ភ្នំពេញៈ ប្រសិនបើ​ក្រឡេក​ទៅក្រោយ​ប្រមាណ ១០ ឆ្នាំ​មុននេះ ទៅ​មើល​ពីអ្វី​ជា​ទីផ្សារ​របស់​ក្រុម​វិចិត្រករ ដែល​ចាប់​រៀន​ចំណេះ​ជំនាញ​វិចិត្រ​កម្ម​នោះ ឃើញ​ថា​មាន​ភាព​យ៉ាប់យ៉ឺន​ខ្លាំង សឹង​តែ​លែង​មាន​មនុស្ស​ជំនាន់​ក្រោយ​មក​ក្រេប​ជញ្ជក់​រៀន​ទៀត​ក៏​ព្រោះ​កង្វះ​ការ​លើក​ទឹក​ចិត្ត និង​ឲ្យ​តម្លៃ។

ដោយសារតែ​ក្តី​ស្រឡាញ់​នឹង​ជំនាញ​វិចិត្រកម្ម​ប្រកបដោយ​ការតស៊ូ និង​ក្តី​អំណត់​ខ្លាំង​ពី​សំណាក់​វិចិត្រករ​វ័យ ៣៥ ឆ្នាំ ណាក់ ណាង មិន​អង្រួន​ចិត្ត​ឲ្យ​ចុះ​ញ៉ម​ដាក់​ជក់​ចោល​ពី​ពិភព​គំនូរ​នោះ​ឡើយ ទើប​រយៈពេល ៣-៤ ឆ្នាំ​ចុង​ក្រោយ​នេះ​បណ្តុំ​ស្នាដៃ​គំនូរ 3D ដូចជា​រូប​គំនូរ​បន្លែ ផ្លែឈើ សត្វ​ក្ងោក សត្វ​ត្រី ក្រុម​កង​យោធា មនុស្ស​អវកាស ជា​ដើម​នោះ បាន​និង​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ម្ចាស់​ហាង​ទាំង​តូច​ទាំង​ធំ​ក្នុង​គោល​បំណង​រក​វិធី​សាស្ត្រ​តុប​តែង​លម្អ​ហាង​ខ្លួន​ឲ្យ​ស្រស់​ស្អាត​ដោយ​ស្នាដៃ​គំនូរ។

វិចិត្រករ​បានបញ្ចប់​ការសិក្សា​វិចិត្រកម្ម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​តាំងពី​ឆ្នាំ ២០០៨ មាន​ស្រុក​កំណើត​មក​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ជា​បង​ប្រុស​ទី ២ របស់​តារា​សម្តែង និង​ពិធី​ការិនី​រូប​ស្រស់​សោភា រាង​ស្រលូន ប្រចាំ​នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កញ្ញា ណាក់ ស្រីណា នោះ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ពី​ភាព​កាក់​កប​លើ​ទីផ្សារ​នៃ​គំនូរ 3D របស់​លោក​នៅ​តាម​ហាង​នានា​ក្នុង​ទីក្រុង​ភ្នំពេញផងដែរ។

លោកថ្លែង​​ថា៖ «សម្រាប់​រូប​ខ្ញុំ ចំពោះ​ការ​បង្កើត​ស្នាដៃ​គំនូរ​មិន​ប្រកាន់​នោះ​ទេ ឲ្យ​តែ​អតិថិជន​គាត់​ពេញ​ចិត្ត ប្រភេទ​គំនូរ​អ្វី ក៏​ទទួល​គួរ​ជូន​បាន​ទាំង​អស់។ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រភេទ​គំនូរ 3D ហាក់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ម្ចាស់​អាហា​រដ្ឋាន​នានា​នៅ​ក្រុង​ភ្នំពេញ​យើង។ គំនូរ 3D ទាំង​នេះ​ពេញ​និយម​នៅ​តាម​ហាង​ស៊ុប​ចង្កាក់ ហាង​មីហឹរ និង​ហាង​កាហ្វេ​ជាដើម ខណៈ​រូប​ខ្ញុំ​ទទួល​ផ្តាច់​មុខ​ខាង​គំនូរ 3D នៅ​ហាង​ស៊ុប​ចង្កាក់ ដោយ​បាន​គូរ​ឲ្យ​ជាង ៤០ ហាង​រួច​មក​ហើយ។ ឯ​ហាង​មីហឹរ​វិញ ក៏បាន​គូរ​ជាង ១០ ហាង ហើយ ដូចជា​តាម​ហាង​កាហ្វេ​ដែរ»។

