ក្រុង​​បាត់ដំបង៖ ក្រោយ​ពី​បញ្ចប់​ជំនាញ​សិល្បៈ​សូន​រូប​​នៅ​​សាលា​ហ្វារពន្លឺ​សិល្បៈ​មក​​ ក៏​ជំរុញ​ទឹក​ចិត្ត​វិចិត្រករ​វ័យ ៣០ ឆ្នាំ​ លោក កែវ សុបិណ្ឌ និង​លោក​ នៅ សុខបញ្ញា​ បាន​​សហការ​គ្នា​បង្កើត​នូវ​គំនិត​​​​ច្នៃ​ប្រឌិត​​ថ្មី​មួយ ដែល​​​​រំលេច​​គំនូរ​​ក្បូរ​​ក្បាច់​ចម្រុះ ​តាមរយៈ​ស្នាដៃ​កែវ​​ទឹក​ និង​​គោម​ភ្លើង​ កែច្នៃ​ពី​បំពង់​ឫស្សី។​​

លោក កែវ សុបិណ្ឌ​ ​មាន​​ស្រុក​​កំណើត​​ស្រុក​​បាណន់ ខេត្ត​បាត់ដំបង​ ​បង្កើត​ស្នាដៃ​ច្នៃ​ប្រឌិត​ថ្មី ​គឺ​​ជា​វិចិត្រកម្ម​សហសម័យ​ ដែល​​រចនា​ក្បាច់​ក្បូរ​គំនូរ​​ចម្រុះ​​លើ​បំពង់​ឫស្សី​ ជាមួយ​​នឹង​​មិត្ត​ភក្តិ​ម្នាក់​ទៀត ​គឺ​លោក នៅ សុខ​បញ្ញា ក៏​​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​​កម្មវិធី​​ពិព័រណ៍​ស្នាដៃ​ចម្រុះ មាន​ការ​​សម្តែង​​​​​របាំ​ សៀក បង្ហាញ​ម៉ូដ​ ​​​និង​ស្នា​ដៃ​សិល្បៈ​​​នានា​ ដែល​​​​​រៀបចំ​ឡើង​​លើក​ដំបូង ដោយ​​ក្រុម​​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ​ ​​​​ចំនួន ​២ ថ្ងៃ​ នៅ​​​លើ​កំណាត់​​​​ផ្លូវ ​២.៥​ ក្រុង​​បាត់ដំបង​ ខេត្ត​​បាត់ដំបង​​​នោះ កាល​ពី​ថ្ងៃទី​ ​២១-២២ ខែ​ធ្នូ ឆ្នាំ ​២០១៩ កន្លង​​​មក​​នោះ​ផង​ដែរ​​។​

វិចិត្រករ កែវ សុបិណ្ឌ​ បាន​បង្ហើប​​​ពី​ការ​​ច្នៃ​បំពង់​ឫស្សី​​ជា​វត្ថុ​សិល្បៈ​សហសម័យ​នេះ​​ ​នៅ​ក្នុង​​​គោល​បំណង​ ៣ យ៉ាង​​​​ថា៖ «​ទី​១ ​គឺ​ចង់​​ផ្សព្វផ្សាយ​​ពី​ការ​​កាត់​​បន្ថយ​​ប្រើប្រាស់​គ្រឿង​​ប្លាស្ទិក​​ ដូចជា​ការ​ប្រើ​​កែវ​ទឹក​ ពី​ប្លាស្ទិក​ជា​​ដើម ហើយ​នេះ​គឺ​ជា​ការ​កាត់​​​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​មក​រក​ការ​កែច្នៃ​​នូវ​​ឧបករណ៍​នានា​ពី​ធម្មជាតិ ដើម្បី​ឲ្យ​ជីវិត​​​រស់នៅ​ជាមួយ​បរិស្ថាន​ស្អាត​ទាំង​អស់​គ្នា​​។​ ទី​២​ ចង់​បង្ហាញ​​​ពី​គំនិត​កែច្នៃ​របស់​ធម្មជាតិ​ ដែល​អាច​ទាញ​យក​មក​ប្រើប្រាស់​​បាន​ឲ្យ​អស់​លទ្ធភាព​។ ខណៈ​នេះ​​គឺ​ជា​ការ​​ស្វែង​យល់​​ពី​ចំណុច​ល្អ​នៃ​​ទំនាក់​ទំនង​​ជីវិត​ជាមួយ​នឹង​​ធម្មជាតិ ដើម្បី​ធ្វើ​​ឲ្យ​បរិស្ថាន​ពិភព​លោក​មាន​​លំនឹង​​សម្រាប់​យើង​ទាំង​អស់​គ្នា។​​​ ចំណុច​ទី ​៣ គឺ​ចង់​​​បញ្ចូល​​​​នូវ​ស្នាដៃ​​​សិល្បៈ​ ដែល​​រំលេច​ជា​​ក្បាច់​ក្បូរ​​នានា​បែប​​​សហ​សម័យ​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សិល្បៈ​​បុរាណ និង​​ទំនើប​នោះ​»​។

