ក្រុង​ញូវយ៉ក៖ លោក​អាចារ្យ​​ថ្លែង​ ខណៈ​គូស្នេហ៍​ចំណាស់​អាមេរិក​ដែល​បាន​​​ឃើញ​ភ្លាម​ ស្រឡាញ់​ភ្លែត និង​ប្រញាប់​​ចូល​រោង​ការ​​ទាន់​ហន់​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​៖​ «​អ្នក​ទាំង ២ អាច​ដោះ​​ម៉ាស់ និង​ថើប​គ្នា​បាន​»។

អ្នកស្រី លីនដា ឌែក អាយុ ៧២ ឆ្នាំ បាន​និយាយ​ពេល​ដើរ​ក្រៀក​ដៃ​ស្វាមី អាឌែល ហូវេសលែន អាយុ ៧៨ ឆ្នាំ​ ថា​៖ «​​ក្នុង​កាលៈទេសៈ​ធម្មតា យើង​នៅ​តែ​​ស្រឡាញ់​គ្នា​»។

ប៉ុន្ដែ​កូរ៉ូណា​បាន​បង្ខំ​ពួក​គេ​ឲ្យ​ពន្លឿន​ចំណង​ស្នេហា ខណៈ​ទំនាក់​ទំនង​​ពួក​គេ​នៅ​ក្មេង​ខ្ចី​នៅ​​ឡើយ​។ អ្នក​ទាំង ២ ដែល​បាន​បាត់​បង់​ដៃគូ​ចាស់​រៀងៗ​ខ្លួន​ក្នុង​ឆ្នាំ ​២០១៩ ​បាន​ជួប​គ្នា​ដំបូង​កាល​ពី​ចុង​ខែ​កុម្ភៈ នៅ​ព្រះវិហារ​ Peace Lutheran ក្បែរ​ក្រុង​វ៉ាស៊ីនតោន​។

អ្នកស្រី ឌែក ​​ថា​៖ «​យើង​ជួប​គ្នា​​ពេល​ទទួល​ទាន​នំ​នៅ​ក្នុង​ព្រះវិហារ​»។ ពួក​គេ​យល់ព្រម​រួម​អាហារ​ជាមួយ​គ្នា​ ហើយ​ ២ ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ចេញ​ក្រៅ​ផ្ទះ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩។

គូស្នេហ៍​​​ថ្មី វ័យ​ចាស់​ទាំង ​២ មិន​​គិត​ស្រមៃ​ថា ខ្លួន​នឹង​បំពាន​បទប្បញ្ញត្ដិ​​សោះ​ឡើយ​។ លោក ហូវេសលែន ​​ឲ្យ​ដឹង​ថា​៖ «​យើង​ទាំង ២ ដឹង​រៀង​ខ្លួន​ថា យើង​ត្រូវ​ការ​គូ​ជីវិត​»។

ដោយ​មិន​​គិត​វែង​ឆ្ងាយ អ្នកស្រី​ក៏​រើ​មក​រួម​រស់​ជាមួយ​លោក​ភ្លាមៗ​។ អ្នកស្រី ជា​អតីត​អ្នក​វាយ​តម្លៃ​កម្មវិធី​សិក្សា​នៃ​សាកល​វិទ្យាល័យ​ Gallaudet ​បន្ដ​ថា​៖ «​ពិភព​លោក​ពិត​ជា​មាន​ពណ៌​ផ្កាឈូក​សម្រាប់​ពួក​យើង​»។

លោក ហូវេសលែន ​បន្ថែម​ថា​៖ «​វា​ជា​ការ​សម្រេច​ប្រកប​ដោយ​គ្រោះ​ថ្នាក់ តែ​ពួក​យើង​មិន​ចង់​រស់​នៅ​ឯកា​ឡើយ​»។

គូ​ស្នេហ៍​ទាំង ២ ប្រតិបត្ដិ​តាម​កម្មវិធី​បែប​ប្រញាប់​ប្រញាល់​។

លោក​បន្ត​​​​ថា​៖ «​ខ្ញុំ​និយាយ​ថា តើ​អូន​ស្នើ​​បង​ឲ្យ​សុំ​អូន​រៀបការ​ជាមួយ​មែន​ទេ?»៕ AFP