ភ្នំពេញ: អង្គុយនៅហាងកាហ្វេមួយនៅក្នុងរបងសារមន្ទីរជាតិជាមួយទឹកមុខពោរពេញដោយភាពវិជ្ជមានលោក សែម វិសាល ផលិតករវ៉នឌើរហ្វីមគឺជាផលិតករខ្មែរដែលជឿជាក់លើទស្សនិកជនក្នុងស្រុកលោកបានអធិប្បាយប្រាប់ ភ្នំពេញប៉ុស្តិ៍ អំពីភាពយន្តថ្មីរបស់លោកគឺរឿង «ស្នូរជើងអ្នកណា?» ដែលនឹងចាក់បញ្ចាំងនៅបណ្ដារោងភាពយន្តនាថ្ងៃស្អែកនេះ។
ជារឿងបែបរន្ធត់លោកវិសាល បានសំងំផលិតរឿង ស្នូរជើងអ្នកណា? អស់រយៈពេល ២ ឆ្នាំមកហើយ រាប់តាំងពីថ្ងៃដំបូងដែលលោកទាញប៊ិកក្រដាសសរសេររឿងនេះមកម្ល៉េះ។
លោក វិសាល ជឿជាក់ថាទស្សនិកជនជាយុវវ័យពិតជាចាប់អារម្មណ៍លើរឿងនេះជាក់ជាមិនខាន ព្រោះវាជាអ្វីដែលកើតឡើង ក្នុងសង្គមរបស់ពួកគាត់ផ្ទាល់។
ទោះបីជាយ៉ាងណា យុវវ័យមិនមែនជាក្រុមគោលដៅរបស់លោកតែមួយនោះទេ លើសពីនេះ ទស្សនិកជនមជ្ឈិមវ័យដែលមានគ្រួសាររួចទៅហើយក៏អាចទទួលបានខ្លឹមសារដែលបង្កប់ក្នុងនោះផងដែរ។
ផលិតកររូបនេះបានលើកឡើងថា៖ «វាមិនមែនគ្រាន់តែជារឿងពញ្ញាក់ឲ្យយើងខ្លាចទៅឥតខ្លឹមសារនោះទេ សាច់រឿងរបស់យើង គឺផ្តោតចំពោះនារីម្នាក់ឈ្មោះ លីងលីង ដែលនាងព្រមផ្លាស់លំនៅទៅកាន់ផ្ទះថ្មី ជាមួយកូនអាយុ ៧ ឆ្នាំ និងស្វាមីជាវេជ្ជបណ្ឌិត បើទោះបីជាគាត់មិនជឿថា ផ្ទះថ្មីនោះនឹងអាចធ្វើឲ្យក្រុមគ្រួសាររបស់គាត់ អាចកសាងសុភមង្គលបានយ៉ាងណាក៏ដោយ»។
បើយើងបានមើលវីដេអូខ្លី នៃរឿង (Trailor) យើងនឹងឃើញថា គេហដ្ឋាន ដែលពួកគេបានរើទៅនោះមើលទៅចាស់ក្រែលល្មមឲ្យយើងសង្ស័យដូចតួអង្គ លីងលីង ដែរ។
លោក វិសាល បានបន្តថា៖ «លីងលីងបានព្យាយាមប្រាប់ស្វាមីគាត់ចំពោះរឿងរ៉ាវដែលកើតឡើងក្នុងផ្ទះ ប៉ុន្តែស្វាមីរបស់គាត់មិនព្រមដាក់ចិត្តស្វែងយល់លើអ្វីដែលពាក់ព័ន្ធនឹងអបិយជំនឿទាល់តែសោះ»។
ក្នុងរយៈពេល ៩០ នាទី ទស្សនិកជននឹងបានទៅដល់បន្ទប់ក្រោមដី ជាចម្លើយដែលពួកគាត់ត្រូវតែប្រឈមមុខនៅទីនោះបានលាក់ទុកនូវការចងចាំ និងសេចក្តីឈឺចាប់របស់មនុស្សស្រីម្នាក់។
គាត់បានបន្ថែមទៀតថា៖ «មនុស្សស្រីម្នាក់ ដែលខ្លាចខ្មោចណាស់បែរជាត្រូវកាន់ទឹកមន្ត និងយ័ន្តចូលទៅកាន់បន្ទប់ក្រោមដីដ៏គួរឲ្យព្រឺរោមតែម្នាក់ឯងគឺដើម្បីការពារមនុស្សជា ទីស្រឡាញ់ ហើយការជម្នះនេះយើងធ្លាប់បានឃើញជាប្រចាំនិងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គមយើង»។
នៅពេលសួរថា ហេតុអ្វីត្រូវតែជាប្រភេទរឿងរន្ធត់?ចម្លើយរបស់ផលិតករ វិសាល តបវិញថា៖ «ព្រោះទស្សនិកជនរបស់យើង គាត់ចូលចិត្តបែបនេះហើយយើងចង់បានពួកគាត់ឲ្យមើលរឿងរបស់ខ្មែរយើងជាជាងភាពយន្តបរទេស»។
ភាពយន្តខ្មែរជារឿយៗត្រូវបានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជន ដែលចង់មើលរឿងមានគុណភាពរហូតពេលខ្លះធ្វើឲ្យផលិតករចេញមកលន់តួសុំការគាំទ្រ ពីទស្សនិកជន។ ចំពោះ លោក វិសាល លោកយល់ឃើញថា ផលិតករពុំគួរបង្ហាញអាកប្បកិរិយាតបទៅកាន់សាធារណជននោះទេ៕