The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រី​​ស្រស់ រឿន ណាត​ ក្តោប​​ទីផ្សារ​​​សិល្បៈ​ណែន​ ទោះ​ក្នុង​​​គ្រា​វិបត្តិ​កូវីដ​




ស្រី​​ស្រស់ រឿន ណាត​ ក្តោប​​ទីផ្សារ​​​សិល្បៈ​ណែន​ ទោះ​ក្នុង​​​គ្រា​វិបត្តិ​កូវីដ​

Content image - Phnom Penh Post
តារា​សម្តែង និង​អតីត​ស្រីស្អាតតំណាងសម្រស់​កញ​្ញាឯក​ចក្រវាឡ​កម្ពុជា​ឆ្នាំ​ ២០១៨ កញ្ញា រឿន ណាត​។ ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត គ្រង​ដោយ​កញ្ញា រឿន ណាត សម្រស់​ផូរ​ផង់។ រូបថត ហ្វេសប៊ុក​

ស្រី​​ស្រស់ រឿន ណាត​ ក្តោប​​ទីផ្សារ​​​សិល្បៈ​ណែន​ ទោះ​ក្នុង​​​គ្រា​វិបត្តិ​កូវីដ​

ភ្នំពេញ៖ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​​​តារា​​ប្រុស​ស្រី​គ្រប់​រូប ហាក់​រអ៊ូ​ពី​ការងារ​សិល្បៈ​​​ធ្លាក់​​ចុះ​ក្នុង​ពេល​ជួប​​​មាន​​​វិបត្តិ​ជំងឺ​កូវីដ ១៩ ​សឹង​តែ​គ្រប់​គ្នា​នោះ ស្រាប់​តែ​ស្រី​ស្អាត​ រឿន ណាត​ កំពុង​​តែ​ផុស​ផុល​​​ខ្លាំង និង​មមាញឹក​​​​សម្រុក​​ថត​កុន ​ថត​សម្អាង​​​ការ​ រក​​ពេល​សម្រាក​​សឹង​តែ​​គ្មាន​​​​​ទៅ​វិញ​។​

អតីត​ជា​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨​ កញ្ញា រឿន ណាត​​ ដែល​​ស្រូប​បាន​​ប្រជាប្រិយភាព​​​ខ្លាំង​​ពី​មហាជន​​​ កាល​ពី​​ពេល​​​នាង​ជា​តំណាង​ឱ្យ​កម្ពុជា​​​ក្នុង​ការ​ប្រកួត​​បវរកញ្ញា​ចក្កវាឡ​​​ពិភព​លោក​​​ឆ្នាំ ២០១៨ និង​ក្រោយ​មក​ក៏​ផុសផុល​នឹង​​​ទីផ្សារ​​​ថតកុន ថត​ស្ប៉ត​នានា​​ និង​​​ថត MV ​បទ​​ចម្រៀង​​​​ជា​​ហូរហែ​ ដែល​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ដ៏​ល្អ ​ឆ្ពោះ​​​ទៅ​រក​ភាព​​ជោគជ័យ​លើ​វិថី​សិល្បៈ​ ខណៈ​​រូប​សម្ផស្ស​​​​វិញ​កាន់​​តែ​ស្រស់​ផូរផង់​ ជា​​ទី​បេតី​​នៃ​​ក្រុម​​កន្លង់​ចង់​ចោម​រោម​មិន​​តិច​នោះ​ឡើយ ស្ម័គ្រ​ស្មោះ​សុំ​ឃុំ​គ្រង​ជា​ម្ចាស់​បេះដូង​​​។​

