ភ្នំពេញ៖ ពេល​នេះ​ច្បាស់​ការ​ហើយ​ តារា​​ចម្រៀង​​​​​ស្រី​​​​ស្រស់​សម្រស់​កាន់​តែ​​​​ស្អាត​​​ផូរផង់​ សាច់​សខ្ចី​អ្នក​នាង​ ពេជ្រ សូលីកា បាន​វិល​​ត្រឡប់​មក​ជ្រក​កោន​នៅ​ផលិតកម្ម​ហង្សមាស​វិញ​ហើយ​ លើ​​​វិថី​សិល្បៈ​ចម្រៀង ​​ដោយសារ​​ថ្មីៗ​នេះ ​ឃើញ​ផលិតកម្ម​បង្ហោះ​សារ​តាម​គេហទំព័រ​ឱ្យ​ដឹង​ពី​ការ​ចេញ​​បទ​ចម្រៀង​ដំបូង ​​​មាន​​ចំណង​ជើង​ថា​ «ម្នាក់​នោះ​​មិន​មែន​​​យើង»​។

ចេញ​ពី​គេហទំព័រ​របស់​ផលិតកម្ម​ហង្សមាស​កាល​​ពី​ថ្ងៃ​ទី ​១៤ ខែ ​តុលា ​ឆ្នាំ ​២០២០ កន្លង​មក​​ចេញសារ​ថា៖ « ព្រោះ​គេ​​​ស្រឡាញ់​​តែ​ម្នាក់​នោះ​ទេ ​ហើយ​ម្នាក់​នោះ​មិនមែន​យើង​ទេ!​ យើង​នេះ​ខំ​ប្រឹង​ល្អ​ដាក់​គេ ​ដល់​ណា​ក៏​គ្មាន​ផ្លូវ​គេ​ស្រឡាញ់​ដែរ!​ ​បទ​ «ម្នាក់​នោះ​មិនមែន​យើង»​ លោក​អ្នក​អាច​ទស្សនា​បាន​​នៅ​តាម​យូធូប ដែល​ច្រៀង​ដោយ ពេជ្រ សូលីកា និពន្ធ​ទំនុក​ច្រៀង​ដោយ​ នី សុគន្ធា និពន្ធ​​បទ​ភ្លេង និង​សម្រួល​​បទ​ភ្លេង​ដោយ​ ចក់» ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បាន​សម្រាល​​បុត្រ​​ដំបូង ​ជាមួយ​​ស្វាមី​មិន​​ទាន់​​បាន​​​រៀបការ​​ដោយសារ​តែ​បញ្ហា​កូវីដ​​ ​១៩ ​នោះ​។​

កាល​ពី​ឆ្នាំ ២០១៩ ​​កន្លង​មក​នេះ ដំណឹង​វិល​​ចូល​​ទ្រនំ​​​​កម្មវិធី​ហង្សមាស​​វិញ​ ហាក់​ស្ថិត​​​ក្នុង​ភាព​​​​ស្រពេច​ស្រពិល​ដដែល​ ដោយសារ​​ស្រី​​​​ស្រស់​​ ពេជ្រ​ សូលីកា ​ឧស្សាហ៍​​​បង្កើត​ភាព​​​​ភា្ញក់​ផ្អើល និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​រូប​នេះ​ រមែង​​លេច​​ឮ​នូវ​​ដំណឹង​​ដូច្នេះ​តាំង​ពី​ឆ្នាំ ​២០១៧​ មក​​​។ តែ​នៅ​ឆ្នាំ ២០២០ ​នេះ ស្រាប់​តែ​ខាង​ផលិតកម្ម​ជា​អ្នក​​​ទម្លាយ​រឿង​​វត្តមាន​​តារា​ចម្រៀង​ស្រី​រូប​ស្រស់​សោភា ដែល​​ធ្លាប់​ចាកចេញ​ពី​ទ្រនំ​ម្តង​ហើយ​នោះ ​ជាមួយ​នឹង​ការ​ខិតខំ​ជួយ​​លើក​​បទ​​ចម្រៀង​ថ្មី​របស់​អ្នក​នាង ពេជ្រ​ សូលីកា តែ​ម្តង​។​​

គ្រាន់​តែ​លេច​ដំណឹង​នេះ​​ភ្លាម ក៏​មាន​​ក្រុម​​អ្នក​គាំទ្រ​សម្តែង​ការ​ភ្ញាក់​ផ្អើល​ផង និង​អបអរ​សាទរ​ផង ដោយសារ​​ថា​៖ ​​ «​ស្រឡាញ់​បង​ណាស់​ចាំ​បង​យូរ​ហើយ​ ចង់​ស្តាប់​បង​ច្រៀង ចង់​​​ឃើញ​បង​សម្តែង ជូន​​ពរ​បង​ជួប​តែ​រឿង​​ល្អៗ ​មាន​សុភមង្គល​​​នៅ​ក្នុង​គ្រួសារ ជា​ពិសេស​សូម​ឱ្យ​​បង​ទទួល​បាន​ការ​គាំទ្រ​​កាន់​តែ​ច្រើន​ឡើង​ និង​ជា​អាយដល​​​​នៅ​ក្នុង​បេះដូង​ហ្វេន​គ្រប់ៗ​គ្នា»។​

ខណៈ ​ភ្នំពេញ ​ប៉ុស្តិ៍ ​​ក៏​​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​នាង​បាន​ច្បាស់​លាស់​​នោះ​ទេ ​ពេល​​ទាក់ទង​តាម​ទូរស័ព្ទ​​​តារា​ចម្រៀង​ស្រី ដែល​​មហា​ជន​ធ្លាប់​យល់​ច្រឡំ​ថា នាង​ក៏​មាន​ទំនាក់ទំនង​ជាមួយ​​តារា​ចម្រៀង​​ប្រុស​​សំឡេង​​​ផ្អែម លោក ណុប សម្បត្តិនីកូ ហៅ នីកូ កាល​​ពី​មិន​ទាន់​មាន​ម្ចាស់​ស្នេហ៍៕​