ភ្នំពេញ៖ ថ្មីៗ​នេះ​ស្រាប់​តែ​លេច​វត្តមាន​​​អតីត​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខត​​ កញ្ញា សុខ ចិន្តា ហៅ វ៉ាន់​នី​ឡា ​​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​ មាន​ចំណង​ជើង​ថា «បេះដូង​វីរជន​អាវ​ស (Covid-19)​» ដែល​ផលិត​​ដោយ​សមាគម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​​យុវជន​សម្តេច​តេជោ (TYDA) ក្រោយ​​​​ពី​​ចប់​​​​រដូវកាល​​​​​ពិធី​បុណ្យ​​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ភ្លាម​​​​នោះ​។​

ការ​ចេញ​មក​បំពេ​អារម្មណ៍​មហាជន​ឡើង​វិញ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​សាច់​សខ្ចី ​ដែល​បាន​​បាត់​មុខ​ពី​សង្វៀន​សិល្បៈ​យូរ​ក្រែល​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ ខណៈ​បទ​ចម្រៀង​នោះ​គឺ​​ជា​ការ​ដឹកនាំ​ការ​ផលិត និង​និពន្ធ​ទំនុក​ច្រៀង​​ដោយ​បង​ប្រុស​នាង​​បង្កើត​​​លោក សុខ ជំនោរ និង​និពន្ធ​បទ​ភ្លេង​ដោយ​​លោក រួន ហៅ​​ចចក​សមុទ្រ​​​។

ដោយ​ឡែក​​បង​ប្រុស​របស់​តារា​ចម្រៀង​ស្រី​ វ៉ាន់នីឡា គឺ​លោក សុខ ជំនោរ ដែល​អតីត​​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ល្បី​​ឈ្មោះ​ល្បី​រាប់​​ឆ្នាំ​នៅ​ផលិតកម្ម​​ហង្សមាស និង​បច្ចុប្បន្ន​លោក​មាន​​​ផលិតកម្ម​ផ្ទាល់​ឈ្មោះ ​Films OutFox ក៏​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក និង​សារ​ខ្លះ​ឲ្យ​ដឹង​ថា កញ្ញា វ៉ាន់នីឡា ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី ហើយ​ត្រៀម​នឹង​ចូល​ប្រឡូក​សិល្បៈ​សា​ជា​ថ្មី​ម្ដង​ទៀត​​​ផង​ដែរ​។ ខណៈ​​លោក សុខ ជំនោរ បាន​សរសេរ​ថា៖ ​«​​គាំទ្រ​ទេ? ពួក​​យើង​ត្រឡប់​មក​​វិញ​អាច​នឹង​មក​ទាំង​ក្រុម​ផង​ទេ​ដឹង?»

ជា​​ការ​កត់​សម្គាល់​នោះ​​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​​ឧស្សាហ៍​​ឃើញ​អតីត​តារា​ចម្រៀង​ជ្រក​នៅ​ទ្រនំ​ភ្លេង​រីខត ដែល​ជំពប់​នូវ​រឿង​អាស្រូវ​ស្នេហា ដោយសារ​អតីត​មិត្ត​ប្រុស​បាន​ទម្លាយ​​រូប​អាក្រាត កញ្ញា វ៉ាន់នីឡា បង្ហើរ​សារ​ដែល​ជា​​តម្រុយ​​ប្រាប់​ពី​បំណង​​ចង់​​វិល​មក​រក​ឆ្នាំង​បាយ​ចាស់​នៅ​លើ​វិថី​ចម្រៀង​វិញ​ជា​រឿយៗ​​។ ជាក់​ស្តែង​​ដូចជា​មាន​​​​ការ Live វីដេអូ​ ច្រៀង​បំពេ​អារម្មណ៍​ប្រិយ​មិត្ត​តាម​​បណ្តាញ​​ហ្វេសប៊ុក​ ​ក៏​ឃើញ​កញ្ញា វ៉ាន់នីឡា បាន​បង្ហោះ​​សារ​ថា​៖ ​«​ខ្ញុំ​ចង់​ឡើង​ច្រៀង​លើ​ឆាក​វិញ ខ្ញុំ​ចង់​ចេញ​បទ​ចម្រៀង​ថ្មី ខ្ញុំ​​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន ខ្ញុំ​នឹក​ជីវិត​ជា​តារា​ចម្រៀង​​ខ្លាំង​ណាស់​»​។

កញ្ញា សុខ ចិន្តា ហៅ វ៉ាន់នីឡា ក៏​ធ្លាប់​​បង្ហើប​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ចាស​បង​! ​ជា​ការ​ពិត ​គឺ​​នាង​ខ្ញុំ​មាន​បំណង​ចង់​វិល​ទៅ​រក​​​​​វិស័យ​សិល្បៈ​ចម្រៀង​វិញ​មែន​! ​ហើយ​កន្លង​មក​ ខ្ញុំ​ក៏​ពុំ​ដែល​ប្រាប់​ថា ខ្លួន​ឯង​លា​ឈប់​ពី​វិស័យ​​សិល្បៈ​នោះ​ដែរ​។ ដោយសារ​​​​​តែ​​​ពេល​​ថ្មីៗ​នេះ នាង​ខ្ញុំ​តែង​មាន​អារម្មណ៍​នឹកនា​ខ្លាំង​​​នឹង​សិល្បៈ​ចម្រៀង ហើយ​​ពេល​នាង​ខ្ញុំ​និយា​យ​រឿង​ពី​អារម្មណ៍​​​ ពិត​​ជា​​ចង់​ចេញ​​​មក​ក្រៅ​​ឃើញ​បង​ប្អូន​ប្រិយមិត្ត​នៅ​តែ​មាន​ការ​គាំទ្រ​ច្រើន​ចាំ​គាំទ្រ ទើប​សម្រេច​ចិត្ត​នឹង​​វិល​​​ចូល​ទៅ​​ប្រឡូក​​វិញ​ពេល​​ឆាប់ៗ​​នេះ​ហើយ​​»​។

អតីត​ចម្រៀង​ស្រី​នៅ​ភ្លេង​រីខត​កញ្ញា វ៉ាន់នីឡា ​​ក៏​បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា​៖ «​ពេល​នេះ​ខ្ញុំ​ក៏​មាន​ក្រុម​ការងារ​រៀបចំ​ការ​និពន្ធ និង​ថត​បទ​ចម្រៀង​នានា​ថ្មីៗ ​ ហើយ​​​មាន​គោលដៅ​ថ្មី ​គឺ​នាង​ខ្ញុំ​នឹង​មិន​​វិល​​ទៅ​រក​ផលិតកម្ម​ចាស់​ហង្សមាស​នោះ​​ទេ​ ព្រោះ​ថា​នាង​ខ្ញុំ​បាន​ផុត​កុងត្រា​ហើយ​។ ​កន្លែង​​​ថ្មី​នេះ​ សុំ​ចិត្ត​បងប្អូន​រង់ចាំ​បន្តិច​សិន ​គឺ​នឹង​ជម្រាប​ប្រាប់​ពេល​ក្រោយ​»​៕​