ភ្នំពេញ៖ មហាជន​​មាន​ការ​ចាប់​អារម្មណ៍ និង​លាន់​មាត់​សរសើរ​ខ្លាំង​​ ខណៈ​​ឃើញ​រូប​ក្រុម​តារា​ចម្រៀង និង​តារា​​​​សម្តែង​​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​មក​​ពី​ផលិតកម្ម​ផ្សេងៗ​គ្នា ត្រូវ​​វិចិត្រករ ​​មាន​ទេពកោសល្យ​​តាំង​ពី​​កំណើត​ ​មិន​ធ្លាប់​ចូលរៀន​​សាលា​​​សិល្បៈ​សោះ​ បាន​ប្រើ​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ជា​ចំណូល​​​​ចិត្ត​ដែល​ជះ​ឥទ្ធិពល​​​ត​ពី​​ប៉ា​​របស់​លោក​​ហើយ​ដក​ពិសោធន៍​ដោយ​ខ្លួន​ឯង​លោក កែវ វិចិត្រ គូរ​រូប​​​យ៉ាង​ស្រស់​​ស្អាត​ និង​មាន​លក្ខណៈ​សឹង​តែ​ដូច​​​ទាំង​ស្រុង​ ដោយ​គ្រាន់​តែ​ប្រើ​បច្ចេកវិទ្យា​ទំនើប​​គូរ​រូប​​តាម​​កុំព្យូទ័រ​​​​។ ​

ក្រុម​​​តារា​ដែល​គេ​ឃើញ​គូរ​នោះ​រួម​មាន ​​អ្នកនាង មាស សុខសោភា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា ​កញ្ញា ប៉ាច គឹមមួយ លោក Step លោក ​ឆន សុវណ្ណារាជ លោក ងួន ចាន់ដេវីត កញ្ញា​ ទេព បូព្រឹក្ស លោក ដួង វីរៈសិទ្ធ​ កញ្ញា សុខ ពិសី លោក ម៉ា ច័ន្ទបញ្ញា កញ្ញា អ៊ីង​អ៊ីង កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង លោក ឆឹម សក្កដា និង​តារា​ប្រុស​ស្រី​ល្បីៗ​​ផ្សេង​​ទៀត​​ផង​ដែរ​។​

រូប​តារាចម្រៀង​ស្រី ពេជ្រ សោភា ដែល​ត្រូវ​បាន​វិចិត្រ​ករ​ កែវ វិចិត្រ​ គូរ​ ។សហការី

ក្រោយ​ពី​បាន​សម្រេច​ចិត្ត​​ឈប់​ធ្វើ​ការងារ​ឲ្យ​គេ​យក​ប្រាក់​ខែ​ជាង​ ១០ ឆ្នាំ​ ​ដោយ​​មាន​អារម្មណ៍​ចង់​ធ្វើ​​ការងារ​​ផ្ទាល់​​ខ្លួន​​នោះ​​ វិចិត្រករ​​គំនូរ​ឌីជីថល​កំលោះ​វ័យ​ ៣០ ឆ្នាំ លោក កែវ វិចិត្រ ​ប្រើ​ពេល​រៀន​តាម​វីដេអូ​​យូធូប​ សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង​​រយៈពេល​​ ៣​ ឆ្នាំ ចន្លោះ ឆ្នាំ ​២០​១៥-២០១៧​ និង​​ចាប់​​​ផ្តើម​​​​ការងារ​ជា​អ្នក​​គូរ​រូប​គំនូរ​ឌីជីថល​តាំង​ពី​ឆ្នាំ ​២០១៧ ​​រហូត​បច្ចុប្បន្ន ​ដោយ​លោក​បាន​គូរ​រូប​ក្រុម​តារា​​ចម្រៀង តារា​សម្តែង​ ទាំង​​ក្នុង​ប្រទេស​​ខ្មែរ និង​តារា​ក្រៅ​ស្រុក​។​​

