ភ្នំពេញ៖ គ្រាន់តែ​ចូល​ដើម​ឆ្នាំ ២០២១ ភ្លាម តារា​ស្រី​ម៉ូ​ដែល និង​តារា​សម្តែង​កំពុង​ឡើង​កូដ​កញ្ញា យ៉ែម ស្រីពេជ្រ ក៏​ចាប់​បាន​លាភ​ធំ​ភ្លែត​ក្លាយ​ជា​តួឯក​ស្រី​ក្នុង​រឿង «គ្រោះ​ជីវិត​កូវីដ ១៩» របស់​ផលិតកម្ម​កថាជ័យ​ភាពយន្ត​របស់​លោក ហ៊ុយ យ៉ាឡេង។

តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍ ស្រីស្រស់​កញ្ញា យ៉ែម ស្រីពេជ្រ អតីត​ជា Freshie Girl ឆ្នាំ ២០១៥ ដែល​កំពុង​មាន​ទីផ្សារ​សម្តែង​កុនភាគ និង​កុន​ដុំ តាំង​ពី​គ្រង​តំណែង​តួឯក​ស្រី​រឿង «កូន​ក្រមុំ​លោក​មេឃុំ» ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ស្រាប់​តែ​សម្តែង​ពី​ភាព​ភ្ញាក់​ផ្អើល​ពី​ការ​ទទួល​បាន​កាដូ​ដើម​ឆ្នាំ ២០២១ ក្នុង​ការ​ថតកុន​ដុំ​រឿង «គ្រោះ​ជីវិត​កូវីដ ១៩»។

តារា​ស្រី​ដែល​មាន​រូប​សម្រស់​កាន់​តែ​ស្រស់​ស្អាត គួប​ផ្សំ​ជាមួយ​នឹង​ទេពកោសល្យ​សម្តែង​រូប​នេះ បាន​បង្ហើរ​សារ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម​ថា៖ «ដើម​ឆ្នាំ​ថ្មី មាន​ការងារ​ខ្នាត​ធំ​ថ្មី ប្រឹង​ធ្វើ​ការ​ទាន់​ខ្លួន​នៅ​ក្មេង» អម​នឹង​រូបថត​ពេល​ធ្វើ​ពិធី​ក្រុង​ពាលី កាល​ពី​ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ ២០២១ កន្លង​មក​នេះ។

ដើម្បី​ចង់​ឱ្យ​ជំងឺ​កូវីដ ១៩ ក្លាយ​ជា​មេរៀន​ចងចាំ​បែប​លក្ខណៈ​ប្រវត្តិសាស្ត្រ​សម្រាប់​ពិភព​លោក និង​ប្រទេស​កម្ពុជា ​នា​ពេល​នេះ លោក ហ៊ុយ យ៉ាឡេង បាន​ប្រកាស​ថា​នឹង​ផលិត​ខ្សែភាពយន្ត​បែប​អប់រំ​ដែល​មាន​ចំណង​ជើង​ថា «គ្រោះ​ជីវិត​កូវីដ ១៩ » ស្តែង​ពី​វិបត្តិ​ធំៗ​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បង្ហើប​ឱ្យ​ដឹង​ថា៖ «ស្នាដៃ​នេះ មាន​រសជាតិ​ច្រើន ដែល​លាយឡំ​គ្នា យំ កម្សត់ និង​លាយ​សំណើច ហើយ​រឿង «គ្រោះ​ជីវិត​កូវីដ ១៩» នេះ​ក៏​មាន​គម្រោង​អាច​នឹង​ដាក់​បញ្ចាំង​មុន​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ផង​ដែរ ឬ​អាច​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ គឺ​តាម​ភាព​ជាក់​ស្តែង»។

ខ្សែ​ភាពយន្ត​រឿង «គ្រោះ​ជីវិត​កូវីដ ១៩» ដែល​និយាយ​ពី​វិបត្តិ​កូវីដ ១៩ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភព​លោក គ្រោង​ចាយ​ទុន​ចំនួន ៧ ម៉ឺន​ដុល្លារ។ ភាពយន្ត​នេះ​ផលិត​ឡើង ដើម្បី​ចងក្រង​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជំងឺ​ឆ្លង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ពិភព​លោក​ទាំង​មូល។ នេះ​បើ​តាម​លោក ហ៊ុយ យ៉ាឡេង ជា​ផលិតករ​ភាពយន្ត​ផ្ទាល់ និង​ស្នាដៃ​រឿង «ដើម្បី​កូន» បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖«គោល​បំណង​សំខាន់​នៃ​ការ​ផលិត​រឿង​នេះ ​គឺ​ដើម្បី​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ស្ដីពី​វិបត្តិ​កូវីដ ១៩ ដែល​បាន​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ពិភព​លោក​ទាំង​មូល។ កុន​នេះ​ប្រហែល​គ្រោង​ថត​ពេល ១ ខែ និង​ចាយ​ទុន​ថត​ប្រមាណ ៧ ម៉ឺន​ដុល្លារ នឹង​ក្លាយ​ជា​ឯកសារ​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ»៕