ក្រុងសែនមនោរម្យ៖ ទោះបីពុំទាន់មានអ្នកជួយឧបត្ថម្ភ ក្នុងយុទ្ធនាការលើកស្ទួយបន្តរក្សានូវមរតកវប្បធម៌នៃជនជាតិភាគតិចព្នង នៅតំបន់ទឹកធ្លាក់ប៊ូស្រា ខេត្តមណ្ឌលគិរីនៅឡើយក្តីក៏ឆន្ទៈស្រឡាញ់សិល្បៈតន្រ្តី និងវប្បធម៌ក្រៅជាតិសាសន៍ខ្លួនរបស់តន្រ្តីករជាតិអូស្រ្តាលី និងជាសា្ថបនិកនៃក្រុម Cambodian Space Project លោក ជូលៀន ប៉ូលសុន នៅតែខិតខំបន្តឥតងាករេ ដើម្បីផលិតជាខ្សែវីដេអូខ្លីឈ្មោះ Echoes Across the Mountains ឲ្យបាននៅដំណាច់ឆ្នាំ ២០២០ នេះឬដើមឆ្នាំ ២០២១។
គម្រោងផលិតជាខ្សែវីដេអូបែបនិទានរឿងរ៉ាវស្តីពីវប្បធម៌ជនជាតិភាគតិចនេះ បង្កើតឡើងតន្រ្តីករអូស្រ្តាលី ជូលៀន ប៉ូលសុន ដែលលោកនឹងជួយរៀបចំដឹកនាំសម្តែង និងការថតផលិតជាវីដេអូឯកសារស្តីពីក្រុមតន្រ្តីប្រពៃណី និងវប្បធម៌របស់ជនជាតិភាគតិចព្នង មានមូលដ្ឋាននៅតំបន់រមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា នៃខេត្តមណ្ឌលគិរី។
លោក ជូលៀន ប៉ូលសុន (Julien Poulson) បានបង្ហើបថា៖ «ខ្សែវីដេអូឯកសារចងក្រងពីតន្រ្តី និងវប្បធម៌ របស់ជនជាតិភាគតិចព្នងនេះ ខ្ញុំបានគ្រោងតាំងពី ១០ ឆ្នាំមក តែទើបបានចាប់ធ្វើនៅដើមឆ្នាំ ២០២០ នេះ។ សម្រាប់ខ្ញុំ តាមរយៈវីដេអូនេះ វានឹងក្លាយជាមធ្យោបាយមួយអាចប្រាប់ពីគោលបំណងសំខាន់ៗរបស់បងប្អូនជនជាតិព្នង ដែលព្រួយបារម្ភពីអត្តសញ្ញាណនៃសិល្បៈ តន្រ្តី និងវប្បធម៌ខ្លួន ដែលកំពុងតែមានការផ្លាស់ប្តូរ និងស្ថិតក្នុងលក្ខណៈជិតបាត់បង់នូវអត្តសញ្ញាណដើមខ្លួន ទៅឲ្យពិភពលោកបានស្គាល់»។
លោកបន្តថា៖ «គេឆ្ងល់ច្រើនណាស់ចំពោះរឿងផលិតខ្សែវីដេអូស្តីពីវប្បធម៌ជនជាតិព្នងនេះ តាមរបៀបណា? ចម្លើយដ៏សាមញ្ញ គឺខ្ញុំឆ្លើយថា ខ្ញុំគ្រាន់តែដឹកនាំ និងជួយសម្របសម្រួលពួកគាត់ដោយរីករាយសប្បាយចិត្តនឹងធ្វើប៉ុណ្ណោះ។ ខណៈឯការរៀបរាប់ ឬនិយាយពីរឿងរ៉ាវនានានោះ គឺពួកគាត់ជាអ្នកសម្តែងទាំងអស់តាមរយៈការលេងឧបករណ៍តន្រ្តី និងចម្រៀងប្រពៃណីពួកគាត់។ ប្រសិនបើមានគ្រឿងឧបករណ៍គ្រប់គ្រាន់ ខ្ញុំរំពឹងថា គម្រោងផលិតអាចនឹងថតបញ្ចប់នៅចុងឆ្នាំ ២០២០ ឬអាចបន្តនៅត្រឹមខែមីនា ឆ្នាំ ២០២១។
មិនត្រឹមតែមានគម្រោងថតផលិតជាវីដេអូឯកសារនៃក្រុមតន្រ្តីប្រពៃណី និងវប្បធម៌របស់ជនជាតិភាគតិចព្នង នេះតែប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតផងដែរដូចជា កម្មវិធីសិល្បៈវប្បធម៌ និពន្ធ និងអាន (Readers & Writers Festival) កម្មវិធី Folk Art Blues Festival និងកម្មវិធី Cambodian Women of Song ដែលជាការសហការរួមគ្នារវាងសិល្បករ តន្រ្តីខ្មែរ និងបរទេសទៅតាមជំនាញសិល្បៈផ្សេងៗគ្នា។
លោក ជូលៀន ប៉ូលសុន ជាតន្រ្តីករជំនាញលេងហ្គីតា បានរៀនជំនាញផលិតកុននៅឯទីក្រុងមែនប៊ន នៃប្រទេស អូស្រ្តាលី ហើយស្នាដៃផលិតកុនខ្លីឈ្មោះថា Super-8 ស្តីពីតារាចម្រៀងស្រីខ្មែរម្នាក់ឈ្មោះ ពៅ វណ្ណរី ដែលជាកុនដំបូងលោកត្រូវបានចាក់បញ្ចាំងនៅឯទីក្រុងកែនន៍ ប្រទេស បារាំង កាលពីឆ្នាំ ២០១៨ កន្លងមក។
គួរបញ្ជាក់ផងដែរថា លោក ជូលៀន ប៉ូលសុន គឺជាតន្រ្តីករដែលកើត និងធំពេញវ័យនៅក្នុងរដ្ឋតាសមានៀ តំបន់ភាគខាងត្បូងនៃប្រទេស អូស្រ្តាលី និងជាអ្នកបរិស្ថាននិយមរូបនេះ ចូលចិត្តស្រាវជ្រាវពីប្រវត្តិសិល្បៈប្រជាប្រិយ និងតន្រ្តី ខណៈលោកក៏មានចំណូលចិត្តសិក្សាស្វែងយល់វប្បធម៌របស់ជនភាគតិច នៅក្នុងប្រទេស កម្ពុជា ផងដែរ៕