គំនូរ​ 3D ក្រុម​កុម្ម៉ង់ដូ​យោធា​ តាម​ហាង​ស៊ុបចង្កាក់​។ សហការី

វិចិត្រករ​វ័យ ៣៥ ឆ្នាំ​រូបនេះ ក៏​ប្រៀបធៀប​ពី​ការផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​របស់​អ្នកគាំទ្រ​លើ​ស្នាដៃ​គំនូរ​វិចិត្រករ​ដែរ​ថា៖ «នា​ប៉ុន្មាន​ប្រហែល​ជា ៣-៤ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​វិចិត្រករ​យើង​ហាក់​មាន​ទីផ្សារ​ល្អ​គ្រាន់​បើ​ជាង​កាល​ពី ១០ ឆ្នាំ​មុន ដោយសារ​ស្នាដៃ​យើង​ត្រូវ​បាន​បងប្អូន​ខ្មែរ​គាំទ្រ និង​ឲ្យ​តម្លៃ​ច្រើន ព្រោះ​តែ​មាន​ការ​យល់​ដឹង​ពី​តម្លៃ​នៃ​សិល្បៈ​គំនូរ​មួយ​នេះ ខណៈ​កាល​ពី​មុន​ដោយសារ​ពួក​គាត់​នៅ​ពុំទាន់​យល់​ពី​តម្លៃ​របស់​វា។ កាល​ណា​មាន​គេ​ឲ្យ​តម្លៃ​ច្រើន រាល់​ស្នាដៃ ដែល​វិចិត្រករ​ខិតខំ​គូរ​នោះ ក៏មាន​តម្លៃ​ទៅ​តាម​ទឹក​ដៃ​រៀងៗ​ខ្លួន និង​អាច​រក​ប្រាក់​ចំណូល​បាន​គួរសម ហើយ​ថែម​ទាំង​ជំរុញ​ឲ្យ​ក្រុម​វិចិត្រករ​នាំគ្នា​រិះរក​វិធីសាស្ត្រ​យ៉ាង​ណា​កែច្នៃ​បាន​ជា​គំនិត​ថ្មី​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ។ ចំពោះ​តម្លៃ​គំនូរ 3D នៅ​ឯ​តាម​ហាង​នានា នឹង​មាន​តម្លៃ​អាស្រ័យ​តាម​ទំហំ​តូច ឬ​ធំ និង​ប្រភេទ​បណ្តុំ​ទេសភាព ដែល​ម្ចាស់​ហាង​គាត់​ចង់​បាន។ ចំណែក​ពេល​វេលា​គូរ​វិញ សម្រាប់​ខ្ញុំ​ប្រសិន​បើ​គំនូរ ត្រូវ​បាន​ខ្ញុំ​ដឹង​ស្ថានភាព​នៃ​ការ​ចង់​បាន​ពី​ម្ចាស់​ហាង​ជា​មុន​ហើយ​នោះ លឿន​បំផុត​អាចចំណាយ​ពេល​គូរ​ត្រឹម​តែ ៣ ឬ ៤ ថ្ងៃ ខណៈ​ពេល​យូរ​បំផុត​ប្រើ​ពេល ១ សប្តាហ៍»។

ក្រៅពី​មាន​ភាព​មមាញឹក​ទៅនឹង​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្នុង​អាជីព​ជា​វិចិត្រករ​នោះ​លោក​ក៏​ឆ្លៀត​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​វិចិត្រ​កម្ម​នេះ​ទៅ​ឲ្យ​ក្រុម​កុមារ​កំព្រា​ឥត​គិត​ថ្លៃ នៅ​ឯ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​កំពង់ចាម​ផង​ដែរ។

លោក ណាក់ ណា​ង បន្ថែមថា៖ «រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខ្ញុំ​ទៅ​បង្រៀន​ក្មេងៗ​ដែល​កំព្រា​នៅ​បណ្ណាល័យ​មួយ​ក្នុង​វត្ត​ចន្ទ​មូលី នៅ​ឃុំ​ផ្អាវ មិន​គិត​ថ្លៃ​ទេ សម្រាប់​អ្នក​ចូលចិត្ត​និង​ស្រឡាញ់​ជំនាញ​នេះ ដើម្បី​ជួយ​ពួក​គាត់​មាន​ច្រើន​ក្រុម​គឺ មួយ​ក្រុម​មាន​គ្នា​ប្រហែល​ពី ២០ ទៅ ៣០ នាក់»៕