ជាក់​ស្តែង​​ថ្មីៗ​នេះ នា​រាត្រី​​​ថ្ងៃ​ប្រកាស​លទ្ធផល​ជម្រុះ​បឋម​នៃ​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០២០ ដែល​កញ្ញា រឿន ណាត មិន​ត្រឹម​តែ​ជា​​រៀម​ច្បង​មាន​បទពិសោធ​ល្អ​​ក្នុង​វិស័យ​ប្រកួត​ប្រជែង​សម្រស់​ផ្នែក​នេះ​ ថែម​ទាំង​ត្រូវ​បាន​គេ​ជ្រើស​ឱ្យ​​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​គណៈកម្មការ​វាយ​តម្លៃ និង​ផ្តល់​ពិន្ទុ​ សម្រាប់​អ្នក​ជំនាន់​ក្រោយ​នាង​​ហើយ​​​រូប​សម្រស់​របស់​នាង​ក៏​​កាន់​តែ​ស្រស់​​សោភា​តែ​ម្តង​​។

អតីត​កញ្ញាឯក​ចក្កវាឡ​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត ដែល​ត្រូវ​បាន​កម្មវិធី​អញ្ជើញ​​ធ្វើ​ជា​គណកម្មការ​​នៃ​កម្មវិធី​​ប្រកួត Miss Universe Cambodia 2020 នេះ នា​ពេល​​បង្ហាញ​វត្តមាន​នៅ​​ក្នុង​កម្មវិធី​​កាល​​ពី​ថ្ងៃទី ​១៥ ខែ ​វិច្ឆិកា ឆ្នាំ ​២០២០ កន្លង​មក​ថ្មីៗ​នេះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​សរសើរ​ខ្លាំង​ពី​សំណាក់​មហាជន ​ជា​ពិ​សេស​​ហ្វ៊ែនៗ ក្រោយ​​​ឃើញ​សម្រស់​របស់​​កញ្ញា​​ក្នុង​ឈុត​មួយ​យ៉ាង​ទាក់ទាញ និង​តុបតែង​មុខ​​​ស្រស់​ស្អាត​​ ហើយ​​ប្លែក​​មាន​ភាព​​លេច​​​ធ្លោ​ខ្លាំង ខណៈ​នាង​បាន​បង្ហោះ​​តាម​បណ្តាញ​​​សង្គម​មុន​ពេល​ចូលរួម​កម្មវិធី​នោះ។

ស្រី​ស្រស់​វ័យ​ ២៥ ឆ្នាំ ជា​បុប្ផា​ដុះ​​នៅ​លើ​ទឹក​​ដី​កំណើត​ខេត្ត​កំពង់ចាម​​ កញ្ញា រឿន ណាត ក៏​បញ្ជាក់​ឱ្យ​ដឹង​ពី​ភាព​ប្លែក​ដែល​រូប​នាង​កំពុង​តែ​សម្បូរ​ទីផ្សារ​ការងារ​សិល្បៈ​នេះ​ក្នុង​អារម្មណ៍​បែប​ឆ្ងល់​ខ្លួន​​ឯង​ផង​ដែរ​ ​​លាយ​ឡំ​​​ដោយ​សំណើច​​តិចៗ​បន្លឺ​ឡើង​ថា៖ «នាង​ខ្ញុំ​​ក៏​ឆ្ងល់​ដែរ ហេតុ​អ្វី​ពេល​នេះ នាង​ខ្ញុំ​បែរ​ជា​សម្បូរ​​គេ​ទាក់ទង​ការងារ​សិល្បៈ​សឹង​តែ​គ្មាន​ពេល​​សម្រាក​ទៅ​វិញ​។ តែ​យ៉ាង​ណា​ក៏​នាង​ខ្ញុំ​សូម​ថ្លែង​នូវ​អំណរ ​អរគុណ​​សម្រាប់​ការ​​​គាំទ្រ​ពី​សំណាក់​បង​ប្អូន​មហាជន​​បណ្តា​ក្រុមហ៊ុន និង​ផលិតកម្ម​នានា​ផង​ដែរ​ចំពោះ​ការ​ផ្តល់​នូវ​ភាព​ជឿជាក់​មក​លើ​សមត្ថភាព​រូប​​នាង​ខ្ញុំ​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​»៕​​

អត្ថបទគួរចាប់អារម្មណ៍