ភ្នំពេញៈ ថ្មីៗនេះ ស្រាប់តែស្រីស្រស់ ដែលជាតារាសម្តែងរលកក្រោយកញ្ញា ស៊ិន យូប៊ីន មកបង្ហើរសាររៀបរាប់ពីភាពអត់ធ្មត់ដ៏យូរអង្វែងនៃសម្ព័ន្ធភាពនឹងបុរសសង្ហាម្នាក់ ដែលប្រិយមិត្តអាចដឹងរួចទៅហើយថាគឺលោក ខាត់ វ៉ៃហាំង បង្កការភ្ញាក់ផ្អើលសាជាថ្មី ដោយមានអមរូបនាងថតឈរឱបស្មាទៀតផង។
ស្រីស្រស់សម្ផស្សផូរផង់វ័យទើបតែ ២៣ ឆ្នាំ មានស្រុកកំណើតមកពីស្រុកកោះធំ ខេត្តកណ្តាល និងអតីតជាម្ចាស់ពាន Freshie Girl ចំណាត់ថ្នាក់លេខ ១ ប្រចាំនៅឆ្នាំ ២០១៤ កញ្ញា ស៊ិន យូប៊ីន បង្ហោះសារថា៖ «៥ ឆ្នាំនៅលើវិថីមួយនេះ ដើរឆ្លងរឿងក្តៅ រឿងត្រជាក់ជាច្រើន។ ចុងក្រោយនៅតែជាសសរដ៏រឹងមាំមួយដែលតែងតែឲ្យខ្ញុំផ្អែកមិនថាពេលមានទុក្ខ ឬសុខ។ អរគុណដែលទ្រាំជាមួយកប៉ាល់ភ្លើងមួយនេះបានយូរយ៉ាងនេះហិហិហិ!»។
ក្រោយពីបានឃើញសារនោះមកក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ពីមជ្ឈដ្ឋាននៃមហាជន ដែលបានតាមដានអំពីជីវិតឯកជនរបស់កញ្ញា ស៊ិន យូប៊ីន ខណៈដែលគេក៏ឧស្សាហ៍ឃើញនាង និងលោក ខាត់ វ៉ៃហាំង បណ្តើរគ្នាគ្រប់កម្មវិធី និងតែងតែបង្ហាញនូវភាពស្និទ្ធស្នាលលើសពីមិត្តធម្មតានោះ តែជារឿយៗនាងក៏បដិសេធរឿងសម្ព័ន្ធស្នេហ៍ខ្លួន និង កំលោះសង្ហាលោក ខាត់ វ៉ៃហាំង ផងដែរ។
ទោះជាយ៉ាងណា ក៏មិនមានការបកស្រាយពីតារាស្រី ដែលបានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើម ប្រចាំព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិលើកទី ៥ កាលពីឆ្នាំ ២០១៧ កន្លងមកនោះឡើយ ដោយសារនាងជាប់រវល់ថតកុនភាគថ្មីឲ្យប៉ុស្តិ៍ទូរទស្សន៍ PNN មានចំណងជើងថា «និស្ស័យស្នេហ៍នាងកែវមនោរាហ៍»។ នេះបើយោងតាម សម្តីអះអាងពីកញ្ញា លក្ខិណា ជាជំនួយការផ្ទាល់របស់ ស៊ិន យូប៊ីន។
កញ្ញា លក្ខិណា ក៏បញ្ជាក់ឲ្យដឹងខ្លះៗពីមន្ទិលសង្ស័យរបស់មហាជនពាក់ព័ន្ធនឹងសម្ព័ន្ធភាពរវាងកញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ដែរថា៖ «ដូចដែលធ្លាប់បានជម្រាបកាលពីមុនអ៊ីចឹងថា រវាងគាត់ និងលោក ខាត់ វ៉ៃហាំង នោះគឺពួកគាត់មានទំនាក់ទំនងជាមិត្តក្នុងវិថីសិល្បៈប៉ុណ្ណោះ នេះបើតាមនាងខ្ញុំបានដឹង និងតាមរយៈសារដែលបងបានលើកឡើងខាងលើនោះ»។
ខណៈសួរបញ្ជាក់បន្ថែមថា ចុះបើពួកគេគឺ គ្រាន់តែជាមិត្តធម្មតាក្នុងសិល្បៈនោះ ហេតុអ្វីលើកនេះ នាងហាក់ដូចជាបង្ហើរសារបែបសារភាពការពិតនៃចំណងស្នេហ៍ដ៏យូរយារដូច្នេះ? ជំនួយការផ្ទាល់របស់កញ្ញា ស៊ិន យូប៊ីន រូបនេះក៏បន្តថា៖ «សម្រាប់មហាជនយល់យ៉ាងណាខ្ញុំមិនដឹងទេចំពោះសារចុងក្រោយនោះ។ តែចំពោះរូបខ្ញុំក្នុងនាមជាជំនួយការផ្ទាល់គាត់ គឺគាត់ចង់សំដៅទៅលើដំណើរនៃការធ្វើការងារសិល្បៈជាមួយគ្នានឹងលោក ខាត់ វ៉ៃហាំង គឺអស់រយៈពេល ៥ ឆ្នាំនោះឯង មិនមែនជារឿងស្នេហាទេ!»។
ទោះបីជាទើបតែបានប្រឡូកចូលក្នុងវិស័យសម្តែងភាពយន្តបានប្រមាណជិត ៤ ឆ្នាំ ពិតមែន តែតារាស្រីស្រស់ ដែលគ្មានសាច់ញាតិជាអ្នកសិល្បៈសោះហើយរូបនាងគឺជាកូនច្បងនៅក្នុងគ្រួសារមាន បងប្អូន ៣ នាក់ ខណៈឪពុកម្តាយជាមន្ត្រីរាជការនោះក្តីតែនាង មានរាសីឡើងខ្លាំងក្នុងទីផ្សារថតកុនភាគ ដោយឆ្នាំ ២០១៨ នេះ គឺកញ្ញា ស៊ិន យូប៊ីន ត្រូវបានផលិតកម្ម ៤ កក់រូបនាងទុកឲ្យថតកុនភាគរួចទៅហើយផងដែរ៕