ភ្នំពេញ៖ ខណៈពិធីធ្វើខួបកំណើតរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែងឈ្មោះពិត សុខ មេសា ហៅ នាយចឺម ឆ្នាំនេះ រាងស្ងាត់ ដោយសារការជួបជុំគ្នាច្រើនតាមទីកន្លែងផឹកស៊ី ឬអាហារដ្ឋាននានា ត្រូវហាមប្រាមព្រោះតែចង់បង្ការការឆ្លងជំងឺកូវីដ ១៩ នោះ ក៏ស្រាប់តែស្រីស្រស់ សាច់សខ្ចី ហា្វហ្វា ក៏ឆ្លៀតធ្វើខួបកំណើត Surprise គូស្នេហ៍ ដើម្បីលួងចិត្ត និងរឹតបន្តឹងសម្ព័ន្ធស្នេហ៍ឲ្យកាន់តែស្អិតល្មួតពីចម្ងាយ។
តារាសម្តែងស្រី ពិធីការិនី និងតារាម៉ូដែលរូបស្រស់ស្អាត សាច់សខ្ចី ឈ្មោះពិត គៀត បេឡា ហៅកញ្ញា ហ្វាហ្វា បានយកនំខេកដាក់ឈ្មោះគូស្នេហ៍ជាភាសាអង់គ្លេសមានរូបបេះដូង ធ្វើខួបបែបស្ងាត់ៗ មិនមានការជួបដូចជាកាលពីមុនឡើយ ព្រោះថា នាយ ចឺម នៅតាមខេត្ត ខណៈស្រីស្រស់ ហ្វាហ្វា នៅភ្នំពេញជូនពរពីចម្ងាយថា៖ «រីករាយថ្ងៃកំណើត អាយដលសំណព្វចិត្ត ជូនពរសុខភាពល្អ មានលុយច្រើនៗ ប្រាថ្នាអ្វី បានដូចបំណង ស្រឡាញ់អាយដល Jerm-Singer» ដែលចំថ្ងៃចូលឆ្នាំថ្មីឆ្នាំជូត កាលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ ថ្មីៗនេះ។
ដោយសារតែការធ្វើខួបកំណើតមើលទៅ ហាក់ដូចជាមិនមានភាពស្និទ្ធស្នាល សូម្បីតែលក្ខណៈជាគូស្នេហ៍នោះ ទើបមានអ្នកគាំទ្រខ្លះសួរត្រង់ៗថា៖ «ហេតុអ្វីបានជាមិនទៅជួបជុំគ្នាសិនទៅស៊ីស?»។
ទើបកញ្ញា ហ្វាហ្វា បានឆ្លើយតបវិញថា៖ «អត់ផង ព្រោះគាត់នៅខេត្តទៅអត់កើតផងបង»។ ខណៈមួយសន្ទុះក្រោយមកម្ចាស់ខួប តារាចម្រៀងប្រុសវ័យក្មេង កំពុងតែទទួលបានប្រជាប្រិយភាពពីយុវវ័យនៅផលិតកម្មសាន់ដេ នាយ ចឺម តបសារកញ្ញា ហ្វាហ្វា វិញថា៖ «អរគុណខ្លាំងណាស់ ហ្វេនសំណព្វចិត្ត Far Far!»។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស នាយ ចឺម និងពិធីការិនី តារាសម្តែងរូបស្រស់ កញ្ញា ហ្វាហ្វា ដែលជាបុប្ផា ១ ទង ដែលមានសម្រស់ស្រស់ស្អាត សាច់សខ្ចី ស្រុកកំណើតស្រុកកៀនស្វាយ ខេត្តកណ្តាល វ័យ ២៣ ឆ្នាំ បានបង្កាត់ឡើងអស់រយៈពេលប្រមាណជាជិត ២ ឆ្នាំចុងក្រោយនេះ ខណៈពួកគេក៏មិនទាន់បានបង្ហើបរឿងកំណត់ពេលក្រាបផ្ទឹមក្រោមរោងជ័យនៅឡើយនោះដែរ ក្រោមហេតុផលមួយស្របគ្នាថា ពួកគេសុទ្ធតែនៅក្មេងៗហើយក៏ចង់គិតលើរឿងសិល្បៈឲ្យបានយូរបន្តិចទៀតសិន៕