ភ្នំពេញ៖ បណ្តុំស្នាដៃគំនូរទោលចំនួន ១៥ ផ្ទាំង របស់វិចិត្រករជាវិចិត្រករ ដែលជានិសិ្សតពេទ្យលោក ហួរ សុបិន ធ្លាប់ឈ្នះការប្រកួតប្រជែងទេពកោសល្យគំនូរប្រចាំឆ្នាំ ២០១៨ កំពុងតែប្រមែប្រមូលស្នាដៃខ្លួនតាំងពីចាប់ផ្តើមបង្កើតមក និងបង្កើតថ្មី បានដាក់តាំងពិព័រណ៍នៅឯវិចិត្រសាល Khbach Gallery តាំងពីដើមខែធ្នូ ឆ្នាំ ២០១៩ និងបន្តរហូតដល់ដាច់ខែមករា ឆ្នាំ ២០២០។
ខណៈសព្វថ្ងៃខ្លួនជានិស្សិតកំពុងតែចាប់យកការសិក្សាជំនាញគិលានុបដ្ឋាកមែនក្តី តែទេពកោសល្យជាដុងពីកំណើតបូកផ្សំនឹងការធ្លាប់រៀនសិល្បៈវិចិត្រកម្មខ្លះ កាលនៅរៀនវិទ្យាល័យនោះ បន្តជំរុញទឹកចិត្តឲ្យលោក ហួរ សុបិន ចងក្រង និងប្រមែប្រមូលស្នាដៃសិល្បៈខ្លួន ត្រៀមរៀបចំដាក់តាំងពិព័រណ៍ទោលជាលើកដំបូងរបស់ខ្លួន ដែលមានលក្ខណៈជាស៊េរីសម្រាប់ឱកាសចុងឆ្នាំ ២០១៩ និងបន្តដល់ដើមឆ្នាំ ២០២០ តែម្តង។
ទោះបីជាមិនសូវមានពេលសម្រាប់បង្កើតស្នាដៃគំនូរច្រើនមែនក្តី ក៏លោក ហួរ សុបិន នៅតែអាចឆ្លៀតបង្កើតស្នាដៃគំនូរប្រេងយ៉ាងល្អស្អាត តាមគំនិតបែបស្រមើស្រមៃផ្ទាល់ខ្លួន ដោយឆ្លុះបញ្ចាំងពីទស្សនៈ ឬបង្កប់ន័យអប់រំផ្នែកណាមួយនៅក្នុងសង្គមដូចជាស្នាដៃចុងក្រោយខ្លះដូចជាស្នាដៃឈ្មោះថា «បើសិនជាអតីតកាលអាប់រស្មី អនាគតរបស់អ្នកនឹងស្រស់បំព្រង» ស្នាដៃឈ្មោះ «អ្នកការពារ» ស្នាដៃ «នាងទេពមច្ឆាដ៏រីករាយ» ស្នាដៃឈ្មោះ «ក្តីស្រមៃ» ស្នាដៃ «ស្នាមញញឹមរបស់ប្រជាជនកម្ពុជា» ស្នាដៃឈ្មោះ «បារម្ភ» ឈ្មោះ «ជីវិតកំពុងស្ថិតក្នុងពិភពបាត់បង់» ឈ្មោះ «ស្តេចដ៏អស្ចារ្យទាំងបីព្រះអង្គ» ឈ្មោះ «ពេលវេលា» ឈ្មោះ «មិនបោះបង់» និងស្នាដៃឈ្នះជយលាភីឆ្នាំ ២០១៨ មានឈ្មោះថា «ព្រះឆាយាល័ក្ខណ៍ព្រះនាងជ័យរាជទេវី»។
លោក ហួរ សុបិន ជានិស្សិតរៀនជំនាញគិលានុបដ្ឋាកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានវ័យ ២១ ឆ្នាំ មានស្រុកកំណើតនៅ ក្រុងសៀមរាប បង្ហើបពីគម្រោងរៀបចំការបើកពិព័រណ៍ទោលខ្លួនខាងមុខថា៖ «សម្រាប់គម្រោងពិព័រណ៍ទោលរបស់ខ្ញុំ នៅថ្ងៃខាងមុខនោះ គឺខ្ញុំមានគម្រោងប្រមូល និងបង្កើតស្នាដៃលក្ខណៈស៊េរី ហើយមានចំនួន ១៥ ផ្ទាំង ដើម្បីដាក់តាំងចុងឆ្នាំនេះ [ឆ្នាំ ២០១៩] តែម្តង។នេះជាការបើកតាំងពិព័រណ៍ស្នាដៃទោលដំបូងខ្ញុំ មានទាំងស្នាដៃចាស់ និងបង្កើតថ្មី»។
