ភ្នំពេញ៖ ថ្មីៗ​នេះ​​ស្រាប់​តែ​ឃើញ​​តារា​សម្តែង ​និង​​ពិធីការិនី​រូប​ស្រស់​ប្រចាំ​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ​មិន​ចាញ់​តារា​ស្រី​ជំនាន់​ក្រោយ​ៗ បង្ហាញ​វត្តមាន​ក្នុង​កិច្ច​ការ​សង្គម​មួយ​ដោយ​​បាន​នាំ​យក​ប្រាក់​សប្បុរស​ធម៌​ចំនួន​ប្រមាណ ២ ០០០ ដុល្លារ ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​​​គន្ធបុប្ផា បើ​ទោះបី​ជា​​សម្ទុះ​នៃ​ទីផ្សារ​សិល្បៈ​របស់​ខ្លួន​មិន​សម្បូរ​នោះ​ក្តី​។​

តារា​សម្តែង​ស្រី និង​ពិធីការិនី​ មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​មិន​សូវ​មាន​វត្តមាន​សម្តែង​កុន​​​ខ្នាត​តូច​ធំ​មែន​ក្តី​តែ​កញ្ញា​កាក់កប​នឹង​ការ​ថត​​ស្ប៉ត​ និង​បើក​អាជីវកម្ម​​ក្រៅ​សិល្បៈ​ជា​ហូរហែ​ប្រមាណ​ជិត ​២ ឆ្នាំ​ចុង​​ក្រោយ​នេះ ក៏​បាន​​បង្ហើប​ប្រាប់​​ពី​ដើម​ចម​​នៃ​ការ​នាំ​យក​ប្រាក់​សប្បុរស​ផ្ទាល់​ខ្លួន​​ជួយ​សង្គម​ តាម​លទ្ធភាព​​​​នោះ​ថា៖ «អូ! ​តាម​ពិត​​ទៅ គឺ​នាង​ខ្ញុំ​មិន​មាន​ធនធាន​អ្វី​ច្រើន​អាច​​​ជួយ​​​នោះ​​ទេ គ្រាន់​តែ​ថ្មីៗ​នេះ នាង​ខ្ញុំ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​កុមារ​ ដែល​បាន​មក​​សម្រាក​​ព្យាបាល​នៅ​​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​ និង​ខាង​មន្ទីរ​​​ពេទ្យ​ក៏​ត្រូវ​ការ​​ជំនួយ​ផង​​ដែរ​​​ ទើប​​ក្រោយ​ពី​​នាង​ខ្ញុំ​បាន​លក់​​សម្លៀក​​បំពាក់​​មួយ​ទឹក​របស់​ខ្លួន​ឯង​​​បាន​​ប្រាក់​​នោះ​ ហើយ​ក៏​សម្រេច​នាំ​យក​ទៅ​​ជូន​ដល់​មន្ទីរពេទ្យ​​តែ​ម្តង។

ដើម​ឡើយ​​នោះ​ ក៏​នាង​ខ្ញុំ​មិន​​មាន​ក្តី​​​រំពឹង​គិត​ថា វា​អាច​នឹង​បាន​​ប្រាក់​ពី​ការ​លក់​សម្លៀក​​បំពាក់​​​មួយ​​​ទឹក​​ទាំង​នោះ​ទេ​ តែ​ពេល​បាន​ទើប​នាង​ខ្ញុំ​ក៏​​​សច្ចា​ក្នុង​ចិត្ត​ថា​ នឹង​នាំ​យក​​ទៅ​ជួយ​​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់​តែ​ម្តង​​»។​

កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ដែល​ជា​តារា​សម្តែង​ស្រី​ធ្លាប់​​ផ្ទុះ​ការ​គាំទ្រ​​ខ្លាំង​តាមរយៈ​កុន​ដុំ​រឿង ​«ធ្មប់» កាល​​​ពី​ឆ្នាំ ​២០១៨ ក៏​បាន​បន្ត​​​ទៀត​​ថា៖ «​ដោយសារ​តែ​​​បញ្ហា​​​ជំងឺ​កូវីដ ១៩ ​ទើប​បាន​​ការងារ​​សម្តែង​​សិល្បៈ​​វា​មិន​សូវ​សម្បូរ​ តែ​ឥឡូវ​នេះ ​ហាក់​ដូច​ជា​គ្រាន់បើ​ជាង​​កាល​ពី​​​អំឡុង​ពេល​ខែ ២​-៣​ ដើម​​​ឆ្នាំ​។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ ​សម្រាប់​​កិច្ច​ការ​ជួយ​សង្គម​បែប​​នេះ ក៏​នាង​ខ្ញុំ​​ចង់​ឆ្លៀត​តាម​លទ្ធភាព​​ផង​​ដែរ។​

ដោយ​ឡែក​​នាង​ខ្ញុំ​​ក៏​ចង់​ជម្រាប​ដល់​បង​​​ប្អូន​​ខ្មែរ​ទាំង​អស់ ទាំង​អ្នក​សិល្បៈ​ និង​បងប្អូន​​ខ្មែរ​ ដែល​​អាច​ចូលរួម​ជួយ​ទៅ​តាម​លទ្ធភាព​​ចំនួន ៥ ០០០ រៀល ក្នុង​ ១ ​ខែ ឬ​ចំនួន​ ៦០ ០០០ រៀល ក្នុង ​១​ ឆ្នាំ សម្រាប់​គាំទ្រ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​​បុប្ផា​​នោះ សូម​មេត្តា​ចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​រំលែក​ទុក្ខ​លំបាក​កុមារ​កម្ពុជា​ ដែល​បាន​មក​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ ក្នុង​ស្មារតី ​«ខ្មែរ​ជួយ​ខ្មែរ» ខណៈ​​ខាង​មន្ទីរពេទ្យ​ក៏​មាន​មូលនិធិ​នេះ​ផង​ដែរ​»។​​

បើ​តាម​ការ​​កត់​សម្គាល់​​ នា​មួយ​​រយៈ​ពេល​ចុង​ក្រោយ​នេះ​ តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​ សម្រស់​មិន​ចាស់​ទៅ​តាម​វ័យ​​​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់​បី​ដូច​ជា​មាន​ភាព​​​រយាល​នឹង​ការ​​​សម្តែង​​សិល្បៈ​បន្តិច​ ដោយសារ​គេ​សង្កេត​​ឃើញ​ថា​ នាង​មាន​ការ​​មមាញឹក​ខ្លាំង​ទៅ​​​នឹង​ការ​បើក​​អាជីវកម្ម​​​លក់​គ្រឿង​សម្អាង​កាយ​ជាមួយ​នឹង​​ម៉ាក​​​ U.​Me និង ELMA ដែល​​ជា​ផលិតផល​កំពុង​ល្បី​នៅ​កម្ពុជា និង​បើក​ហាង​លក់​សម្លៀកបំពាក់​ ដែល​នេះ​ គឺ​​ជា​​ដើម​ចម​​​មួយ​​​​នៃ​អាថ៌​កំបាំង​​សម្រស់​ស្រស់​ស្អាត​ នៅ​​តែ​ក្មេង​ជា​និច្ច​របស់​​កញ្ញា​​​​ហើយ​មើល​ទៅ៕​