ភ្នំពេញ៖ ខណៈកម្មវិធីមហោស្រពរូបថតភ្នំពេញនៅឆ្នាំនេះ ដែលជាការប្រារព្ធខួប ១០ ឆ្នាំ នៃការបង្កើតការតាំងពិព័រណ៍រូបថតនានារបស់សិល្បករនោះ វិចិត្រសាលថ្មីសន្លាងមួយ ក៏ត្រៀមខ្លួនបើកសម្ពោធជាផ្លូវការ ដើម្បីដាក់តាំងពិព័រណ៍ជាលើកដំបូង នាល្ងាចថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ដែលជាការត្រួសត្រាយផ្លូវរកទីផ្សារសម្រាប់ជួយលក់ស្នាដៃសិល្បករ និងវិចិត្រករផងដែរ។
បើតាមគេហទំព័រផ្លូវការរបស់វិចិត្រសាលស្រាអាត (Sra Art Gallery) ប្រកាសជូនដំណឹងថា៖ «វិចិត្រសាលស្រាអាត មានសេចក្តីសោមនស្សសូមគោរពអញ្ជើញបងប្អូនទាំងអស់ចូលរួមជាភ្ញៀវកិត្តិយសសម្រាប់ការបើកសម្ពោធវិចិត្រសាលរបស់យើងខ្ញុំ រួមជាមួយនឹងការប្រារព្ធពិធីគម្រប់ខួបលើកទី ១០ របស់សមាគមរូបថតភ្នំពេញផងដែរ។ សូមបងប្អូនទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធី ដែលនឹងចាប់ផ្តើមពីម៉ោង ១៩:០០ ថ្ងៃសុក្រ ទី ២៥ ខែតុលា ដើម្បីស្វែងយល់អំពីស្នាដៃសិល្បករខ្មែរល្បីៗរួមមានដូចជា លោក កាក់ សុខភីរម្យ លោក ឃុន វណ្ណៈ លោក ខ្វៃ សំណាង លោក លឹម សុខចាន់លីណា លោក ម៉ក់ រ៉េមីស្សា លោក ម៉ិច សេរីរ៍ត្ន កញ្ញា នាក់ សុផល លោក ផា លីណា លោក សុវណ្ណ ភីឡុង និងលោក សន សីហទិត្យ (ទី ទិត្យ) អមជាមួយនឹងស្នាដៃរបស់សិល្បករអន្តរជាតិ Anna Katharina Scheidegger»។
បើតាមសម្តីបង្ហើបពីលោក សុវណ្ណ ភីឡុង ជានាយករងនៃសមាគមរូបថតភ្នំពេញ និងជាសិល្បករថតរូបឆ្លងកាត់បទពិសោធច្រើនឆ្នាំមកហើយនោះបានឲ្យដឹងថា៖ «ស្រាអាត គឺជាវិចិត្រសាលថ្មី ទើបបង្កើតឡើងដោយស្រ្តីខ្មែរកូនកាត់បារាំង ហើយក៏បានដាក់កាលបរិច្ឆេទបើកការសម្ពោធជាផ្លូវការស្របពេលប្រារព្ធកម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំ ២០១៩ ដែលជាខួបលើកទី ១០ នេះតែម្តង។ វិចិត្រសាលនេះ ក៏បានជ្រើសរើសយកស្នាដៃរបស់សិល្បករខ្មែរចំនួន ១០ រូប ដែល ១ រូបមាន ១ ផ្ទាំង ខណៈសិល្បករបរទេសម្នាក់ជាជនជាតិស៊្វីសកញ្ញា Anna Katharina Scheidegger នឹងមានការដាក់តាំងពិព័រណ៍រូបថតទោលរបស់គាត់មានចំនួន ១០ ផ្ទាំង ហើយការតាំងពិព័រណ៍នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខ»។
មហោស្រពនេះ នឹងរៀបចំដំណើរកម្សាន្តតាមរ៉ឺម៉កកង់ ៣ សម្រាប់ភ្ញៀវដែលចង់ស្វែងរកទីតាំងផ្សេងៗនៃមហោស្រពនេះ អមដោយសិល្បករ ខណៈទីតាំង ១១ កន្លែង ដែលនឹងចូលរួមតាំងបង្ហាញនៅឆ្នាំនេះមានដូចជា ជញ្ជាំងស្ថានទូតបារាំង វិទ្យាស្ថានបារាំងនៅកម្ពុជា តាមជញ្ជាំងនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា វិទ្យាល័យព្រះស៊ីសុវត្ថិ នៅអនុវិទ្យាល័យចតុមុខ កោះពេជ្រ វិចិត្រសាល Java Creative Cafe វិចិត្រសាលបណ្ណាគារ Independence Monument វិចិត្រសាល La Plantation វិចិត្រសាល Future Factory វិចិត្រសាលស្រាអាត (Sra''Art Gallery)និងវិចិត្រសាលមជ្ឈមណ្ឌលបុប្ផាណា (Bophana Center)។ ខណៈឆ្នាំនេះក៏ជាលើកទី ១ របស់មហោស្រពរូបថតភ្នំពេញនឹងបើកតាំងពិព័រណ៍នៅវិចិត្រសាលបាទ្យាសារេម (Batia Sarem) នាថ្ងៃទី ២ ខែ វិច្ឆិកា នៅខេត្តសៀមរាប។
សិល្បករថតរូប និងវិចិត្រករចម្រុះជាតិសាសន៍ និងដោយមានជាតិខ្មែរចំនួន ១៣ រូប នៅក្នុងចំណោមសិល្បករសរុប ៤០ រូប នឹងត្រូវបានយកទៅដាក់តាំងបង្ហាញនៅទីតាំងចំនួន ១១ កន្លែងផ្សេងៗគ្នានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប នាឱកាសប្រារព្ធកម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំនេះ ខណៈកម្មវិធីសម្ពោធចាប់ពីថ្ងៃទី ២៤ ខែ តុលា បន្តរហូតដល់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩៕