ភ្នំពេញៈ ក្រោយពី​ផុសគំនិត​ច្នៃប្រឌិត​ថ្មី​គឺ​ឈុត​សម្លៀកបំពាក់ និង​ស្រោម​ខ្នើយ ទ្រនាប់​ចាន និង​កែវ​ពី​ក្រណាត់​សារុង​ដ៏​ស្រស់​ស្អាត មហាជន​ចាប់​អារម្មណ៍​ច្រើន​នោះ ស្រាប់​តែ​តារា​ចម្រៀង​ស្រី​ទើប​វិល​មក​ប្រឡូក​សិល្បៈ​វិញ អ្នក​នាង ទូច ស្រី​លក្ខណ៍ បង្ហើរ​សារ​ដ៏​មាន​ន័យ​បែប​ជួយ​រំឭក​ដាស់​តឿន​ដល់​បង​ប្អូន​ស្ត្រី​ដូច​គ្នា​ឲ្យ​ចេះ​ស្រឡាញ់​ថែទាំ​សម្រស់​ខ្លួន​ឯង​គួរ​ឲ្យ​កោត​សរសើរ​តាម​បណ្តាញ​សង្គម។

តារាចម្រៀង​ស្រី​ដែល​បាន​ខំ​រិះរក​បទ​ចម្រៀង​ប្រភេទ​អូ​រី​ជីណ​ល ឬ​ការនិពន្ធ​ដោយ​ខ្លួនឯង​មក​បំពេ​អារម្មណ៍​ទស្សនិក​ជន​ពេល​វិល​មក​វិញ​នេះ បង្ហោះ​សារ​មាន​ន័យ​បែប​អប់រំ និង​អាច​ដាស់​តឿន​ស្មារតី​បងប្អូន​ស្ត្រី​ដែល​មាន​គ្រួសារ​ហើយ កុំ​បណ្តោយ​ឲ្យ​សម្រស់​ខ្លួន​ឯង​ប្រែ​តាម​ពេល​ឥត​ប្រយោជន៍​នោះ តាម​អ៊ីនស្តាក្រាម​ថា៖ «ភាព​ស្រស់​ស្អាត​របស់​មនុស្ស​មាន​ខុសៗ​គ្នា អ្នក​ណា ថា មនុស្ស​ស្រី បន្ទាប់​ពី​មាន​កូន​ហើយ ប្រែ​រូបរាង​លែង​ស្អាត​ដូច​មុន សំខាន់​លើ​ខ្លួន​យើង​ចេះ​ថែរក្សា ចូរ​កុំ​ប្រាប់​ខ្លួន​ឯង​ថា ខ្ជិល​មិន​ដឹង​ធ្វើ​ខ្លួន​ឲ្យ​នរណា​មើល​ផង ធ្វើ​សម្រាប់​ស្វាមី​របស់​យើង និង​សម្រាប់ ខ្លួន​យើង។ នេះ គឺជា​ចំណុច​សំខាន់​របស់​មនុស្ស​ស្រី​គ្រប់ៗ​គ្នា»។

តារាចម្រៀង​ស្រី មានកូន​មួយ ដែល​ទើបតែ​បានប្រកាស​វិល​ចូល​សិល្បៈ​ក្នុងពេល​ថ្មីៗ​ក្រោយ​ពី​នាង​សម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​ស្វាមី សញ្ជាតិ​ហូឡង់ ដើម​កំណើត​អង់គ្លេស ម័រថេន ក្វាមេន តាំង​ពី​ឆ្នាំ ២០១១ មក​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពី​សារ​ខ្លួន​ថា៖ «ដោយសារ​យល់ និង​សង្កេត​ឃើញ​ថា បង​ប្អូន​ស្ត្រី​ខ្មែរ​មួយ​ចំនួន មាន​ទស្សនៈ​គិត​ថា ស្ត្រី​យើង​ពេល​មាន​ស្វាមី និង​កូន​ហើយ រូប​សម្ផស្ស​របស់​ខ្លួន​នឹង​អស់​តាម​ពេលវេលា​ផង​ដែរ គឺ​មិន​ស្រស់​ស្អាត​ដូច​កាល​នៅ​លីវ ឬ​មិន​ទាន់​រៀបការ​នោះ​ឡើយ។ អ៊ីចឹង​មិន​បាច់​ខិតខំ​តុប​តែង​កាយ​ឲ្យ​ស្អាត​ដូច​មុន​ទៀត​ទេ។ សម្រាប់​នាង​ខ្ញុំ​យល់​ថា ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​ក៏​អាច​នឹង​នាំ​ឲ្យ​បង្ក​បញ្ហា​រកាំ​រកូស​ច្រើន នៅ​ក្នុង​សង្គម​គ្រួសារ​ប្តី​ប្រពន្ធ​ទៀត​ផង»។

អ្នកនាង ទូច ស្រី​លក្ខណ៍ តារាចម្រៀង​ស្រី ពូកែ​សម្តែង​លេង​ទឹកមុខ និង​មាន​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់ ក្រមិច​ក្រមើម តែង​តែ​បាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​សំណើច​មិន​ដឹង​ខ្លួន នាង ទូច ស្រី​លក្ខណ៍ ក៏​បញ្ជាក់​បន្ត​ថា៖ «ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​ស្ត្រី​យើង​ចេះ​ថែរក្សា​រូប​សម្ផស្ស​ខ្លួន​ឯង ដោយ​ក្តី​ស្រឡាញ់​ខ្លួន​ឯង​នោះ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រស់​ស្អាត​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្វាមី​បន្ថែម​ការ​ស្រឡាញ់​មក​លើ​យើង​បង្កើត​បាន​សុភមង្គល​ក្នុង​គ្រួសារ​កាន់​តែ​ច្រើន​ផង​ដែរ»។

រីឯ​ផលិតផល​កែច្នៃ​ពី​ក្រណាត់​សារុង​ឲ្យ​ទៅជា ឈុត​សម្លៀកបំពាក់ និង​ស្រោមខ្នើយ ទ្រនាប់​ចាន និង​កែវ កន្លង​មក​ទូច ស្រី​លក្ខណ៍ ក៏​បង្ហើប​ថា៖ «ក្រោយ​ពី​ជូន​ដំណឹង​ពី​ការ​លក់​មក​ឃើញ​ថា បង​ប្អូន​កាន់​តែ​ចាប់​អារម្មណ៍​កុម្ម៉ង់​ទិញ​ច្រើន​ជាង​មុន»៕