ភ្នំពេញៈ ថ្មីៗ​នេះ​លេចឮ​ដំណឹង​ថា ពិធីការិនី​រូបស្រស់​រាង​ស្ល៊ីម ពូកែ​វោហារ​ស័ព្ទ សម្តី​ចាក់ទឹក​មិនលេច​មាន​ទម្រង់​មុខ​ឃ្យូត​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា ម៉េង ឃុននី ហៅ ជីមមី ចង់​មក​ពង្រីក​ទីផ្សារ​សិល្បៈ​សម្តែង​ភាពយន្ត​បន្ថែម​ទៀត ដោយ​ប្រាថ្នា​ទាមទារ​ប្រាក់កម្រៃ​ថតកុន​ដូចជា​តារាសម្តែង​អាជីព​រលក​មុន​នោះ​ឡើយ​។

ស្រីស្រស់​ដែល​ជា​ពិធីការិនី​ប្រចាំ​ទូរទស្សន៍​ភីអិនអិន ខណៈ​មហាជន​ច្រើន​តែ​ស្គាល់មុខ​នាង​ច្បាស់​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ភេសជ្ជៈ​ខារ៉ាបាវ កញ្ញា ជីមមី មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សមត្ថភាព​ចេះ​ច្រើន​ភាសា​ទៀត​ផង​គឺ​ចេះ​ភាសា​ចិន ថៃ អង់គ្លេស និង​ភាសា​ខ្មែរ​។

កញ្ញា ជីមមី ជា​តារា​កូនកាត់​ខ្មែរ-ចិន មាន​រូបសម្រស់​មិន​ចាញ់​តារា​រួម​អាជីព និង​មាន​ភាព​ល្បី​មិន​ចាញ់​អ្នកសិល្បៈ​ជំនាន់​មុន​ឡើយ​ក្នុង​អាជីព​ជា​ពិធីការិនី ខណៈ​ពេល​នេះ​ស្រី​ស្រស់​រាង​ស្ល៊ីម​ព្រលយ​ថា​ចង់​មក​សាកល្បង​យក​បទពិសោធ​នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត​ផង​ដែរ ដើម្បី​បន្ថែម​ទីផ្សារ​សិល្បៈ​ឲ្យ​មាន​ភាព​ទូលាយ​ជាង​មុន ដែល​បាន​ប្រឡូក​តែ​វិស័យ​ជា​ពិធីការិនី​នោះ​។

កញ្ញា ជីមមី ជា​ពិធីការិនី​រូប​ស្រស់​ប្រចាំ​នៅ​ប៉ុស្តិ៍​ភីអិនអិន​ដែល​ទើប​តែ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល ៣ ឆ្នាំ​តែ​ទទួល​បាន​នូវ​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ដោយសារ​តែ​យល់​ខ្លួនឯង​បាន​ប្រឡូក​នៅក្នុង​វិស័យ​ជា​ពិធីការិនី​មាន​បទពិសោធ​ច្រើន​គួរសម​ដែរ ហើយ​ក៏​ចង់​រក​បទពិសោធ​ថ្មី​ក្នុង​សិល្បៈ ទើប​ចង់​សាកល្បង​ក្នុង​ការសម្តែង​កុន​បន្ថែម​ព្រោះ​ថា​នាង​ខ្ញុំ​មិន​ដែល​ធ្លាប់​សម្តែង​កុន​ឡើយ​តាំងពី​ចូល​វិស័យ​សិល្បៈ​មក​នោះ​»​។

តារាស្រី​សាច់​សខ្ចី​ល្បី​ថា​សម្បូរ​មន្ត​ស្នេហ៍​ព្រោះ​សម្បូរ​កន្លង់​ចោម​ស្នេហ៍​ច្រើន កញ្ញា ម៉េង ឃុននី ហៅ​ ជីមមី រូបនេះ​បន្ត​ទាំង​សម្តី​ផ្អែម និង​លាយ​សំណើច​ពេល​សួរ​នាំ​ពី​រឿង​ការកំណត់​តម្លៃ​ខ្លួន ប្រសិន​បើ​មាន​គេ​ហៅ​ថតកុន​នោះ​ថា​៖ «​មូលហេតុ​មិន​ធ្លាប់​ថត​ហ្នឹង​ហើយ​បាន​ជា​ជំរុញ​ចិត្ត​ឲ្យ​នាង​ខ្ញុំ​ចង់​ទៅ​ចាប់ផ្តើម​ការថត​កុន​នោះ ហើយ​ក៏​គិត​ថា មិន​ហ៊ាន​ទាមទារ​ថ្លៃ​កម្លាំង​ពលកម្ម​ថតកុន​នេះ​ឲ្យ​ដូច​តារាសម្តែង​រៀមច្បង ឬ​តារា​អាជីព​នោះទេ​។ និយាយ​ទៅ​តម្លៃ​ត្រឹម​តែ​រួច​ថ្លៃ​ចាក់សាំង​ឡាន​ក៏​នាង​ខ្ញុំ​ទទួល​ដែរ​»​។ តារាស្រី​វ័យ ២៣ ឆ្នាំ​កាន់តែ​មាន​រូប​ស្រស់ស្អាត​ក៏​ប្រាប់​រឿង​ដូរ​ចិត្ត​លែង​ទៅ​រៀន​បន្ត​ឯ​ក្រៅ​ប្រទេស​ដែរ​ថា​៖ «​រឿង​បន្ត​ការសិក្សា​នៅ​អាមេរិក និង​ភាសា​ចិន​ឲ្យ​ចប់​នោះ​គឺ​សុំ​ទុក​មួយ​អន្លើ​សិន​ហើយ ព្រោះ​ថា​ពេល​នេះ​ការងារ​សិល្បៈ​គឺ​រវល់​ខ្លាំង​។ ប្រសិន​ខ្ញុំ​ទៅ​រៀន​បន្ត​ ២-៣ ឆ្នាំ នោះ​ខ្លាច​វិល​វិញ​អស់​ឱកាស ហើយ​ស្រួល ឬ​មិនស្រួល​លែង​មាន​គេ​ស្គាល់​ខ្ញុំ​ផង​!»៕