ទី២ នៅ​ខែ​មីនា នេះ ក្រុម​ការងារ​​​​ក្រុមហ៊ុន​ (FWTA) ក៏​មាន​​​ឧបសគ្គ​​​មួយ​​ចំនួន​​​​​បាន​​ជួប និង​​ឧបសគ្គ​​​​នឹង​​ត្រូវ​​​ជួប​​​ពេល​ខាង​មុខ។

បណ្ណព័ត៌មានសុខភាព ឬ​ e-Health Yoeung Card​​។ រូបថត សហ​ការី

លោក ប៊ិន សុជាតិ ​លើក​ឡើង​​ថា​៖​ «​ក្រោយ​​​ពី​ចំណាយ​​ពេល​​ជាង ​​១​ ឆ្នាំ​មក​នេះ យើង​ក៏​​ជួប​​​ឧបសគ្គ​​មួយ​ចំនួន​ផង​ដែរ​​ ដូច​ជា​យើង​ត្រូវ​​រិះរក​​​បច្ចេកវិទ្យា​ណា​​ថ្មី​បំផុត​​ សម្រាប់​កសាង​ប្រព័ន្ធ​ App​ មាន​លក្ខណៈ​​​ទំនើប​ទាន់​សម័យ​ ហើយ​​​ត្រូវ​ប្រើ​ទៅ​មាន​សុពលភាព​យូរ​អាច​បាន​ ៥-១០ ​ឆ្នាំ​។ ចំណុច​មួយ​​ទៀត ការ​​​លើក​ទឹក​ចិត្ត​ពី​មជ្ឈដ្ឋាន​មហាជន ​ចំពោះ​​ទេពកោសល្យ​នៃ​អ្នក​​បង្កើត​ជា​ខ្មែរ មិន​សូវ​ត្រូវ​បាន​​គេ​ឲ្យ​តម្លៃ​ ឬ​យល់​ថា យើង​ជា​ខ្មែរ​អាច​ធ្វើ​​​បាន​​​​ទេ​​គឺ​ភាគ​ច្រើន​យល់​​ថា​​ មាន​​តែ​​​​បរ​ទេស​​​​​ប៉ុណ្ណោះ​ ទើប​អាច​​ធ្វើ​បាន​​ ខណៈ​​​​ការ​ពិត​ខ្មែរ​យើង​​ក៏​មាន​​ធនធាន​​ផ្នែក​នេះ​ ដូច​ជា​​​ក្រុមហ៊ុន​ FWTA ​របស់​ខ្ញុំ​​អ៊ីចឹង គឺ​សុទ្ធ​តែ​មាន​​បុគ្គលិក​​​ខ្មែរ​ ទាំង​អស់​គឺ​​​ជា​ក្រុម​​ការងារ​បង្កើត​​ប្រព័ន្ធ​បច្ចេកទេស​ផ្នែក​​ព័ត៌មានវិទ្យា​នេះ​ ដោយ​រួម​មាន​អ្នក​​ស្រី ប៉ុង លឹមសាន គឺ​ជា​អ្នក​​ផ្តួច​ផ្តើម​គំនិត​ដំបូង ​តាមរយៈ​​កម្មវិធី​ «ពេទ្យ​យើង» ជា​ដើម រហូត​មក​ដល់​​កម្មវិធី​​ថ្មី​ e-Health Yoeung​ Card​ ​និង​ e-Health Yoeung​ App ​​​ផង​ដែរ​។ ​​ចំណែក​ចំណុច​​ជា​ចុង​​ក្រោយ​ យើង​ត្រូវ​ខំ​ព្យាយាម​​ពន្យល់​ និង​ណែនាំ​ដល់​បងប្អូន​ខ្មែរ​យើង​ឲ្យ​​យល់ដឹង​ពី​ការ​ប្រើប្រាស់​​​បច្ចេកវិទ្យា​ថ្មីៗ​នេះ​​ដែរ​ ទើប​​យើង​​​​អ្នក​បង្កើត​មាន​ទីផ្សារ​ ឬ​បាន​ផល​ល្អ​ពី​ការ​ខំ​ប្រឹង​បង្កើត​»៕​​