លោក វិចិត្រ ក៏​​បង្ហើប​ឲ្យ​ដឹង​ហេតុផល​គូរ​រូប​ក្រុម​​តារា​ល្បី​ៗ​នោះ​​ថា៖ «​ដោយ​​​​​ពួក​គាត់​ ​គឺ​ជា​អ្នក​ល្បី​ក្នុង​សង្គម​សិល្បៈ​ ហើយ​ខ្ញុំ​យល់​ថា កាល​ណា​យើង​​​​គូរ​រូប​ពួក​គាត់​ទៅ​ ស្នាដៃ​របស់​ខ្ញុំ​នឹង​​ឆាប់​មាន​គេ​ស្គាល់​ច្រើន​​​តាមរយៈ​​រូប​​​ពួក​គាត់​ដែរ​។ ក្រុម​តារា​ចម្រៀង និង​​តារា​សម្តែង​ទាំង​អស់​នោះ ខ្ញុំ​​បាន​គូរ​រូប​ Free ​ជូន​ដល់​ពួក​គាត់​​​ ខណៈ​មួយ​ចំនួន​ខ្ញុំ​បាន​ជូន​ផ្ទាល់ និង​មួយ​ចំនួន​​មិន​បាន​ជូន​ផ្ទាល់​ដោយសារ​តែ​ខ្ញុំ​​គ្មាន​ពេល​​ទំនេរ​អាច​នាំ​យក​ទៅ​ជូន​ពួក​គាត់ ក៏​ព្រោះ​ជាប់​រវល់​គូរ​រូប​​​»។​

ជា​ទូទៅ ស្នាដៃ​គំនូរ​ឌីជីថល​របស់​លោក​ កែវ វិចិត្រ មាន​ច្រើន​សណ្ឋាន អាច​កុម្ម៉ង់​តាម​ចំណូល​ចិត្ត​ម្ចាស់​រូប​បាន​ ខណៈ​​មាន​ចំនួន ២០ ខ្នាត​ ដែល​តម្លៃ​ចន្លោះ​ពី​ ៥ ដុល្លារ រហូត​ដល់តម្លៃ​ ៣០ ដុល្លារ ចំពោះ​គំនូរ​ឌីជីថល តែ​ប្រើ​ពេល​វេលា​គូរ​វិញ​តិច​បំផុត ​១ ​ថ្ងៃ និង​ច្រើន​បំផុត​​ ៣ ​ថ្ងៃ សម្រាប់​ស្នាដៃ​​គំនូរ ​១ ​ផ្ទាំង​។​

លោក វិចិត្រ​ ​បញ្ជាក់​ថា៖ «សម្រាប់​គំនូរ​ឌីជីថល​ខ្ញុំ​​ គឺ​គិត​ជា​រូប​​មនុស្ស ដែល​​​​​កំណត់​យក​ថ្លៃ​សេវាកម្ម​​ គឺ​​គិត​ចំនួន​​​​មនុស្ស​តែ​ម្តង​ ដែល​​មាន​តម្លៃ​ចន្លោះ​ពី ៥ ដុល្លារ សម្រាប់​គំនូរ​ធម្មតា​​មាន​ពណ៌​ស​ខ្មៅ ដោយ​ត្រូវ​ចំណាយ​ពេល​តែ​ ១ ថ្ងៃ​ និង​តម្លៃ ៣០ ដុល្លារ​ ជា​​គំនូរ​មាន​ពណ៌​​ធម្មជាតិ​ចម្រុះ​​​​ ដោយ​​ចំណាយ​​ពេល​គូរ​ ​២-៣ ថ្ងៃ​​ ។ សម្រាប់​ ១ ​ខែ ខ្ញុំ​អាច​គូររូប​បាន​ចន្លោះ​ពី​ចំនួន ១០ ផ្ទាំង ទៅ​ ២០ ផ្ទាំង​​ គឺ​អាស្រ័យ​តាម​ប្រភេទ​គំនូរ​​»៕​