The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រី​ស្អាត​គូ​ដំបូង ​រៀបការ​ស្របច្បាប់​​នៅ​អៀរឡង់​ខាង​ជើង​




ស្រី​ស្អាត​គូ​ដំបូង ​រៀបការ​ស្របច្បាប់​​នៅ​អៀរឡង់​ខាង​ជើង​

Content image - Phnom Penh Post
ក្រោយពីនៅជាមួយ​គ្នា​ ៦ ឆ្នាំ​ ស្ត្រីស្រឡាញ់ភេទដូចគ្នា​បាន​រៀបការ​ស្របច្បាប់​នៅ​ថ្ងៃអង្គារ។ រូបថត AFP

ស្រី​ស្អាត​គូ​ដំបូង ​រៀបការ​ស្របច្បាប់​​នៅ​អៀរឡង់​ខាង​ជើង​

ក្រុង​ការីកហ្វើហ្គើស៖ ស្ត្រី​ស្រឡាញ់​​ភេទ​ដូច​គ្នា​​នៅ​ទីក្រុង​ប៊ែលហ្វាស់ អៀរឡង់​ខាង​ជើង បាន​រៀប​អាពាហ៍ពិពាហ៍​​​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ក្លាយ​ជា​គូស្នេហ៍​ភេទ​ដូចគ្នា​ដំបូង​ស្រប​ច្បាប់​នៅ​អៀរឡង់​ខាង​ជើង។

នាង រ៉ូប៊ីន ភីផល អាយុ ២៦ ឆ្នាំ និង​នាង​​ ហ្សារនី អេដវើត អាយុ ២៧ ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​​កាល​ពី​រសៀល​ថ្ងៃ​​អង្គារ​ នៅ​សណ្ឋាគារ​ក្នុង​ក្រុង​ការីកហ្វើហ្គើស នៅ​ជិត​ទីក្រុង​​ប៊ែលហ្វាស់ ក្រោយ​ពី​ច្បាប់​​ថ្មី​ត្រូវ​បាន​ចេញ​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ។

ច្បាប់​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ត្រូវ​បាន​កែ​សម្រួល​​ក្រោយ​ពី​មាន​​ការ​តស៊ូ​មតិ​ទាមទារ​ពី​អង្គការ Amnesty International និង​អង្គការ​​ដៃគូ​ជា​ច្រើន​ទៀត។

នាង អេដវើត ​ជា​បុគ្គលិក​ភោជនីយដ្ឋាន​មក​ពី​​អង់គ្លេស​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ក្រោយ​ពី​ទើប​រៀបការ​ថ្មីថ្មោង​ថា៖ «យើង​​មាន​អារម្មណ៍​ដូច​ជា​កំពុង​រស់នៅ​ក្នុង​​យល់​សប្ដិ។ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ»។

នាង​បន្លឺ​ឡើង​ថា៖ «យើង​មិន​រំពឹង​ថា យើង​នឹង​ក្លាយជា​គូស្នេហ៍​ភេទ​ដូច​គ្នា​​​ទី ១ ដែល​ទទួល​ស្គាល់​ដោយ​​​​​ច្បាប់​​​នោះ​ទេ»។

Content image - Phnom Penh Post
នាង រ៉ូប៊ីន ភីផល (ភរិយា) អាយុ ២៦ ឆ្នាំ និង ហ្សារនី អេដវើត (ប្ដី) អាយុ ២៧ ឆ្នាំ។ រូបថត AFP

ប្រពន្ធ​របស់​នាង អេដវើត បម្រើ​ការ​ជា​បុគ្គលិក​ថែទាំ​ចាស់​ជរា​នៅ​ក្រុង​ប៊ែលហ្វាស់ បាន​និយាយ​ថា៖ «យើង​បាន​​តស៊ូ​យូរ​ណាស់​មក​ហើយ​ រង់ចាំ​ឱកាស​ត្រូវ​បាន​ច្បាប់​ទទួល​ស្គាល់។ ឥឡូវ​ថ្ងៃ​នេះ​ពិត​ជា​មក​ដល់​ពិត​មែន។ វា​ពិត​ជា​អស្ចារ្យ​ណាស់»។

ប្ដី​ប្រពន្ធ​​ស្រី​ស្រឡាញ់​ស្រី ​១ គូ​នេះ បាន​ថ្លែង​អំណរគុណ​ដល់​​អ្នក​តស៊ូ​មតិ​ទាមទារ​ ​«សមភាព​នៃ​ក្ដី​ស្រឡាញ់» និង​អ្នក​នយោបាយ​ដែល​បោះឆ្នោត​គាំទ្រ​ការ​ផ្លាស់ប្ដូរ​នេះ។

ស្ត្រី​រូប​ស្រស់​ទាំង ​២ នាក់​នេះ បាន​រួមរស់​ជាមួយ​គ្នា​អស់ ៦ ឆ្នាំ​មក​ហើយ។ មុន​ទទួល​ដំណឹង​អំពី​សិទ្ធិ​​រៀបការ​​​ភេទ​ដូចគ្នា​ដោយ​ស្រប​ច្បាប់ ដើម​ឡើយ​ពួក​នាង​​ធ្លាប់​មាន​គម្រោង​​ចុះ​ «កិច្ច​សន្យា​ស្នេហ៍ ឬ​សេចក្ដី​ថ្លែង​ទំនាក់​ទំនង​គ្រួសារ​»។

កាល​ពី​ខែ​មុន​ នាង រ៉ូប៊ីន ភីផល និង​នាង​​ ហ្សារនី អេដវើត បាន​ធ្វើ​កម្មវិធី​រៀប​​​​មង្គលការ​​​អញ្ជើញ​ភ្ញៀវ​​រួច​មក​ហើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​បាន​ដឹង​ពី​ច្បាប់​ថ្មី ពួក​គេ​ក៏​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជា​ថ្មី​តាម​ផ្លូវ-​ច្បាប់ ភ្លាមៗ​តែ​ម្ដង។

ប្ដីប្រពន្ធ​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​​បាន​បន្ទោស​​​កត្តា​ចម្រូង​ចម្រាស​​ដោយសារ​ជំនឿ​សាសនា​​ខុស​គ្នា​​រវាង​អ្នក​នយោបាយ ដែល​អូស​បន្លាយ​ការ​អនុវត្ត​សិទ្ធិ​រៀបការ​ស្រប​ច្បាប់​ក្នុង​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា។

ក្រោយ​ពី​រៀបការ​ស្រប​ច្បាប់​រួច ប្ដីប្រពន្ធ​​ភេទ​ដូចគ្នា​ដែល​ម្នាក់​សក់​វែង​ទង់​ដែង និង​ម្នាក់​សក់​វែង​ខ្មៅ​រូប​​នេះ​ បាន​ប្រើ​នាម​​ត្រកូល​រួម​បញ្ចូល​គ្នា​គឺ Edwards-Peoples៕ AFP

អត្ថបទគួរចាប់អារម្មណ៍