ក្រុង​ឡុងដ៍៖ សេដ្ឋី​​​ស្នេហា​រសជាតិ​ស្រា​វីស្គី​នឹង​មាន​ឱកាស​ចូលរួម​ដេញ​ថ្លៃ​​ស្រា​វីស្គី​កម្រ​ជិត​ ៤ ០០០ ដប ដែល​ត្រូវ​បាន​ប្រមែប្រមូល​ដោយ​អតីត​​បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​​ភេសជ្ជៈ​អាមេរិក។

ក្រុមហ៊ុន Whisky Auctioneer បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា កម្មវិធី​ដេញ​ថ្លៃ​ប្រណីត​ឥត​ខ្ចោះ នឹង​រួម​បញ្ចូល​នូវ​ស្រា​​មាន​តម្លៃ​ច្រើន​លាន​ផោន និង​ស្រា​ខ្លះ​ដែល​ពុំ​ធ្លាប់​មាន ​អ្នក​ប្រទះ​ឃើញ​ទាល់​តែ​សោះ។

ស្ថាបនិក​ក្រុមហ៊ុន​ដេញ​ថ្លៃ​ស្រា ឡោក អ៊ាន មេកក្លូន បាន​ថ្លែង​ថា៖ «វា​ជា​បណ្ដុំ​ស្រា​វីស្គី​តម្លៃ​ខ្ពស់​បំផុត»។

ដប​ស្រា​ទាំង​នោះ​ត្រូវ​បាន​ប្រមូល​ទុក​​ដោយ​លោក រីឆាត ហ្គូដឌីង អតីត​ប្រធាន​ក្រុមហ៊ុន​ច្រក​ដប​ភេសជ្ជៈ​ Pepsi ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ ២០១៤។ កាល​នៅ​រស់ លោក​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ប្រទេស ​ស្កុតឡេន ដើម្បី​ប្រមាញ់​រក​ស្រា​វីស្គី​ពី​សិប្បកម្ម​បិត​ស្រា​តូចៗ ដោយ​ប្រភេទ​ស្រា​វីស្គី​ខ្លះ​លែង​មាន​ផលិត​លើ​លោក​នេះ​ទៀត​ហើយ។

ក្នុង​នោះ​រួម​មាន​ស្រា​ប្រណីត និង​កម្រ ជា​ប្រភេទ​វីស្គី Macallan ឆ្នាំ ១៩២៦ ដែល​ធ្លាប់​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​​​ ១,៥ លាន​ផោន (ប្រមាណ ១,៩ លាន​ដុល្លារ​) កាល​ពី​ខែ​តុលា។

ការ​ដាក់​ដេញ​ថ្លៃ​អនឡាញ​លើក​​នឹង​ត្រូវ​បាន​ចែក​ជា ​២ ក្រុម គឺ​ចន្លោះ​ថ្ងៃទី ៧ ដល់ ១៧ ខែ​កុម្ភៈ និង ១០ ដល់ ២០ ខែ ​មេសា ឆ្នាំ ២០២០។

ភរិយា​របស់​លោក ហ្គូដឌីង បាន​និយាយ​ថា៖ «គាត់​ស្រឡាញ់​ស្រា​វីស្គី​ណាស់ ហើយ​គាត់​ស្រាវជ្រាវ​តាំង​ពី​គ្រឿង​ផ្សំ​លម្អិត និង​ដំណាក់កាល​បិត​ស្រា មុន​នឹង​ឈាន​ដល់​ការ​ភ្លក្ស​​យ៉ាង​ផ្ចិតផ្ចង់។ បេសកកម្ម​របស់​គាត់ ​គឺ​ដើរ​ប្រមូលទិញ​ទុក​នូវ​ដប​ស្រា​វីស្គី​ពី​គ្រប់​កន្លែង​បិត​ស្រា​ទាំង​អស់»៕ AFP