ភ្នំពេញៈ កាលពីថ្មីៗនេះ កញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងថ្មីមានចង្វាក់ញាក់របស់ខ្លួនមានចំណងជើងថា «កាយ» ដែលមានក្បាច់រាំ និងអត្ថន័យមិនធម្មតានោះទេ តែកញ្ញាក៏ហាក់ដូចជាបានត្រៀមចិត្តរួចជាស្រេចចាំទទួលយកនូវរាល់ការរិះគន់នានាពីមហាជនផងដែរ។
សម្រាប់បទចម្រៀងមួយបទនេះទាំងសាច់ភ្លេង ក្បាច់រាំ និងអត្ថន័យ ពិតជាប្លែក និងកន្ត្រាក់អារម្មណ៍មែនទែន ធ្វើឲ្យមហាជនមិនតិចនោះទេ ជាពិសេសយុវវ័យបានស្លុងអារម្មណ៍តាមស្ទើរតែក្តៅខ្លួនទៅហើយជាមួយនឹងការបញ្ចេញក្បាច់រាំដ៏រស់រវើករបស់កញ្ញា រ៉ាប៊ី។
តារាចម្រៀងស្រីដែលទើបបានបកស្រាយរឿងដំឡើងតម្លៃខ្លួនលើសមុនទ្វេដងសម្រាប់ស្ពនស័រណាចង់បានវត្តមាននាងទៅច្រៀងក្នុងកម្មវិធីណាមួយ ក្រោយពីចម្រៀង ២ បទគឺទី ១ បទ «មាន់ស្រែ» និងទី ២ បទ «ស្នេហ៍អើយ-ស្នេហ៍» ច្រៀងគូជាមួយនឹងនាយ ពែកមី ស្ទួយឲ្យមានរាសីឡើងខ្លាំងកាលដើមឆ្នាំមកនោះក៏បានបកស្រាយប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងការទទួលស្គាល់ផងដែរចំពោះការប្រឈមនឹងការរិះគន់ពីមហាជនទាំងរឿងល្អ និងទាំងរឿងមិនល្អ។
តារាចម្រៀងស្រីរលកក្រោយនៅផលិតកម្មថោន ឈ្មោះពិត ផាន វីរ៉ាទី ហៅ កញ្ញា រ៉ាប៊ី អាចកើបប្រាក់បាន ១០ ម៉ឺន ដុល្លាររយៈពេលមិនបានមួយឆ្នាំផងនោះបានបង្ហើបប្រាប់ភ្នំពេញ-ប៉ុស្តិ៍ទាំងរីករាយថា៖ «នាងខ្ញុំបានត្រៀមចិត្ត និងអារម្មណ៍រួចជាស្រេចហើយចំពោះរាល់ការ Comments ទាំងចូលចិត្ត និងមិនចូលចិត្តសម្រាប់ការចេញបទថ្មីរបស់ខ្ញុំដែលមានចំណងជើងថា «កាយ» នេះ។ តែនាងខ្ញុំមិនបានខ្វល់ខ្វាយឡើយរាល់ការនិយាយរិះគន់របស់អ្នកគាំទ្រ សំខាន់នោះគ្រាន់តែចាំមើលថា តើបទនេះនឹងមានចំនួនអ្នកចូលចិត្តប៉ុន្មាន និងអ្នកមិនចូលចិត្តប៉ុន្មាន? ហើយប្រសិនមានចំនួនចូលចិត្តច្រើនជាងអ្នកមិនចូលចិត្តនោះគឺនាងខ្ញុំសប្បាយចិត្ត និងយល់ថា បទចម្រៀងថ្មីខ្លួនប្រាកដជាទទួលបានការគាំទ្រខ្លាំង ឬល្បីមិនខាន»។
កញ្ញា រ៉ាប៊ី បានបន្តថា៖ «នាងខ្ញុំក៏យល់ និងបានតាមដានផងដែរថា សម្រាប់ការរិះគន់មិនពេញចិត្តនូវរាល់ការចេញបទចម្រៀងរបស់នាងខ្ញុំកន្លងមក ហាក់ដូចជាមិនមានភាពធ្ងន់ធ្ងរខ្លាំងនោះឡើយ ប្រសិនបើប្រៀបធៀបនឹងឥទ្ធិពលរិះគន់ទៅលើអ្នកសិល្បៈផ្សេងៗទៀតនោះ»។
ពេលកន្លងមក កញ្ញា រ៉ាប៊ី ក៏ធ្លាប់បានបកស្រាយដែរចំពោះភាពល្បីល្បាញថា បទ «មាន់ស្រែ» របស់នាងអាចរកប្រាក់ចំណូលបានចំនួន ១០ ម៉ឺនដុល្លារឯណោះ ? គឺនាងមិនបាននិយាយថាមានចំនួនបែបនោះទេគឺវាគ្រាន់តែមានចំនួនក្បែរៗនឹងចំនួននោះតែប៉ុណ្ណោះដោយនាងប្រាប់ថាគឺរកតាមរយៈប្រាក់ចំណូលប្រចាំខែតែប៉ុណ្ណោះ បើមានកម្មវិធីតន្ត្រីច្រើនទើបអាចរកបានដូច្នេះ»៕