ក្រុងកូឡុំបូ : ក្រុម​សង្គ្រោះ និង​អ្នក​ស្ម័គ្រ​ចិត្ដ​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​កាល​ពីថ្ងៃ​ចន្ទ​ដើម្បី​សង្គ្រោះ​បាឡែន​ពីឡុត​ប្រមាណ ១០០​ ក្បាល​ ដែល​ជាប់​ទើ​លើ​ឆ្នេរ​ភាគ​ខាង​លិច​ប្រទេស​ស្រីលង្ការ​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បំផុត​ពុំ​ធ្លាប់​មាន​។

បាឡែន​ពីឡុត​ ដែលមាន​ព្រុយ​ខ្លីៗ​ចាប់​ផ្ដើម​មក​ប្រមូល​ផ្ដុំ​គ្នារយៈ​ពេល​ខ្លី​​នៅ​ក្រុង​ប៉ាណាដូរ៉ា ចម្ងាយ​ប្រមាណ ២៥​ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​កូឡុំបូ មុន​ពេល​ព្រលប់​ ហើយ​ត្រឹម​រយៈ​ពេល​មួយ​ម៉ោង ហ្វូង​បាឡែន​បាន​កើន​ឡើង​ប្រមាណ ១០០ ​ក្បាល។ នេះ​បើ​យោងតាម​ស្នងការ​ប៉ូលិស សាន់ចាយ៉ា អុីរ៉ាស៊ីញ៉េ បាន​ប្រាប់ AFP ដូច្នេះ។

លោក អុីរ៉ាស៊ីញ៉េ បាន​បន្ដថា​៖ «​ដោយ​មាន​ជំនួយ​ពី​ពលរដ្ឋ​មូលដ្ឋាន​ យើង​ព្យាយាម​ទាញ​ពួក​វា​ចូល​មហាសមុទ្រ​វិញ។ ប៉ុន្ដែ​ពួកវា​នៅតែ​រមៀល​ឡើង​គោក។ យើង​បាន​ទទួល​ជំនួយ​ពី​ក្រុម​ទាហាន​ជើង​ទឹក​ដើម្បី​សង្គ្រោះ​បាឡែន​ទាំង​នោះ​»។

អាជ្ញាធរ​ការពារ​បរិស្ថាន​សមុទ្រ​ស្រីលង្ការ (MEPA) ដែល​បញ្ជូន​មន្ដ្រី​របស់​ពួកគេ​ជួយ​ក្នុង​ប្រតិបត្ដិការ​សង្គ្រោះ​ បាន​និយាយ​ថា ហ្វូង​បាឡែន​មួយ​ក្រុម​ដ៏​ច្រើន​បំផុត​នេះ​បាន​មក​ទើ​លើ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​នេះ។

ដោយ​មិន​ច្បាស់​អំពី​មូលហេតុ ប្រធាន (MEPA) ដាសានី ឡីហានដាពូរ៉ា បាន​ប្រាប់ AFP ថា៖ «​វា​ពិត​ជា​មិន​ធម្មតា​នោះ​ទេ​សម្រាប់​វត្ដមាន​ហ្វូង​បាឡែន​ដ៏​ច្រើន​បែប​នេះ។ យើង​គិត​ថា វា​ស្រដៀង​នឹង​ការ​ជួប​ជុំ​នៅ​ប្រទេស​តង់ហ្សានី កាល​ពី​កញ្ញា​កន្លង​ទៅ​»។

ការ​ឡើង​គោក​នៃ​បាឡែន​ពីឡុត ៤៧០​ ក្បាល ​នៅ​កំពង់ផែ​ដាច់​ស្រយាល​នៅ​ដែន​កោះ​នៃរដ្ឋ​​តាស្មានី ភាគ​ខាង​ត្បូង​ប្រទេស​អូស្ដ្រាលី គឺជា​ការ​ជួប​ជុំ​ហ្វូង​បាឡែន​ព្រុយ​ខ្លី​ទាំង​នេះ​ច្រើន​បំផុត។

បាឡែន​ប្រមាណ ១១០ ​ក្បាល ត្រូវបា​នសង្គ្រោះ​ក្នុង​ប្រតិបត្ដិ​ការ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ បាឡែន​ពីឡុត ដែល​អាច​ធំ​ដល់​ ៦​ ម៉ែត្រ និង​ទម្ងន់​មួយ​តោន​ ពិត​ជា​រួស​រាយ​បំផុត។

មូលហេតុ​បង្ក​ឲ្យ​ពួកវា​មក​ទើ​លើ​ឆ្នេរ​សមុទ្រ​បែប​នេះ នៅតែ​មិន​ដឹង​ច្បាស់​ បើ​ទោះ​បីជា​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ស្រាវជ្រាវ​យ៉ាង​ណា​ក៏​ដោយ​៕ AFP/HR