ក្រុងប៊ែរឡាំង៖ រុញរទេះក្នុងផ្សារទំនើប គីគី ម៉ាល់លីយ៉ូរ៉ា ស្រាប់តែផ្ទុះសំណើច ខណៈនាងរុញកាត់ប្អូនស្រីនៅសារមន្ទីរសែលហ្វ៊ីក្រុងកូឡូញ ជាទីដែលភ្ញៀវនិយាយថា ជាកន្លែងផ្ដល់ការកម្សាន្ដសម្រាប់បង្កើតសញ្ញាមេដៃ «likes» លើបណ្ដាញសង្គម។
ស្ដ្រីជាបុគ្គលិកផ្នែករដ្ឋបាលអាយុ ៣៨ ឆ្នាំរូបនេះ បានស្លៀកពាក់អាវយឺតខ្មៅ និងខោខូវប៊យ។ អ្នកស្រីនិយាយថា៖ «ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះខ្ញុំ គឺថា រូបភាពទាំងនោះជាការពិត ហើយភ្ញៀវអាចមើលឃើញខ្ញុំកំពុងតែរីករាយ»។
ជាមួយប៉ឺតប៉ោងស្ករកៅស៊ូពណ៌ផ្កាឈូក អាងបាល់ពន្លឺចម្រុះពណ៌ និងអាហារដ្ឋានតុបតែងស្រស់ឆើតឆាយដ៏គួរឲ្យទាក់ចិត្ដ ផ្ទៃក្រោយរូបភាពដែលត្រៀមរៀបចំទុកជាស្រេច សារមន្ទីរកំពូលស្ករគ្រាប់ (Supercandy Museum) គឺជាក្ដីសុបិនអ្នកនិយមអ៊ីនស្ដាក្រាម។
ប៉ុន្ដែស្ទូឌីយោបើកសម្ពោធ ៣ ខែនេះ ជារលកទំនោរពេញនិយមថ្មីរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលចូលចិត្ដថតរូបបង្អួតភ្នែកមិត្ដភក្ដិ ហើយបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមមិនអាចមិនសរសើរចំពោះការរៀបចំនេះបានឡើយ។
អ្នកស្រី ម៉ាល់លីយ៉ូរ៉ា បាននិយាយថា៖ «ពេលខ្ញុំឃើញទិដ្ឋភាពស្ទូឌីយោស្អាតៗទាំងនេះ ខ្ញុំគិតថា អូព្រះ! វាច្បាស់ជាត្រូវការពេលវេលារៀបចំច្រើនសម្បើមណាស់»។
គោលដៅបំពេញតម្រូវការអ្នកចូលចិត្ដសែលហ្វីជាច្រើន ដូចជានៅក្នុងទីក្រុងកូឡូញនេះ បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ដែលបានផ្ដល់ជម្រើសផ្ទៃក្រោយក្នុងរូបថតដ៏ច្រើនសន្ធឹក ដើម្បីទាក់ចិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត។
សារមន្ទីរកំពូលស្ករគ្រាប់ (Museum) បានវិលមកកាន់ទីក្រុងភាគខាងលិចប្រទេស អាល្លឺម៉ង់ មួយនេះរយៈពេល ១ ខែ ក្រោយពីការបើកដំបូងត្រឹមវេលាដ៏មានកំណត់ ៦ ខែ បានទាក់ទាញភ្ញៀវជាង ៤២ ០០០ នាក់ ភាគច្រើនជានារី ជាមួយតម្លៃសំបុត្រពេញ ៣២ ដុល្លារ។
ប៉ុន្ដែមិនមែនភ្ញៀវគ្រប់រូបស្ញប់ស្ញែងស្ទូឌីយោថតរូបយក្ស ដែលកំពុងតែអង្រួនពិភពបណ្ដាញសង្គមនោះទេ។ កំពុងតែជជែកជាមួយមិត្ដភក្ដិលើដងវិថីក្រុងកូឡូញដ៏មមាញឹក យុវសិស្ស អានណា ម៉ារៀ ស្រាប់តែដកខ្លួនចេញដោយគិតថា ការចំណាយប្រាក់ថតរូបស្ទូឌីយូសិប្បនិម្មិត គឺឥតប្រយោជន៍។
យុវតី វ័យ ១៧ ឆ្នាំ រូបនេះ បានឲ្យដឹងថា៖ «ក្លែងក្លាយសុទ្ធ។ ខ្ញុំសុខចិត្តថតទេសភាពពិតៗដ៏រស់រវើក។ បើខ្ញុំ និងពួកម៉ាកបង្ហោះពីកន្លែងដូចគ្នា តើវាមានន័យអ្វី?»៕ AFP/HR