ក្រុង​សៀមរាប៖​ ជា​លើក​ដំបូង​សម្រាប់​វិចិត្រសាល​បាទ្យាសារេម​ ​​​​​​​នៅ​ខេត្ត​សៀមរាប ​ត្រូវ​​​​បាន​ដាក់​តាំង​បង្ហាញ​​ពិព័រណ៍​ស្នាដៃ​រូបថត​របស់​សិល្បករ​​ ១០ រូប មាន​ទាំង​សិល្បករ​​​​​ជើង​ចាស់​​ល្បីៗ និង​វ័យ​ក្មេង​ ប្រារព្ធ​​កម្មវិធី​​មហោស្រព​​​​​រូបថត​​​ភ្នំពេញ​ឆ្នាំ ​២០១៩ ​​​​​​ នេះ ក្រោម​​ប្រធានបទ​ជុំវិញ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​នៃ​​អាកាសធាតុ​​​​។

បើ​តាម​សម្តី​​​​បង្ហើប​ពី​លោក សុវណ្ណ ភីឡុង ជា​នាយករង​នៃ​សមាគម​​រូបថត​ភ្នំពេញ​​​​ឲ្យ​​ដឹង​​​ថា៖ «​ចំណោម​សិល្បករ​មួយ​​ចំនួន​ធំ​ខាង​លើ ដែល​នឹង​យក​ស្នាដៃ​​ទៅ​តាំង​ពិព័រណ៍​នៅ​វិចិត្រសាល​បាទ្យាសារេម​ (Batia Sarem) ​ក្នុង​ខេត្ត​​​សៀមរាប​ ជាមួយ​​​រូបភាព​ផ្សេង​​ពី​គ្នា​ផង​ដែរ​ មាន​សិល្បករ​ កាក់​ សុខភីរម្យ លោក ឃុន វណ្ណៈ លោក លីម សុខចាន់​លីណា លោក ម៉ក់ រ៉េមីស្សា កញ្ញា នាក់​ សុផល លោក ផា លីណា ខ្ញុំ ​(ភីឡុង) លោក ខ្វៃ សំណាង លោក ម៉ិច សេរីរ័ត្ន និង​លោក​ ទី ទិត្យ។​

ពិព័រណ៍​នេះ​ ​ត្រូវ​​រៀបចំ​ឡើង​ដោយ​​​​​ទទួល​បាន​​ការ​ជួយ​គាំទ្រ ​ពី​សហភាព​អឺរ៉ុប និង​ផ្ដោត​​លើ​ប្រធាន​​​​បទ​​ជុំវិញ​បញ្ហា​បរិស្ថាន និង​បម្រែ​បម្រួល​​​អាកាសធាតុ​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​​​នឹង​​រូបថត​ ដែល​​តាំង​​នៅ​លើ​ជញ្ជាំង​ប្រតិភូ​សហភាព​​អឺរ៉ុប។​ ខណៈ​​​​​ឆ្នាំ​នេះ​ជា​​លើក​ទី ១ ​​​របស់​មហោស្រព​រូបថត​ភ្នំពេញ​​​​ បើក​តាំង​ពិព័រណ៍​នៅ​​​​វិចិត្រសាល​បាទ្យាសារេម ​នៅ​សៀមរាប​ តាំង​​ពី​ថ្ងៃទី ២​ ខែវិច្ឆិកា ​មក ហើយ​​​បន្ត​ដល់​​ទី ​២៤ ខែ ​វិច្ឆិកា​ ឆ្នាំ ​​២០១៩»​​។​​

