ភ្នំពេញៈ ថ្មីៗ​នេះ​ក៏​ស្រាប់តែ​មហាជន​កើត​ការងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល ខណៈ​តារា​សម្តែង​ស្រី​សាច់​ខ្ចី កញ្ញា គៀត សុវណ្ណាឡាង ដែល​ទើប​តែ​ស្ងប់​រឿង​បង្កាត់ភ្លើង​ស្នេហ៍​នឹង​តារាប្រុស លឹម ជាឡាយ បង្ហើរ​សារ​ចម្លែក​ហាក់​ដូចជា​នាង​កំពុង​តែ​មាន​វិបត្តិ​អ្វីមួយ ឬ​ពិបាកចិត្ត​។

តារាស្រី​ដែល​កំពុង​មាន​ប្រៀប​លើ​វិថី​សម្តែង​ភាពយន្ត​ជាង​អាជីព​ចាស់​ធ្លាប់​ជា​តារាចម្រៀង​នៅ​ទ្រនំ​ភ្លេងរីខត កញ្ញា គៀត សុវណ្ណាឡាង ​សរសេរ​តាម​បណ្តាញ​អ៊ីនសា្តក្រាម​ថា​៖ «​ជីវិត​វា​មិន​ល្អ​គ្រប់ពេល​នោះ​ទេ ប៉ុន្តែ​គ្រប់​ពេល​ដែល​ឆ្លងកាត់​រឿង​មិន​ល្អ​សុទ្ធតែ​ជា​មេរៀន​ដ៏ល្អ ដែល​ជីវិត​បង្រៀន​យើង​»​។

ក្រោយពី​បាន​ឃើញ​សារ​នោះ​ភ្លាម​មហាជន​ក៏​មាន​ការភ្ញាក់ផ្អើល និង​បាន​លើក​ឡើង​បែប​ជា​ចម្ងល់​ដែរ​ថា​៖ «​តើ​ស្រី​ស្រស់​សាច់​សខ្ចី គៀត សុវណ្ណាឡាង កំពុង​តែ​មាន​វិបត្តិ​អ្វី​ដែរ​ទៅ​ហ្ន​បាន​ជា​បង្ហើរ​ហាក់​ដូចជា​បាន​ជួប​បញ្ហា​ច្រើន​? ចំណែកឯ​រឿង​ស្នេហា​វិញ ក្រែង​នាង​ធ្លាប់​បាន​បកស្រាយ​ច្រើន​សា​ហើយ​ថា នាង​មិន​មាន​ទំនាក់ទំនង​ស្នេហា​នឹង​តារាសម្តែង​ប្រុស​រូបសង្ហា លឹម ជាឡាយ ដែល​ធ្លាប់​គេ​សង្ស័យ​នោះ​ទេ​? ចុះ​ពេល​នេះ​នាង​កំពុង​តែ​មាន​បញ្ហា​អ្វី​ទៀត​មែន​ទេ​?»​។

តែ​កញ្ញា គៀត សុវណ្ណាឡាង តារាសម្តែង​ស្រី​ដែល​កំពុង​លេចធ្លោ​នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត​បន្តរ​ដឹក​មិន​សូវ​ដាច់ ហើយ​ឮថា​កំពុង​តែ​សម្ងំ​ផលិត​បទចម្រៀង​អូរីជីណល​ផ្ទាល់ខ្លួន​ដែរ​នោះ ឆ្លើយ​ទាំង​ងឿងឆ្ងល់​វិញ​ជាមួយ​នឹង​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តើ​ជា​សារ​ណា​មួយ​ទៅ​បង ដែល​ត្រូវ​បាន​បងប្អូន​គិត​ថា នាងខ្ញុំ​កំពុង​តែ​មាន​បញ្ហា​នោះ​? ជាក់ស្តែង​គឺ​នាង​ខ្ញុំ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ​»​។

កញ្ញា សុវណ្ណាឡាង បន្ត​ថា​៖ «​ប្រសិន​បើ​ជា​សារ​ចុងក្រោយ និយាយ​ពី​ជីវិត​នោះ​វិញ​គឺ​ថា​នាងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ដល់​គ្រប់​គ្នា ជាពិសេស​អ្នកមាន​វ័យ​តិច​ជាង​ខ្ញុំ ឬ​ជា​ប្អូនៗ​នោះ​ថា ជីវិត​របស់​មនុស្ស​យើង​គឺ​តែងតែ​ជួប​បញ្ហា​ជាច្រើន​មិន​ខាន ហើយ​បញ្ហា​ដែល​យើង​បាន​ឆ្លងកាត់​នោះ​ជា​មេរៀន ឬ​បទពិសោធ​ដ៏ល្អ​សម្រាប់​ជីវិត​យើង​ខ្លួនឯង​»​។

