ភ្នំពេញ៖ តារា​ចម្រៀង​ស្រីស្រស់​កញ្ញា ថុល ស្រីល័ក្ខណ៍ ដែល​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី Cambodian Idol រដូវកាល​ទី២ នាពេល​នេះ កំពុង​តែ​ឡើង​កូដ​ខ្លាំង​នៅ​លើ​ទ្រនំ​ផលិតកម្ម​ថ្មី Davitra Media ខណៈ​ដើម​ឆ្នាំ ២០២១ នេះ ​កញ្ញា​សម្បូរ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​សម្រាប់​បំពេ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់។

ទោះបី​មិន​ទទួល​បាន​នូវ​ជោគជ័យ នាពេល​ប្រកួតប្រជែង​កម្មវិធី​ចម្រៀង​លំដាប់​ពិភព​លោក The Voice Cambodia និង Cambodian Idol ដើម្បី​បំពេញ​ក្តី​សុបិន​នៅ​លើ​វិថី​សិល្បៈ​ចម្រៀង​មែន​ក្តី តែ​ខណៈ​ពេល​នេះ​កញ្ញា ថុល ស្រីល័ក្ខណ៍ កំពុង​តែ​ទាញ​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​មហាជន ក្រោយ​ពី​បាន​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថ្មី​សន្លាង Davitra Media មក ជាពិសេស​តាមរយៈ​បទ​មាន​ចំណងជើង​ថា «ផ្ញើ​លុយ​ចងដៃ ៨២ ០០០៛» និង​ដើម​ឆ្នាំ ២០២១ នេះ មាន​បទ​ថ្មី​ដូចជា​បទ «បំពេ​ខ្លួនឯង» បទ «ស្រឡាញ់​មួយ​កម្រិត​ទៀត​បង​ស្លាប់​អី?» បទ «ស្រឡាញ់​បង​អាវ​ផ្កា» បទ «មិន​អាច​ត្រឡប់​ទៅ​អាន​សៀវភៅ​ចាស់» បទ «តែង​ខ្លួន​កាច់​សង្សារ​ចាស់» ដែល​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

តារា​ចម្រៀង​ស្រី ទើប​មាន​វ័យ ២២ ឆ្នាំ ដែល​អតីត​ជា​បេក្ខនារី​ធ្លាប់​ចូលរួម​ប្រឡង​ប្រជែង​កម្មវិធី The Voice Cambodia រដូវកាល​ទី២ ក្នុង​ឆ្នាំ ២០១៦ កញ្ញា ថុល ស្រីល័ក្ខណ៍ ក៏​បង្ហើប​ពី​ការ​ចាប់​ផ្តើម​អាជីព​នៅ​ផលិតកម្ម​ថ្មី Davitra Media ដែល​កើត​នៅ​ក្នុង​ឆ្នាំ ២០២០ ផង​ដែរ​ថា៖ «នាង​ខ្ញុំ​បាន​ចូលរួម​ផលិតកម្ម Davitra Media ថ្មីៗនេះ ប្រហែល ៤-៥ ខែ ដោយ​នាង​ខ្ញុំ​មាន​ចម្រៀង​ចំនួន​ជាង ១០ បទ ហើយ​សុទ្ធតែ​ជា​បទ​ប្រភេទ Original Song។ ចំពោះ​បទ​ជា​ចំណង់​ចំណូលចិត្ត​នាង​ខ្ញុំ គឺ​បែប​សង់ទីម៉ង់ ដោយសារ​នាង​ខ្ញុំ​ចូលចិត្ត​ដាក់​មនោសញ្ចេតនា​ទៅ​តាម​ទឹកដៃ​និពន្ធ​របស់​បងៗ អ្នក​តែង​និពន្ធ​បទចម្រៀង។ តែ​នេះ​មិនមែន​មាន​ន័យថា នាង​ខ្ញុំ​មិន​ចូលចិត្ត​ច្រៀង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​នោះទេ​បង ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ញាក់​មួយចំនួន​ផងដែរ»។

កញ្ញា ថុល ស្រីល័ក្ខណ៍ ក៏​បាន​បន្ត​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ចូល​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ភាគ​ច្រើន​ច្រៀង​តាម​កម្មវិធី​អាហ្វ៊ែរ​ផ្សេងៗ និង​ដាក់ ​YouTube នាង​ខ្ញុំ​ក៏​ធ្លាប់​ប្រឡង​ចម្រៀង​កម្មវិធី ​The Voice Cambodia 2 និង Cambodian Idol 2 និង​កម្មវិធី​ថ្នាក់​ជាតិ​មួយ​នៅឯ​ MYTV បាន​លេខ ២»៕