ភ្នំពេញៈ ខណៈមហាជនទូទៅកំពុងតែនាំគ្នាជជែកវែកញែកយ៉ាងក្តៅគគុក តាមបណ្តាញសង្គមហ្វេសប៊ុកពីរឿងសំណង់បង្គោលភ្លើងខុសបច្ចេកទេសនៅចំកណ្តាលផ្លូវនៃមហាវិថីហាណូយ ដែលជារឿយៗតែងតែបង្កគ្រោះថ្នាក់រហូតយកជីវិតនៃអ្នកដំណើរនោះ ក៏ឃើញវត្តមានតារាសម្ដែងស្រីស្រករក្រោយ កញ្ញា ស៊ិន យូប៊ីន បានបរិយាយសំណេរខ្លួនដែរ ក្រោយពីមានចំណាត់ការចុងក្រោយរបស់ពីស្ថាប័នទទួលបន្ទុកលើផ្លូវ និងផ្នែកផ្តល់សេវាកម្មភ្លើង (EDC) ប្រើធុងទឹកដើម្បីទប់ស្កាត់មកនោះ។
សារចូលរួមជាមតិយោបល់របស់តារាសម្តែងស្រីរូបនេះ បានបង្ហើរឡើងក្រោយពីឃើញមានសកម្មភាពដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ នៅលើមហាវិថីហាណូយ មានបង្គោលភ្លើងនៅចំកណ្តាលផ្លូវ គឺទីតាំងនៅផ្តុំស្ថានីយប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ បានប្រើធុងទឹក ១ គូ ទៅដាក់អែបនឹងបង្គោលភ្លើងនីមួយៗ ដែលគេអាចសន្និដ្ឋានថា ជាវិធីជួយទប់ស្កាត់គ្រោះថ្នាក់បណ្តោះអាសន្ននោះ។
ស្រីស្រស់សោភា ដែលទើបបានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើម ប្រចាំព្រឹត្តិការណ៍ មហោស្រពភាពយន្តជាតិលើកទី ៥ កាលពីឆ្នាំ ២០១៧ កញ្ញា ស៊ិន យូប៊ីន បង្ហោះសារថា៖ «យ៉ាងហោចណាស់ក៏អាចជួយទប់បានខ្លះនៅពេលបុកដែរ។ នៅបរទេស ក៏ឃើញគេដាក់បែបនេះដែរ ឧទាហរណ៍ដូចនៅខាងអាគាំង (ប្រទេសអាមេរិក) ជាដើម។ តែយ៉ាងណាសង្ឃឹមថា EDC នឹងជួយដុតដៃដុតជើងរឿងខ្សែភ្លើងបង្កប់ក្រោមដី ឲ្យបានឆាប់រួចរាល់បន្តិច ដើម្បីដកបង្គោលភ្លើងនេះចោល ហើយបញ្ចប់ការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ក៏ដូចជាបញ្ចប់ការរិះគន់ក្នុងសង្គម Facebook មួយនេះទៀត ឃើញពេញ new feed រាល់ថ្ងៃ»។
យ៉ាងណាតារាស្រីរូបនេះ ក៏បានសុំការអភ័យទោសចំពោះពាក្យពេចន៍ ដែលហ៊ានបញ្ចេញជាមតិយោបល់ដែលជាសេចក្តីខ្វល់ខ្វាយពីរឿងបង្គោលភ្លើងចំកណ្តាលផ្លូវ ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ និងបានយកអាយុជីវិតអ្នកដំណើរស្ទើរតែរាល់ថ្ងៃនោះ បានសំណូមពរដល់ថ្នាក់លើដែរថា៖ «សុំអភ័យទោស បើមានសម្តីត្រង់ណា ទាស់ខុស នាងខ្ញុំគ្រាន់តែនិយាយតាមអ្វីដែលដឹង»។
គេកំពុងតែបង្កប់ខ្សែភ្លើងក្រោមដីហើយពេលរួចរាល់គេនឹងដកបង្គោលនេះចេញហើយតែពេលនេះគេដកមិនទាន់បានព្រោះបើដកនឹងត្រូវដាច់ភ្លើងក្នុងតំបន់នោះទាំងអស់ ហេតុដូចនេះទើបរដ្ឋាភិបាលស្នើសុំឲ្យបងប្អូនយើងមេត្តាបង្កើនការប្រុងប្រយ័ត្ន និងអនុគ្រោះ»។
គួរបញ្ជាក់ថា តារាស្រីវ័យ ២៣ ឆ្នាំ កញ្ញា ស៊ិន យូប៊ីន មានស្រុកកំណើតមកពីស្រុកកោះធំ ខេត្តកណ្តាល និងអតីតជាម្ចាស់ពានកម្មវិធីប្រឡង Freshie Girl លេខ ១ ប្រចាំឆ្នាំ ២០១៤ និងទើបប្រឡូកចូលវិស័យសម្តែងភាពយន្តប្រមាណតែ ៤ ឆ្នាំ ពិតមែន តែតារាស្រីស្រស់ ដែលគ្មានសាច់ញាតិជាអ្នកសិល្បៈសោះ ហើយរូបនាងគឺជាកូនច្បងនៅក្នុងគ្រួសារមានបងប្អូន ៣ នាក់ ខណៈឪពុកម្តាយជាមន្ត្រីរាជការនោះ មានរាសីឡើងខ្លាំងក្នុងទីផ្សារថតកុនភាគនៅឆ្នាំ ២០១៨ នេះ៕