«​ការសរសេរ​ចេញ​ជា​សារ​នេះ​ឡើង​គឺ​ក្រោយពី​នាង​ខ្ញុំ​បាន​ជួប​នឹង​ប្អូនស្រី​ម្នាក់ ដែល​គាត់​មាន​ភាព​ពិការ​ដៃ​ទាំង​ ២ តែ​គាត់​នៅ​មិន​អស់​សង្ឃឹម ហើយ​ខំប្រឹង​រៀន​ទៀតផង​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​តស៊ូ និង​ឆ្លងកាត់​នូវ​ឧបសគ្គ​នានា​នៅ​ចំពោះ​មុខ​»​។

ដោយឡែក​ចំពោះ​រឿង​សិល្បៈ និង​បញ្ហា​ស្នេហា​វិញ តារាស្រី​រូប​ស្រស់​សាច់​សខ្ចី គៀត សុវណ្ណាឡាង រមែង​ត្រូវ​បាន​មហាជន​តាមដាន​ជារឿយៗ​នូវ​រឿង​សម្ព័ន្ធភាព​ស្និទ្ធស្នាល​របស់​នាង​ជាមួយ​នឹង​តួ​ប្រុស​រូបសង្ហា​លោក លឹម ជាឡាយ គឺ​ចាប់​តាំងពី​គ្រា​ដំបូង​រហូត​ដល់​បាន​ក្លាយ​ទៅ​ជា​ពាក្យ​ចចាមអារ៉ាម​ថា ពួកគេ​បាន​បង្កាត់ភ្លើង​ស្នេហ៍​នឹង​គ្នា​ទៀត​ផង ក្រោម​រូបភាព​ស្និទ្ធ​ទាំងឡាយ​មាន​ទាំង​នៅក្នុង​ឈុត​ថតកុន និង​ឈុត​ក្រៅ​ឆាក​កុន​នោះឯង​។

ខណៈ​ក្នុង​ជំនួប​នៃ​ថ្ងៃ​សម្ពោធ​រឿង «​ជួប​ស៊យ​វគ្គ​ ២» របស់​ផលិតកម្ម LD Picture កាល​ថ្មីៗ​កន្លង​មក​នេះ​តារាសម្តែង​ស្រី​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​មហាជន គៀត សុវណ្ណាឡាង ​បកស្រាយ​ពី​បញ្ហា​ផ្ទាល់​នេះ​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ និង​បង ជាឡាយ ​គឺថា​ពិតជា​មិន​ធ្លាប់​បាន​មាន​ចិត្ត​ស្រឡាញ់​គ្នា​មែន គ្រាន់​តែ​ជា​អ្នក​រួម​ការងារ​ធម្មតា​ទេ ប៉ុន្តែ​អ្នកគាំទ្រ​ពេល​បាន​ឃើញ​ពួកយើង​សម្តែង​រួម​គ្នា​ជាច្រើន​រឿង​ទើប​ធ្វើឲ្យ​ពួកគាត់​ផ្គូផ្គង​តែ​ម្តង​ទៅ​។

ហើយ​ភាព​ស្និទ្ធស្នាល​របស់​ពួកខ្ញុំ​កន្លង​មក​នោះ គឺ​ដូច​បងប្អូន និង​អ្នក​រួម​ការងារ​តែ​ប៉ុណ្ណឹង រឿង​ដែល​យល់ច្រឡំ​កន្លង​មក​គឺថា​ជា​ការចាប់គូ​របស់​បងប្អូន​មហាជន​តែប៉ុណ្ណោះ ហើយ​អ្នកគាំទ្រ​ខ្ញុំ​ខ្លះ​ទៀត​គាត់​បាន​បង្កើត​ផេច​ដាក់​ឈ្នោះ​ខ្ញុំ និង​បង ជាឡាយ រួមគ្នា​ទៀត​ធ្វើឲ្យ​គេ​កាន់តែ​មាន​ការយល់ច្រឡំ​ផង​ដែរ​»៕