វិចិត្រករ ហួរ សុបិន ក៏បានពន្យល់អត្ថន័យខ្លះនៃស្នាដៃខ្លួនបន្តថា៖ «ដូចជាស្នាដៃគំនូរឈ្មោះ «នាងទេពមច្ឆាដ៏រីករាយ» ស្តីពីមច្ឆាដ៏ស្រស់ស្អាតបំផុតក្នុងមហាសមុទ្រហើយនាងក៏ទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីមនុស្សគ្រប់គ្នា។ ស្នាមញញឹមនាងមានតម្លៃសម្រាប់មនុស្សគ្រប់គ្នា ហើយក្តីស្រឡាញ់នាងគឺភ្លឺជាងព្រះអាទិត្យ។ ខ្ញុំប្រើពណ៌ក្រហម តំណាងឲ្យក្តីស្រឡាញ់នាងដែលភ្លឺដូចជាព្រះអាទិត្យ ខណៈពណ៌ខៀវតំណាងឲ្យក្តីសប្បុរសដែលត្រជាក់ដូចជាមហាសមុទ្រ និងពណ៌បៃតង តំណាងឲ្យជីវិតត្រូវការពន្លឺ និងទឹកដើម្បីរស់នៅ។
រីឯស្នាដៃស្តីពី «ក្តីស្រមៃ» និយាយពីការស្រមៃរបស់នារីរបាំម្នាក់ ដែលចង់ក្លាយជាអ្នករបាំដ៏ជោគជ័យ និងល្បីល្បាញម្នាក់ ដើម្បីអភិរក្សក៏ដូចថែរក្សាវប្បធម៌អរិយធម៌ពីដូនតា និងអ្វីដែលនាងស្រឡាញ់យូរមកហើយ។ មិនយូរប៉ុន្មាន នាងក៏ក្លាយជានារីរបាំដ៏ល្បីម្នាក់ កេរ្តិ៍ឈ្មោះនាងល្បីសុសសាយដូចជាមេអំបៅហើរបានខ្ពស់ នៅគ្រប់ទីកន្លែង គឺជាវប្បធម៌ អរិយធម៌ ដែលស្រឡាញ់ និងថែរក្សាឲ្យបានយូរយារហើយ និងបានសាយភាយដល់ពិភពលោក ធ្វើឲ្យមនុស្សម្នាបានស្គាល់ប្រទេសនេះ កាន់តែច្បាស់ និងឆាប់រហ័សលូតលាស់ ដូចជាផ្កាឈូកដ៏កម្រមួយ»។
លោក ហួរ សុបិន ដែលមានបងប្អូនបង្កើត ៤ នាក់ គឺសុទ្ធតែប្រុសនៅក្នុងគ្រួសារ មានជីវភាពមិនសូវធូរធារទេ ខណៈខ្លួនក៏មានបងប្រុសចេះជំនាញវិចិត្រកម្មនេះដែរ តែគាត់មិនបានចាប់យកធ្វើជាអាជីពចិញ្ចឹមជីវិត ហើយសម្រាប់លោកជំនាញសិល្បៈគំនូរ និងពេទ្យគឺស្រឡាញ់ដូចគ្នា ទើបជាហេតុមិនអាចឲ្យលោកបោះចោលចំណែកណាមួយបាននោះឡើយ។
លោកបានបង្ហើបឲ្យដឹងពីតម្លៃស្នាដៃគំនូរមួយចំនួន ដែលកំពុងតែដាក់តាំងនោះថា៖ «ចំណោមស្នាដៃទាំង ១៥ ផ្ទាំងនោះ គឺភាគច្រើននឹងត្រូវដាក់លក់ ដោយខ្ញុំនឹងធ្វើការផ្សព្វផ្សាយបន្ថែមនៅដើមខែមករា ឆ្នាំ ២០២០ នេះ។ សម្រាប់តម្លៃវិញ គឺមានចន្លោះពី ១ ផ្ទាំង ៣០០ ដុល្លារ រហូតដល់ ១ ផ្ទាំង តម្លៃ ៣ ០០០ ដុល្លារ»៕