The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្នេហ៍​ធ្លាក់​ដល់​សូន្យ! សេវា​ប្រឹក្សា​លែងលះ​នៅ​ចិន ​កំពុង​តែ​កាក់កប




ស្នេហ៍​ធ្លាក់​ដល់​សូន្យ! សេវា​ប្រឹក្សា​លែងលះ​នៅ​ចិន ​កំពុង​តែ​កាក់កប

Content image - Phnom Penh Post
លោក ហ្ស៊ូ ផ្ដល់សេវា​ប្រឹក្សា​ដល់​គូស្វាមី​ដែល​ដើរ​ដល់​ផ្លូវទ័ល មានបំណង​ចង់​លែង​​លះ​​។ រូបថត AFP

ស្នេហ៍​ធ្លាក់​ដល់​សូន្យ! សេវា​ប្រឹក្សា​លែងលះ​នៅ​ចិន ​កំពុង​តែ​កាក់កប

ក្រុង​ស៊ាងហៃ៖ ចាប់​ពី​បន្ទប់​ការិយាល័យ​តូច​ក្នុង​ក្រុង​ស៊ាងហៃ អ្នក​ប្រឹក្សា​អាពាហ៍ពិពាហ៍ ហ្ស៊ូ សេនយ៉ុង បាន​ផ្ដល់​យោបល់​តាម​ទូរស័ព្ទ​ដល់​អតិថិជន​បំណង​ថែរក្សា​សម្ព័ន្ធភាព​ស្នេហា​របស់​ពួក​គេ។

ពាក្យ​ស្លោក​ព្យួរ​លើ​ជញ្ជាំង​ថា «ចូរ​កុំ​បណ្ដោយ​ឱ្យ​អាពាហ៍ពិពាហ៍​ប្រែជា​គ្មាន​សុភមង្គល» ប៉ុន្ដែ​ក្នុង​សង្គម​ស៊ីវីល័យ​ពិត​របស់​ចិន អត្រា​នៃ​ការ​លះលែង​កំពុង​តែ​កើន​ឡើង​ខ្លាំង ហើយ​សេវាកម្ម​របស់​លោក ហ្ស៊ូ ក៏​មាន​តម្រូវ​ការ​ខ្ពស់​ផង​ដែរ។

បុរស​មិន​ចេះ​នឿយហត់​ក្នុង​វ័យ ៤៤ ឆ្នាំ ដែល​ពាក់​មួក​កន្តឹប​អំឡុង​ពេល​ផ្ដល់​ប្រឹក្សា​តាម​ការ​ផ្សាយ​ផ្ទាល់​លើ​អនឡាញ​ថា៖ «មាន​ចំនួន​តិច​តួច​ដែល​ពិចារណា​លែងលះ តែ​ចង់​ផ្ដល់​ប្រឹក្សា​ដល់​ពួក​គេ​ថា តើ​គួរ​ធ្វើ​បែប​ម៉េច​ទើប​ល្អ»។

កាល​ពី​ដើម​ឆ្នាំ លោក ហ្ស៊ូ ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង ក្រោយ​អះអាង​ថា លោក​រក​ចំណូល​បាន ១ លាន​យ័ន (១៥៤ ០០០ ដុល្លារ) ក្នុង ១ ឆ្នាំ។ ប៉ុន្ដែ​លោក​ក៏​ជា​អ្នក​ដែល​ព្យាយាម​ជួយ​សម្របសម្រួល​តាម​មធ្យោបាយ​ត្រជាក់​បំផុត​អំឡុង​ពេល​ចំណង​ស្នេហា​ត្រូវ​បាន​កាត់​ផ្ដាច់ ដោយ​គួរ​គិតគូរ​ដល់​កូន។

យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ចំនួន​អ្នក​ចុះឈ្មោះ​លែងលះ​ក្នុង​ប្រទេស​ចិន ​បាន​កើន​ដល់ ៨,៦ លាន​នាក់ ​ក្នុង​ឆ្នាំ ២០២០ ស្ទើរ​តែ​ទ្វេ​ពី​ឆ្នាំ ២០១៩ និង​ចំនួន​អ្នក​ចុះ​អេតាស៊ីវិល​ធ្លាក់​ទាប​ជា​លើក​ដំបូង។

