ក្រុងលនដ៍៖ ស្នាដៃសិល្បៈតូចច្រឡឹងនៅមុខហាងលក់ទំនិញនៅប្រទេសស៊ុយអែត បានទាក់ទាញមនុស្សម្នាលុតជង្គង់គយគន់ និងក្រាបទាញកាមេរ៉ាមកថតរូបសំណង់វត្ថុតូច ដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដោយក្រុមវិចិត្រករគ្មានស្រមោល Anonymouse។
ស្ថិតក្នុងចំណោមអ្នកខំប្រឹងក្រាបទស្សនាស្នាដៃសិល្បៈដ៏តូចគួរឲ្យស្រឡាញ់ កញ្ញាវ័យ ២៩ ឆ្នាំ Madeleine បានប្រាប់ AFP ថា «ខ្ញុំតាមរកមើលស្នាដៃតូចៗទាំងនេះ ដូចតាមរកកំណប់អ៊ីចឹង»។
ស្នាដៃសិល្បៈតូចៗលាក់ខ្លួនតាមដងវិថីនេះ ត្រូវបានគេប្រទះឃើញនៅមុខអគារស្នាក់នៅរបស់និស្សិត ភោជនីយដ្ឋាន និងទីកន្លែងសាមញ្ញៗឯទៀត។ មានទំហំប៉ុនរន្ធកណ្ដុរ ស្នាដៃសិល្បៈទាំងនោះខ្លះសណ្ឋានជាកូនហាងតន្ត្រី Ricotta Records ហាងលក់ឈីសប៉ុនមេដៃ និងសំណង់ខ្នាតតូចប្លែកៗជាច្រើនទៀតពោរពេញទៅដោយភាពលម្អិតផ្ចិតផ្ចង់។
ក្រុមសិល្បៈរំលេចស្នាដៃតូចៗទាំងនេះ បានធ្វើការរួមគ្នាអស់ ៤ ឆ្នាំ ដោយប្រើប្រាស់របស់កែច្នៃពីសំរាមទាំងអស់។
បុគ្គលិកស្ម័គ្រចិត្តធ្វើការងារសង្គមអាយុ ៦៤ ឆ្នាំ លោក Bengt ដែលផ្ដេកខ្លួនមើលកូនហាងទាំងនោះ បាននិយាយថា៖ «ពិភពលោកយើងធំពេកធ្វើឲ្យយើងចាប់អារម្មណ៍នឹងពិភពដ៏តូចវិញ»។
ក្រុមសិល្បករគ្មានស្រមោល Anonymouse បានរំលេចតាមកន្លុកកន្លៀតដងវិថីតាំងពីអង់គ្លេស បារាំង រហូតដល់ស៊ុយអែត ដោយ «រក្សាអត្តសញ្ញាណដ៏អាថ៌កំបាំង» សូម្បីតែសាលាក្រុងលនដ៍ ក៏ពុំដឹងថាត្រូវផ្ញើប្រាក់ឲ្យក្រុមសិល្បៈនេះតាមណាដែរ៕ AFP