ភ្នំពេញៈ ក្រោយពី​មាន​របរ​លក់​ផលិតផល​រក្សា​សម្រស់​តាម​អនឡាញ​មក​នោះ គេ​សង្កេត​ឃើញ​ថា​តារាស្រី​ដែល​ទើប​តែ​រះ​លើ​វិថី​សិល្បៈ កញ្ញា គឹម ច័ន្ទបរមី ឧស្សាហ៍​បង្ហើរ​សារ និង​រូបភាព​ផ្សាយ​តាម​អ៊ីនស្តាក្រាម​យ៉ាង​ផុសផុល​ខ្លាំង​ជាង​រឿង​ការងារ​សិល្បៈ​ដែល​មើល​ហាក់​ដូចជា​ស្ងាត់​ជ្រាប​តែ​ម្តង​ហើយ​នា​មួយ​រយៈពេល​ជាង ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បាន​បង្ក​ការងឿងឆ្ងល់​ពី​មហាជន​ផងដែរ​។

តារាស្រី​ជា​បុប្ផា​ស្រស់​សោភា​សាច់​សខ្ចី​ល្វក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម កញ្ញា គឹម ច័ន្ទបរមី មាន​គូស្នេហ៍​សង្សារ​បណ្តូលចិត្ត​គឺ​លោក ហ៊ុន បញ្ញាបុត្រ ដែល​ត្រូវ​ជា​ចៅ​បងប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ជា​គ្រួសារ​មាន​ទ្រព្យ​ស្តុក និង​កំពុង​មាន​ផល​ផ្លែផ្កា​វិជ្ជមាន​ទៅ​ហើយ​នោះ​ក្តី ក៏​តារាសម្តែង​ស្រី​សាច់​ខ្ចី​ស្រាប់​តែ​បង្ហាញ​ភាពផុសផុល​នឹង​ការបើក​មុខរបរ​លក់​ថ្នាំ និង​គ្រឿង​រក្សា​សម្រស់​តាម​អនឡាញ​គឺ​មិន​ព្រម​ចោល​កាក់ល្អិត​សោះ​។

តាមពិត​ការបើករបរ​លក់​គ្រឿង​ម្សៅ ថ្នាំ​រក្សា​សម្រស់​នេះ​តារាស្រី​អតីត​ជា​បេក្ខនារី Freshie Girl រូប​នេះ​បាន​ដំណើរការ​យូរមក​ហើយ​ដែរ គ្រាន់​តែ​កញ្ញា គឹម ច័ន្ទបរមី មិន​បាន​ប្រកាស​ផ្សាយ​ឲ្យ​ដឹង​គឺ​ទើប​តែ​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​ ២០១៨ មក​នេះ​ក៏​ស្រាប់​ឃើញ​នាង​បាន​ផ្សព្វផ្សាយ​លក់​តាម​អនឡាញ​យ៉ាង​សកម្ម​ដូច​ក្រុម​តារាស្រី​ផ្សេងៗ តែ​ហាក់​មិន​សូវ​លេចមុខ​នៅ​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ដូច​មុន​សោះ​។

កញ្ញា គឹម ច័ន្ទបរមី ក៏​ធ្លាប់​បាន​បង្ហើប​ប្រាប់​ផង​ដែរ​​ថា​៖ «​តាមពិត​ទៅ​!​នាង​ខ្ញុំ បាន​លក់​គ្រឿង​រក្សា​សម្រស់​ទាំងនេះ​ជា​លក្ខណៈ​គ្រួសារ​យូរ​ប្រមាណ​ជាង​​ ១ ​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ផ្សព្វផ្សាយ​។ ការបើក​មុខរបរ​បន្ថែម​នេះ​ក៏​ព្រោះ​តែ​មិន​ចង់​ឲ្យ​ខ្លួន​នៅ​ទំនេរ​ច្រើន ហើយ​ម្យ៉ាង​ទៀត​នឹកឃើញ​ដល់​សម្តី​ម៉ាក់​គាត់​ថា ខំប្រឹង​ទាន់​ខ្លួន​នៅ​ក្មេង ក៏​តាំងចិត្ត​បើក​លក់​តែ​ម្តង​ទៅ​»​។

បុប្ផា​រីក​នៅលើ​វិថី​សិល្បៈ​ភាពយន្ត​កញ្ញា គឹម ច័ន្ទបរមី បាន​បង្កើត​ចំណង​ស្នេហ៍​ដ៏ផ្អែមល្ហែម បើក​ចំហ​រហូត​ហ៊ាន​ហៅ​គ្នា​ដូចជា​ប្តី​ប្រពន្ធ ខណៈ​ចាស់ទុំ​ទាំង​សងខាង ក៏​បាន​ព្រមព្រៀង​គ្នា​ទៀត​ផង​ជាមួយ​នឹង​គូស្នេហ៍​ជា​បុរស​ត្រកូល​រាជសីហ៍​គឺ​លោក ហ៊ុន បញ្ញាបុត្រ មាន​រយៈពេល​ ៣-៤ ​ឆ្នាំ​មក​ហើយ​ដែរ​។

មូលហេតុ​ពិត​នៃ​ការរយាល​ពី​ការងារ​សិល្បៈ​មួយរយៈ​ចុងក្រោយ​គឺ​សឹងតែ​ប្រិយមិត្ត​ភ្លេច​មុខ​នោះ ក៏​មិន​ត្រូវ​បាន​កញ្ញា គឹម ច័ន្ទបរមី បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នោះ​ឡើយ ដោយសារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​កញ្ញា​ធ្លាប់​ទាក់ទង​ពី​មុន​បាន​តេ​ចូល​ច្រើន​លើក តែ​បែរ​ជា​គ្មាន​អ្នក​លើក​ទៅ​វិញ​។

បើ​តាម​ការបង្ហើប​ប្រាប់​កាលពី​លើក​មុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​សិល្បៈ​នោះ តារា​សម្តែងស្រី​កញ្ញា គឹម ច័ន្ទបរមី បាន​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​សិល្បៈ​ថត​ខ្សែ​ភាពយន្ត​នោះ​គឺ​កញ្ញា​នៅ​មិន​ទាន់​ឈប់​ឡើយ ដោយ​គ្រាន់​តែ​ផ្អាក​ទទួល​មួយរយៈ​សិន ព្រោះ​តែ​ចង់​ផ្តោត​ទៅ​លើ​ការសិក្សា​ឲ្យ​ចប់​សិន និង​ការមើល​ខុសត្រូវ​ទៅ​លើ​មុខរបរ​លក់​គ្រឿង​ម្សៅ​ថ្នាំ​រក្សា​សម្រស់​តាម​អនឡាញ​នេះ​ព្រោះ​មិនទាន់​មាន​អ្នក​ជំនួស​៕