គួរ​​បញ្ជាក់​ថា មហោស្រព​​​​​រូបថត​​​ភ្នំពេញ​​​​​​ឆ្នាំ ​២០១៩ ​​​​​​នេះ​ បាន​រៀបចំ​​ដំណើរ​កម្សាន្ត​នៅ​តាម​រ៉ឺម៉ក​​កង់ ​៣ ​​សម្រាប់​​ភ្ញៀវ​មាន​​​​សិល្បករ​​អម​ដំណើរ​ស្វែងរក​ទី​កន្លែង​​​តាំង​ស្នាដៃ​នានា​ ខណៈ​​​​​ទីតាំង​ទាំង​ ១១ ​កន្លែង ដែល​ដាក់​​តាំង​បង្ហាញ​ឆ្នាំ​នេះ​​​​ មាន​​ដូចជា​​ជញ្ជាំង​ស្ថានទូត​​បារាំង វិទ្យាស្ថាន​បារាំង​នៅ​​កម្ពុជា តាម​ជញ្ជាំង​​នៃ​ប្រតិភូ​សហភាព​​​អឺរ៉ុប​ប្រចាំ​កម្ពុជា ​​វិទ្យាល័យ​​​​ព្រះ​ស៊ីសុវត្ថិ ​​អនុវិទ្យាល័យ​​ចតុមុខ​ កោះ​ពេជ្រ វិចិត្រ​​​សាល​ Java Creative Cafe វិចិត្រសាល​បណ្ណាគារ Independence Monument វិចិត្រសាល​ La Plantation វិចិត្រសាល​ Future Factory វិចិត្រសាល​​ស្រាអាត​ (Sra''Art Gallery)និង​វិចិត្រសាល​នៃ​​​មជ្ឈមណ្ឌល​​​បុប្ផាណា​ (Bophana Center)​ និង​​​​​​វិចិត្រសាល​​បាទ្យាសារេម ​(Batia ​Sarem)​ ​នៅ​ខេត្ត​សៀម​រាប។ ​

​ស្នាដៃរបស់​ លីម សុខចាន់​លីណា សម្រាប់​ប្រធាន​បទ «​បញ្ហាបរិស្ថាន និង​ការប្រែ​ប្រួល​អាកាសធាតុ»​។ រូបថត វិទ្យាស្ថាន​បារាំង​

លោក សុវណ្ណ ភីឡុង ​ក៏​បាន​បញ្ជាក់​​​​ថា៖ «​​​​មាន​សិល្បករ​អឺរ៉ុប​​ចំនួន ​១០ ​ប្រទេស ដែល​ធ្លាប់​បាន​​​តាំង​ពិព័រណ៍​មហោស្រព​រូបថត​ភ្នំពេញ​កន្លង​​​មក នឹង​​ផ្តល់​រូបថត​ម្នាក់ ១ផ្ទាំង ​ដែល​ឆ្លុះ​បញ្ចាំង​​​​​ពី​កង្វល់​ពួក​គេ​​​ជុំវិញ​បញ្ហា​​ប្រែប្រួល​​អាកាស​​​​​ធាតុ និង​បរិស្ថាន។ ក្នុង​​កិច្ច​សហ​ប្រតិបត្តិការ​ដដែល​នេះ យើង​មាន​គម្រោង​ថ្មី​​​ឈ្មោះ​ Intersection ​​ដោយ​តម្រូវ​ឲ្យ​​​សិល្បករ​ អឺរ៉ុប​​ ៥ រូប ​និង​​​សិល្បករ​ខ្មែរ​​ ៥ រូប​ ​ធ្វើ​​​​ការ​​​រួម​គ្នា​លើ​​ប្រធានបទ​មួយនេះ​។ ​​

ទស្សនៈ​ដូច​គ្នា​នេះ យើង​នឹង​ត្រឡប់​​ទៅ​វិទ្យាល័យ ​និង​អនុ​​វិទ្យាល័យ​ក្នុង​រាជធានី​​ភ្នំពេញ ដោយ​បាន​តាំង​ពិព័រណ៍​​រូបថត​​ពោរ​ពេញ ​​ទៅ​ដោយ​​ទឹកកក ​ដែល​មាន​​ភាព​ត្រជាក់​ប្រៀប​​​ដូច​ជា​​កំណាព្យ និង​​សួរ​​​ទៅ​លោក ហ្សាល ហ្សេឡូ (Charles Xelot) ​និង​​​លោកស្រី សេលីន ក្លាណេ (CelineClanet) ជុំវិញ​បញ្ហា​បរិស្ថាន។​ បាទ្យាសារេម​គឺ​ជា​វិចិត្រសាល​ថ្មី​មួយ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​​បង្កើត​ឡើង​ដោយ​​ម្ចាស់​វិចិត្រសាល​​បារាំង​ចំនួន​​ ២ រូប ​​ដើម្បី​រំឭក​ដល់​ស្នាដៃ សិល្បករ​សហសម័យ​ខ្មែរ​ជា​​ច្រើន។ ​អ្នក​ទាំង ២ ពេញ​ចិត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ឆ្លើយតប​តាម​សំណើ​របស់​សមាគម​រូបថត​ភ្នំពេញ​​ ដើម្បី​សហ​​​ការ​រៀបចំ​មហោស្រព​រូបថត​​ភ្នំពេញ​នៅ​​​ក្នុង​ឆ្នាំ​នេះ​»៕​​​