ភ្នំពេញ: ការ​ស្ទី​ម​ចំហាយ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ជួយ​ដល់​សុខភាព​ស្បែក និង​ផ្លូវ​ដង្ហើម។ អ្នក​ដែល​ចំណាយ​ពេល​ក្នុង​បន្ទប់​ស្ទីម នឹង​សម្គាល់​ពី​អត្ថ​ប្រយោជន៍​ចំពោះ​ស្បែក។ សំណើម​ជួយ​ស្បែក​មាន​ភាព​ស្រស់​ថ្លា ហើយ​កម្ដៅ​សំណើម​អាច​ជួយ​កាត់​បន្ថយ​អាការ​ផ្ដាសាយ និង​តឹង​ច្រមុះ ព្រម​ទាំង​ឈឺ​សាច់ដុំ និង​ស្ដ្រេស​ទៀត​ផង។

ប៉ុន្ដែ​ពេលនេះ មី​ស្ទ័​រ ស្ទី​ម បង្កើត​សេវាកម្ម​ស្ទី​ម​ទាំង​រថយន្ដ​កម្ចាត់​ភាពកខ្វក់​ផ្ទៃ​ខាងក្នុង និង​ខាង​ក្រៅ លើក​ស្ទួយ​ភាព​ស្រស់​បំព្រង​ដូច​ទើប​ទិញ​រថយន្ដ​ថ្មី​មក​ជិះ​ដំបូងៗ​អ៊ីចឹង។

លោក តាំង ប៊ុនថន អាយុ ៣៩ ឆ្នាំ ជា​ម្ចាស់​ហាង មី​ស្ទ័​រ ស្ទី​ម បាន​និយាយថា៖ «ខ្ញុំ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទំនើប ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជម្រះ​ធូលី និង​ស្នឹម ហើយ​ចំពោះ ការ​សម្អាត​បរិក្ខារ​ផ្ទៃក្នុង យើង​សម្អាត​ដោយ​មិន​ចាំបាច់​រុះរើ​កម្រាល​អ្វី​ទាំង​អស់»។

កំពុង​មមាញឹក​ក្នុង​ការបាញ់​ផ្សែង​ចំហាយ​ក្នុង​បរិវេណ​រថយន្ដ​លោក ប៊ុនថន បាន​បន្ដថា វា​មាន​អត្ថ​ប្រយោជន៍ ដែល​កម្រាល​កម្ញី​ប្រឡាក់​សារធាតុ​មិន​ល្អ​និង​ជាប់​ក្លិន​ផ្ដុះ​ផ្អួរ​ដោយ​មិន​ធ្វើ​ឲ្យ​បរិក្ខារ​សើម​ទឹក ដូចជា​ការ​បោក​ពូក​ជាមួយ​ទឹក ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​ហាល​មិន​ស្ងួត​ពេល​ដាក់​ចូល​វិញ មាន​ក្លិន​ផ្អួរ​ផ្អាប់។

ខុសពី​ការបោក​ពូក​ដែល​ចំណាយពេល​រហូតដល់ ៣ ទៅ ៤ ថ្ងៃ ការ​ស្ទី​ម​ដោយ​ប្រើ​ចំហាយ​ទឹក​ត្រូវការ​ពេល​វេលា​ត្រឹម​តែ ៣ ម៉ោង​រួម​ទាំង​ការ​សម្អាត​ទាំង​ម៉ាស៊ីន និង​ផ្ទៃ​ក្នុង​ទោះ​ចំ​ថ្ងៃ​ភ្លៀង​ក៏ដោយ។

បច្ចេកទេស​ថ្មីអាច​​សម្អាត​ដោយ​មិនបាច់រុះរើ​រថយន្ត​​​។ ផា លីណា

ក្រៅពី​ការ​ស្ទី​ម​សម្អាត​ធូលី និង​ស្នឹម លោក​នៅមាន​ការប្រើប្រាស់​វិធីសាស្ដ្រ​អប់​រថយន្ដ តាមរយៈ​ម៉ាស៊ីន​សម្លាប់​បាក់តេរី និង​មេរោគ រួច​បន្សុទ្ធ​ជា​បរិស្ថាន​ស្អាត​ឡើង​វិញ។

ម្ចាស់​មី​ស្ទ័​រ ស្ទី​ម ដែល​ផ្ដល់​សេវាកម្ម​ស្ទី​ម​រថយន្ដ​ដំបូង​បំផុត​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា៖ «វា​ជា​ប្រភេទ​ផ្សែង​ហុយ​ដែល​បាញ់​ចូល​គ្រប់​រន្ធ​កន្លុក​កន្លៀត​ទៅ​សម្លាប់​បាក់តេរី និង​មេរោគ ដែល​តោង​ជាប់​ផ្នែក​ខាង​ក្នុង​រថយន្ដ»។

លោក ប៊ុនថន បាន​អះអាងថា ការ​ស្ទី​ម និង​អប់​រថយន្ដ គឺជា​ជម្រើស​សម្រាប់​ប្រភេទ​រថយន្ដ​គ្រួសារ ដោយ​មិន​ប្រើ​សារធាតុ​មេ ដែល​មិន​បារម្ភ​ពី​ការ​ពុក​ច្រែះ។

គួរ​បញ្ជាក់ថា សេវាកម្ម​ស្ទី​ម បូក​ប៉ូ​លា ៤ ប្រភេទ (ប៉ូ​លា​កាត់​ស្នាម​ឆ្កូត ប៉ូ​លា​ដំណាក់កាល​ទី ២ ប៉ូលា​បង្កើត​ពន្លឺ​រលោង និង​លាប​ប៉ូតាស្យូម) មាន​តម្លៃ​ចាប់​ពី ១១៩ ដុល្លារ ១៣៩ ដុល្លារ និង ១៤៩ ដុល្លារ ដោយ​អាស្រ័យ​ទៅ​តាម​ប្រភេទ​រថយន្ដ។

លោក​បាន​ប្រាប់ថា ពេល​រថយន្ដ​ត្រូវបាន​សម្អាត និង​កម្ចាត់​បាក់តេរី​ពី​បរិវេណ​ខាងក្នុង អ្នក​អង្គុយ​ក្នុង​រថយន្ដ​ទទួល​បាន​អារម្មណ៍​ផាសុកភាព និង​សុខភាព​ល្អ។

មី​ស្ទ័​រ ស្ទី​ម មាន​ទីតាំង​ជិត​វត្ត​ស្រះចក​លើផ្លូវ ៦៥ ចម្ងាយ ១០០ ម៉ែត្រ​ពី​ខ្លោងទ្វារវត្ត ឬ​ទូរស័ព្ទ ០១២ ៨៥៥ ០៩៨ និង ០៩៣ ៨៥៥ ០៩៨៕