ភ្នំពេញៈ ទើប​តែ​អស់​មន្ទិល​រឿង​ល្បី​ថា មាន​ទីផ្សារ​ថតកុន​ស្ងាត់​សោះ ស្រាប់តែ​តារាសម្តែង​ស្រីស្រស់​កញ្ញា វណ្ណៈ បូរមី ក៏​មក​ជំពប់​រឿង​ដ៏អាថ៌កំបាំង​មួយ​ទៀត​ដោយ​វ័យក្មេង​សោះ​ក៏​មាន​ជាប់​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៅ​ហើយ បង្កើត​ការភ្ញាក់ផ្អើល​សាជាថ្មី​ពី​មហាជន​។

កាលពី​ចុង​ឆ្នាំ ២០១៨ ឃើញ​ថា​តារាសម្តែង​ស្រី​រាង​តូច​ច្រឡឹង​ឆក់​បាន​ឱកាស​ថតកុន​ភាគ ៣ ​រឿង​ជាប់​គ្នា និង​មាន​ការគាំទ្រ​ច្រើន​ពី​មហាជន ខណៈ​ស្រី​ស្រស់​រូប​នេះ​ក៏​ធ្លាប់​បង្ហាញ​ក្តីប្រាថ្នា​ចង់​បាន​កំណត់ត្រា​ផ្តាច់​ខាង​សម្តែង​បែប​វាយតប់​ផង​នោះ តែ​បែរ​មក​លេចឮ​រឿងរ៉ាវ​ជំពាក់​បំណុល​គេ​ទាំង​វ័យក្មេង​ទៅវិញ​។

តារា​ស្រី​ដែល​ផុស​ភាព​ល្បី​កាល​ថតកុន​ភាគ​ដំបូង​រឿង «​បេសកកម្ម​មួយ​» ដែល​ដើរតួ​ជា​នារីក្លាហាន​ផ្នែក​ស៊ើបអង្កេត​នោះ កញ្ញា វណ្ណៈ បូរមី ក៏​ទទួល​ចំណងដៃ​ថ្មី​ថតកុន​ភាគ​ទី​ ៣ រឿង «​តួ​ខ្ញុំគេ​សម្តែង​» ​ដែល​ជា​វណ្ណកម្ម​របស់​អ្នកស្រី ពាន់ ភួងបុប្ផា សម្រាប់​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ភីអិនអិន ក្រោយពី​បាន​សម្តែង​កុន​ភាគ​ទី ២ រឿង «​ផ្កាថ្ម​» របស់​ផលិតកម្ម និង​ទូរទស្សន៍​ហង្សមាស កន្លង​មក​រូប​នេះ​បាន​បកស្រាយ​ថា គ្រាន់តែ​ជា​ការបង្ហោះ​សារ​លេង​តាម​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ​។

តារាសម្តែង​ស្រី​វ័យ​ឈាន​ចូល ២១ ​ឆ្នាំ​ប៉ឹមៗ​ដែល​អតីត​ជា​បេក្ខនារី​ប្រកួត​កម្មវិធី Freshie Girls & Boys កាលពី​ឆ្នាំ​ ២០១៦ ត្រឹម​បេក្ខនារី ៦ រូប​ចុងក្រោយ​កញ្ញា វណ្ណៈ បូរមី បញ្ជាក់​ខណៈ​ពេល​នាង​កំពុង​តែ​ទៅ​ថតកុន​ភាគ​ថ្មី​ឲ្យ​ទូរទស្សន៍​ PNN នោះ​ដែរ​ថា​៖ «​ចាស​បង​!​តាមពិត​ទៅ​រឿង​សារ​នោះ គ្រាន់តែ​បាន​សរសេរ ហើយ​បង្ហោះ​លេង​តែ​ប៉ុណ្ណោះ​គឺ​នាង​ខ្ញុំ​ក៏​មិន​បាន​ជំពាក់​បំណុល​អ្វី​គេ​នោះ​ទេ​»​។

នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​ដែរ​ប្រិយមិត្ត​គាំទ្រ​តារាសម្តែង​ស្រី​មាន​រាង​តូច​ច្រឡឹង ដៃជើង​ស្រឡូន​ដែល​ទើប​តែ​បាន​ប្រឡូក​វិស័យ​សិល្បៈ​សម្តែង​ត្រឹម​ជាង ២ ​ឆ្នាំ​ស្រី​ស្រស់​សោភា​ជា​ពន្លក​សិល្បៈ​ថ្មី​កញ្ញា វណ្ណៈ បូរមី ក៏​ត្រូវគេ​សង្កេត​ឃើញ​ថា​នាង​ហាក់​ស្ងាត់​ទីផ្សារ​ថតកុន​គួរ​ឲ្យ​មាន​ការងឿងឆ្ងល់​។

ក្រោយពី​លេច​ភាព​មន្ទិល​នោះ​មក​តារាស្រី​សំឡេង​ស្រទន់ កញ្ញា វណ្ណៈ បូរមី ក៏​ធ្លាប់​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ខ្លួន​ហាក់​រាង​រយាល​ក្នុង​ទីផ្សារ​ថតកុន​ថា​៖ «​ក្រោយពី​ថតកុន​ភាគ​ប៉ុន្មាន​ចុងក្រោយ​ចប់​មក​គឺ​នាង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ថតកុន​អ្វី​ថ្មី​នោះ​ឡើយ ដោយសារ​នាង​ខ្ញុំ​មិន​ទាន់​ផុត​កុងត្រា​នៃ​គម្រោង​ចាស់ គឺ​នៅ​សល់​ពេល​ប្រមាណ ៣-៤ ខែ​ទៀត​ឯណោះ​ទើប​អាច​ហ៊ាន​ទទួល​គម្រោង​ថ្មី​បាន​។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ក្រៅពី​ការងារ​សិល្បៈ​ថតកុន​នោះ​ក៏​មាន​ភាព​មមាញឹក​នឹង​ការងារ​ថតស្ប៉ត​ពាណិជ្ជកម្ម​នានា​ជា​ហូរហែ​បន្ត​ផង​ដែរ​»​។

ប្រសិន​បើ​យើង​ក្រឡេក​មើល​រូប​សម្រស់​វិញ​តារាស្រី​រូប​នេះ​អាច​និយាយ​បាន​ថា​គឺមាន​ភាពស្រស់​ស្អាត​បែប​ធម្មជាតិ​ពិតៗ​គ្មាន​ការកែ​សម្ផស្ស​ទេ​ជាមួយ​ទម្រង់​មុខ​រាង​ពងក្រពើ និង​ច្រមុះ​ខ្ពស់​ស្រាប់​តាំងពី​ក្មេង​ដែល​ផុស​ចេញ​ពី​អាជីព​ដំបូង​ជា​តារា​ម៉ូដែល​នោះ​៕