វិចិត្រករ​ កែវ សុបិណ្ឌ និង​លោក បញ្ញា នឹក​ឃើញ​គំនិត​ច្នៃ​បំពង​់ឫស្សីជា​​សិល្បៈ​សហសម័យ​។ សហ​ការី

ការ​បង្កើត​​​ស្នាដៃ​សិល្បៈ​​សហសម័យ​ថ្មី​ ដោយ​ការ​ច្នៃ​បំពង់​ឫស្សី​​ជា​លើក​ដំបូង​នេះ វិចិត្រករ លោក កែវ សុបិណ្ឌ និង​លោក នៅ​​ សុខបញ្ញា គ្រាន់​តែ​​បង្កើត​ឡើង ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ច្នៃ​ប្រឌិត​​​​ខ្លួន​​ឲ្យ​មហាជន​បាន​​ស្គាល់ ជាមួយ​នឹង​គម្រោង​ស្នាដៃ​ច្នៃ​ ២ ​ប្រភេទ​​​ ​គឺ​​​កែវ​ទឹក​ និង​​​បំពង់​ភ្លើង​គោម​​ ច្នៃ​ពី​បំពង់​ឫស្សី ​ដែល​រំលេច​ជា​​​ក្បាច់​ក្បូរ​សិល្បៈ​ចម្រុះ​បែប​សហសម័យ​​តែ​ប៉ុណ្ណោះ​​។​

វិចិត្រករ​​​ កែវ សុបិណ្ឌ​ (Keo Sobinn)​ ​​​ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «​ដំបូង​​នេះ​ ខ្ញុំ និង​​បញ្ញា គ្រាន់​តែ ចង់​បង្កើត​ស្នាដៃ​ដើម្បី​ដាក់​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ស្គាល់​សិន ជាមួយ​នឹង​ការ​បង្កើត​​កែវ​ទឹក​ពី​​ឫស្សី​ និង​គោម​ភ្លើង​ពី​បំពង់​ឫស្សី ដោយ​យើង​សុទ្ធ​តែ​ប្រើ​ការ​រំលេច​ជា​ក្បាច់​ក្បូរ​​សិល្បៈ​​ចម្រុះ​បញ្ចូល​គ្នា​រវាង​សិល្បៈ​បុរាណ និង​ទំនើប​ ដែល​បច្ចុប្បន្ន យើង​និយម​ហៅ​ថា​សិល្បៈ​បែប​សហសម័យ​នោះ​ឯង​។​

ក្រោយ​ពី​ស្នាដៃ​យើង​ទទួល​​បាន​ការ​គាំទ្រ និង​ស្គាល់​ពី​តម្លៃ​នៃ​​​សិល្បៈ​កែ​ច្នៃ​មួយ​នេះ យើង​ក៏​មាន​គម្រោង​បង្កើត​វា​ជា​ការ​លក់​​​​ស្នាដៃ​វិចិត្រកម្ម​​ផង​​ដែរ​​ ដើម្បី​​​ទ្រទ្រង់​ជីវភាព​ និង​ខិតខំ​​ស្រាវជ្រាវ​លើ​ទម្រង់​សិល្បៈ​សហសម័យ​នៅ​លើ​បំពង់​ឫស្សី​នេះ​ ឲ្យ​មាន​លក្ខណៈ​សម្បូរ​បែប​​បន្ថែម​ទៀត​»៕