ក្រុង​ហ្សាការតា៖ គំនូរ​ល្អាង​ថ្ម​នៅ​ឥណ្ឌូនេស៊ី​ ដែល​រំលេច​ទិដ្ឋភាព​ប្រមាញ់​សត្វ​កាល​ពី​បុរេ​ប្រវត្ដិ​ អាច​ជា​ស្នាដៃ​សិល្បៈ​ចាស់​បំផុត​ក្នុង​លោក​ដែល​បន្សល់​ទុក​តាំង​ពី​ជិត ៤៤ ០០០ ឆ្នាំ​មុន​ ដោយ​បាន​ឆ្ពោះ​ទៅ​កាន់​វប្បធម៌​សិល្បៈ​ជឿន​លឿន​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​។

ការ​ស្រាវជ្រាវ​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ពី​ការ​ប្រទះ​ឃើញ​កាល​ពី ២ ឆ្នាំ​មុន ​នៅ​ប្រជុំ​កោះ​​ស៊ូឡាវេស៊ី នូវ​គំនូរ​ទទឹង ​៤,៥ ម៉ែត្រ ដែល​រំលេច​រូប​សត្វ​ព្រៃ​ត្រូវ​បាន​ព្រាន​ពាក់​កណ្ដាល​មនុស្ស​ប្រដេញ​ដោយ​កាន់​អាវុធ​ដែល​ទំនង​ជា​លំពែង និង​ខ្សែ។

ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កំណត់​អាយុ​កាល ក្រុម​ការងារ​ជំនាញ​មក​ពី​សាកលវិទ្យាល័យ ​Griffith University ប្រទេស ​អូស្ដ្រាលី បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​អះអាង​ថា គំនូរ​ល្អាង​ភ្នំ​ថ្ម​កំបោរ​មាន​អាយុ​កាល​យ៉ាង​តិច ៤៣ ៩០០ ឆ្នាំ​ អំឡុង​យុគសម័យ​ថ្ម​រំលីង​ចុង​ក្រោយ ឬ Upper Paleolithic។

ក្រុម​ស្រាវជ្រាវ​បាន​និយាយ​ថា​៖ «ចំពោះ​ការ​សន្និដ្ឋាន​របស់​យើង ​ទិដ្ឋភាព​ប្រមាញ់​សត្វ​នេះ​ជា​កំណត់ត្រា​ដំណើរ​រឿង​បែប​រូបភាព​ចុង​ក្រោយ​បំផុត និង​ជា​ស្នាដៃ​សិល្បៈ​គំនូរ​មុន​ដំបូង​គេ​បំផុត​ក្នុង​លោក​»។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​​ពី​គំនូរ​សត្វ​នៅ​ក្នុង​ល្អាង​លើ​ប្រជុំ​កោះ​បូណេអូ ប្រទេស ​ឥណ្ឌូនេស៊ី ត្រូវ​បាន​កំណត់​អាយុ​កាល​យ៉ាង​តិច ៤ ម៉ឺន​ឆ្នាំ​ ។

រយៈពេល​ជា​ច្រើន​ឆ្នាំ សិល្បៈ​គំនូរ​ល្អាង​ ត្រូវ​បាន​គេ​ជឿ​ថា បាន​ផ្សារ​ភ្ជាប់​ពី​អឺរ៉ុប តែ​គំនូរ​ជា​ច្រើន​នៅ​ឥណ្ឌូនេស៊ី​ហាក់​មាន​លក្ខណៈ​ប្លែក​។

យ៉ាង​តិច​ ២៤២ ល្អាង ឬ​ជម្រក​​​រំលេច​នូវ​រូបភាព​នានា​ គ្រាន់​តែ​លើ​ដែន​កោះ​ស៊ូឡាវេស៊ី​តែ​មួយ​ ហើយ​កន្លែង​ថ្មី​ៗ​ត្រូវ​បាន​រក​ឃើញ​រៀងរាល់​ឆ្នាំ​៕ AFP/HR