ភ្នំពេញ: ឈុត​សម្លៀកបំពាក់​ប្រណីតៗ​លើ​កម្រាលព្រំ​ក្រហម​ដែល​គ្រង​ដោយ​តារា​ហូលីវូដ ផលិតករ​ល្បីៗ និង​ភ្ញៀវកិត្តិយស​ដ៏មាន​ឥទ្ធិពល​មកពី​ជុំវិញ​ពិភពលោក​នៅ​កម្មវិធី​មហោស្រព​ខ្សែភាពយន្ត​ទីក្រុង​កាន​ត្រូវ​បាន​ទស្សនាវដ្តី​ហ្វេសសិន​ដ៏ល្បី Vogue អូស្ត្រាលី​ជ្រើសរើស​យក​មក​បង្ហាញ​ដោយ​ផ្ដោតលើ​ភាពប្រណីត និង​ឡូយ​អស្ចារ្យ​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៩​។

អត្ថបទ​ភ្ជាប់​ដោយ​រូបភាព​ដែល​ចុះផ្សាយ​ដោយ Vogue អូស្ត្រាលី​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​ទស្សនាវដ្តី​នេះ​បាន​រំលេច​សំណេរ​ភ្ជាប់​នូវ​រូបភាព​តារា​ល្បីៗ និង​ភ្ញៀវកិត្តិយស ដោយ​សម្រាំង​យក​តែ​អ្នក​តែង​ខ្លួន​ប្រណីត​ស្អាត​ជាងគេ​លើ​កម្រាលព្រំ​ក្រហម (One of the most glamorous red carpets of the year)​។

ក្នុង​ចំណោម​រូបថត​ស្ត្រី​ស្លៀកពាក់​លេចធ្លោ​ជាងគេ​ទាំងនោះ​ក៏​មាន​វត្តមាន​ស្ត្រី​ខ្មែរ​ដំបូង​ដែល​មាន​វត្តមាន​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​គឺ​លោកស្រី យឹម ឆៃលីន ភរិយា​របស់​លោក ហ៊ុន ម៉ានី​។

ស្ទីល​តែង​កាយ​ដែល Vogue អូស្ត្រាលី​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​។

ឈរ​លើ​កម្រាលព្រំ​ក្រហម​ដែល​ហ៊ុមព័ទ្ធ​ដោយ​កាមេរ៉ា​គ្រប់​មុំ អ្នក​ម្ដាយកូន​ ៣ ​រូបនេះ​បាន​រំលេច​នូវ​ឈុត​រ៉ូបប៉ាក់ឌិន គ្រប​ដោយ​អាវ​រោម​សក្បុស​យ៉ាង​ប្រណីត​ពី Atelier Versace Couture Collection អម​ដោយ​អលង្ការ​ក្រវិល​រំយោល​ម៉ូដ​ទឹកធ្លាក់ និង​ម៉ូដ​សក់​វែក​ចំហៀង​បែប​ហ្វេសសិន​លំដាប់​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ទស្សនាវដ្ដី Vogue អូស្ត្រាលី​រំលេច​ក្នុង​បញ្ជី​នារី​តែង​កាយ​ប្រណីត​ស្អាត​បំផុត​ក្នុង​មហោស្រព​ក្រុង​កាន​ប្រចាំ​ឆ្នាំ​ ២០១៩​។

ចំណោម​អ្នក​តែង​កាយ​ស្រស់ស្អាត​ជាង​គេ​នោះ​ដែរ​ក៏​មាន​តារា​ហូលីវូដ នាង សេលេណា ហ្គោមេស ក្នុង​ឈុត​អាវ និង​សំពត់​ពណ៌​ស​ម៉ាក Louis Vuitton តារាសម្ដែង ជូលីយ៉ាណា ម័រ ស្លៀក​រ៉ូប​បៃតង Christian Dior តារាភាពយន្ត​អេស្ប៉ាញ ភេណាឡូផេ គ្រើសហ្ស៍ ក្នុង​ម៉ូដ​រ៉ូប​ពណ៌​ស-​ខ្មៅ​ពី Chanel តារាភាពយន្ត​កូនកាត់​អង់គ្លេស-ថៃ ឆុំភូ អារ៉ាយ៉ា តារា​ចិន ហ្គុង លី ជាដើម​។

វត្តមាន​របស់​លោកស្រី យឹម ឆៃលីន ជា​ស្ត្រី​ខ្មែរ​ចូលរួម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី​ ៧២ ដែល​ប្រព្រឹត្ត​ទៅ​ចំនួន ២ ​សប្ដាហ៍​ចាប់ពី​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា​បាន​ក្លាយ​ជា​ព័ត៌មាន​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​ដោយ​លោកស្រី​មាន​អ្នក follow រហូត​ដល់ 65.9K​។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក​អង្គការ អាហ្វីស៊ីប ដែល​មាន​លោកស្រី យឹម ឆៃលីន ជា​អគ្គរាជទូត​សុឆន្ទៈ​អស់​ជាង​ ១ ​ទសវត្សរ៍​នោះ​បាន​ឲ្យ​ដឹង​តាមរយៈ​សំណេរ​ក្នុង​ហ្វេសប៊ុក​ថា​៖ «​ការងារ​មនុស្សធម៌​របស់​លោកជំទាវ​ត្រូវ​បាន​ល្បី​ទូទាំង​ពិភពលោក​។ គាត់​គឺជា​អគ្គរាជទូត​សុឆន្ទៈ​របស់ Together1heart និង​អង្គការ Afesip Cambodia ជាង ១០ ​ឆ្នាំ​មក​នេះ​លោក​បាន​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជនរងគ្រោះ ហើយ​លោក​ក៏​ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​មហាពិធី​ពិភពលោក​នេះ​»​។

ស្ថាបនិក​អង្គការ​មើល​ថែទាំ​ក្មេង​កំព្រា និង​រងគ្រោះ​ពី​អំពើ​រំលោភ​សេពសន្ថវៈ​រូបនេះ​បាន​លើក​ឡើង​ទៀត​ថា​៖ «​មិនធម្មតា​ទេ ថ្ងៃ​នេះ​លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី បានបង្ហាញ​ភាពស្រស់ស្អាត​ជាមួយ​ឈុត​ក្រហម​ធ្វើ​ដំណើរ​លើ​កម្រាលព្រំ​យ៉ាង​ស្រស់ស្អាត​ប្រកប​ដោយ​ភាពជឿជាក់​នៅ​ទីក្រុង​កាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ពួង​សរសើរ​ពី​សម្រស់ និង​ភាព​មនុស្សធម៌​របស់​គាត់​មិន​ដាច់​ពី​មាត់​។ ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ នាង​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​។ គាត់​បាន​ធ្វើឲ្យ​ប្រជាជន ពិសេស​សម្រស់​នារី​ខ្មែរ​ល្បី​ពេញ​ពិភពលោក​។ អ្នកណា​ថា​ស្ត្រី​ខ្មែរ​អន់​? ស្អាត ឆ្លាត ចិត្តធម៌ ទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់​»៕