ក្រោយ​ដាក់​ចេញ​នូវ «គោល​នយោបាយ​កូន​មួយ» អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ចិន​ប្រឈម​បញ្ហា​វិសមភាព​យេនឌ័រ​ដោយ​បុរស​ច្រើន​ជាង​ស្ដ្រី ៣០ លាន​នាក់។ ជាមួយ​អត្រា​កំណើត​ទាប វិបត្ដិ​ប្រជាសាស្ដ្រ​កំពុង​តែ​បង្ក​ជា​បញ្ហា។

Content image - Phnom Penh Post
ចំនួន​លែង​លះ​នៅចិន​បាន​កើនដល់ ៨,៦​ លាន​នាក់ ​ក្នុង​ឆ្នាំ ២០២០។ រូបថត AFP

សម្ពាធ​គ្រួសារ​ឱ្យ​ឆាប់​រៀបការ ជីវិត​ដ៏​ប្រកួត​ប្រជែង​ក្នុង​ទីក្រុង តម្លៃ​ផ្ទះ​ខ្ពស់​កប់​ពពក ការ​បីបាច់​កូន​មិន​គ្រប់គ្រង និង​កង្វះ​ការ​គាំពារ​ចំពោះ​ម្ដាយ ទាំង​អស់​នេះ​កំពុង​តែ​ក្លាយជា​វិបត្ដិ​ចំណង​អាពាហ៍ពិពាហ៍ ជាពិសេស​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​វ័យ​ក្មេង ដែល​មាន​គំនិត​ផ្ដល់​អាទិភាព​លើ​សេរីភាព​ខ្លួន​ឯង​ជា​ចម្បង។

លោក ហ្ស៊ូ បាន​និយាយ​ថា៖ «ដោយ​គិត​ពី​​ទស្សនៈ​វិជ្ជមាន ការ​លែងលះ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ស៊ីវីល័យ និង​ជា​ការ​យល់​ដឹង​របស់​ស្ដ្រី។ បញ្ហា​លុយ​កាក់ និង​សម្ព័ន្ធភាព​ស្នេហា​ក៏​ជា​ដើម​ចម​សំខាន់​ដែល​អាច​ឈាន​ដល់​ការ​លែងលះ​ផង​ដែរ»។

ក្រុម​មេធាវី កាល​ពី​ឆ្នាំ​មុន បាន​ណែនាំ​ឱ្យ​មាន​រយៈពេល​ផ្សះផ្សា ៣០ ឆ្នាំ​មុន​ពេល​ឈាន​ដល់​ដំណាក់កាល​លែងលះ​គ្នា ដែល​កន្លង​មក​ត្រូវ​ដោះស្រាយ​ភ្លាមៗ​ត្រឹមតែ ១ ថ្ងៃ​ប៉ុណ្ណោះ។

សម្រាប់​អ្នកស្រី វី​វៀន អាយុ ៣១ ឆ្នាំ ​ដែល​បាន​រៀបការ​ក្រោម​ហេតុផល​សេ្នហា​កាំរន្ទះ បាន​លែងលះ​ដោយ​គ្មាន​អ្វី​ត្រូវ​គិត​ច្រើន តែ​ជា​ផ្លូវ​ស្វែងរក​សេរីភាព​ខ្លួន​ឯង។

អ្នកស្រី​បាន​និយាយ​ថា៖ «ផ្នត់​គំនត់​មនុស្ស​ចាស់​គិត​ថា ការ​លែងលះ​មាន​ន័យ​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​ការ​យើង តែ​មនុស្ស​ជំនាន់​នេះ​គិត​ថា វា​គ្រាន់​តែ​ជា​ជម្រើស​បុគ្គល​ប៉ុណ្ណោះ។ យើង​មិន​គិត​ថា វា​ជា​រឿង​អាម៉ាស់​ទេ តែ​ផ្ទុយ​ទៅ​វិញ យើង​ស្ញប់ស្ញែង​ចំពោះ​អ្នក​ដែល​បាន​លែងលះ​ដោយ​ជោគជ័យ»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