ភ្នំពេញ៖ ក្រោយ​ពី​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ ​២០១៩ ​នេះ​មក យុវតី​ស្រស់​សោភា តារា​សម្តែង​រលក​​ក្រោយ​​ ធ្មេញ​ច្រពើស​ស្អាត​ ​កញ្ញា នូណា បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​តាម​សេចក្តី​ប្រាថ្នា​​​កាល​ពី​មុន​ពេល​ប្រឡង​ ដោយ​សុខ​​ចិត្ត​បន្ថយ​ការងារ​សិល្បៈ​ខ្លះ​ទៅ​​បន្ថែម​ម៉ោង​ក្រេប​​ចំណេះ​វិជ្ជា​វិញ​។​

បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​ ខណៈ​ស្រាប់​តែ​​​តារា​​សម្តែង​​ស្រី​​ស្អាត​​វ័យ​ ១៧ ឆ្នាំ​​ ដែល​ទើប​​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ជាង ១ ឆ្នាំ​មែន ​និង​បាន​​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ដោយ​សន្សឹមៗ និង​ផ្ទុះ​ការ​គាំទ្រ​មិន​​ចាញ់​តារា​សម្តែង​ស្រី​រលក​​មុនៗទេ ​កញ្ញា នូណា បាន​​បង្ហោះ​រូប​នា​ថ្ងៃ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ដំបូង​ ​គឺ​នៅ​​​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង។​

តារា​​សម្តែង​ស្រី​រលក​ថ្មី ដែល​​បាន​បោះ​ជំហាន​ថត​​ស្ប៉ត​ពាណិជ្ជកម្ម ថត​ MV បទ​ចម្រៀង​ជា​​ម៉ូយ​​ប្រចាំ​ផលិតកម្ម​ហង្សមាស និង​​បាន​កសាង​ឈ្មោះ​​ដំបូង តាមរយៈ​ការ​ថត​​កុន​ភាគ​រឿង «​សិសិររដូវ​ក្នុង​បេះដូង​» របស់​ហង្សមាស ​ដែល​​មាន​ឈ្មោះ​​​ពិត​ថា​ ហួរ លីហេង ហៅ នូណា មាន​វ័យ ១៧ ឆ្នាំ​ ទើប​​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ​២០១៩ ​នេះ​​ ខណៈ​​កាល​ថ្នាក់​ទី ​១២​ រៀន​​​​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។

យុវតី​មាន​​អំណោយ​ផល​ស្អាត​ពី​កំណើត មាន​ទឹក​​មុខ​មាត់​ញញឹម​ស្រស់​​កញ្ញា នូណា ដែល​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សម្គាល់​ ពី​មហាជន ​អ្នក​គាំទ្រ បន្ទាប់​ពី​នាង​បាន​​សម្ដែង​កុន​ជា​តួអង្គ​ឆ្នាសឆ្នើម​ កញ្ជនា​តូច​ក្នុង​​រឿង «​សិសិរ​រដូវ​​ក្នុង​​បេះដូង​» បញ្ជាក់​ប្រាប់​ផង​ដែរ​ថា​៖ «​​នាង​ខ្ញុំ​បាន​មក​​ចូល​​រៀន​សាកល​វិទ្យាល័យ ដែល​ចង់​​រៀន​ហើយ​ បើ​គិត​​​ត្រឹម​ថ្ងៃ​នេះ គឺ​បាន​​ ២ ថ្ងៃ​ហើយ​ដែរ​ ក្រោយ​ពី​នាងខ្ញុំ​​បាន​​​ប្រឡង​ថ្នាក់​ទី​ ១២ ជាប់​នៅ​ឆ្នាំ ២០១៩ ​នេះ​មក​។ ដូច្នេះ​ នាងខ្ញុំ​​ត្រូវ​បន្ថយ​ការ​ទទួល​​ការងារ​សិល្បៈ​​មួយ​ចំនួន​ដែរ គឺ​ដើម្បី​យក​ពេល​មក​បន្ថែម​​លើ​ការ​សិក្សា។​ នាពេល​មួយរយៈ​នេះ​ក៏​មាន​​​ក្រុមហ៊ុន​ច្រើន ​ហៅ​ឲ្យ​ថត​ស្ប៉ត​​ច្រើន​ដែរ ហើយ​​ផលិតកម្ម​ហង្សមាស​ក៏​ចង់​ឲ្យ​ថត​រឿង​ថ្មី​ក្រោយ​​ទៀត​ដែរ តែ​នាង​ខ្ញុំ​អត់​ទាន់​អាច​​ទទួល​បាន​​ទេ ព្រោះ​តែ​មិន​ចង់​ឲ្យ​សិល្បៈ​នេះ ​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​សិក្សា​នោះ​ឡើយ​»​។

ចំពោះ​ក្តី​ប្រាថ្នា​ នាពេល​អនាគត​លើ​​ការ​សិក្សា​យក​ជំនាញ​ក្រៅ​ពី​អាជីព​អ្នក​សិល្បៈ ក្រោយ​ពី​នាង​ប្រឡង​បាក់ឌុប​នោះ តារា​សម្តែង​​ស្រី​រលក​ថ្មី​រូប​នេះ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា​៖​ «​សម្រាប់​ចិត្ត​ស្រឡាញ់ និង​​ក្តី​ប្រាថ្នា​ក្រោយ​ពី​ប្រឡង​​​ជាប់​ថ្នាក់​ទី​ ១២ នោះ​​គឺ​នាង​ខ្ញុំ​ចង់​សិក្សា​ជំនាញ​ ២ ​នៅ​មហាវិទ្យាល័យ​។ សម្រាប់​ជំនាញ​ទី ​១ នាង​ខ្ញុំ​ចង់​​រៀន​មហាវិទ្យាល័យ Business និង​​​ជំនាញ​ទី​ ២ វិញ​​​គឺ​ខ្ញុំ​ចង់​រៀន​ផ្នែក​​ភាសា​អង់គ្លេស​។ ហើយ​កា​ចង់​រៀន​លើ​ពាណិជ្ជកម្ម​នេះ​ក៏​ព្រោះ​​ចង់់​ទៅ​​ប្រកប​របរ​រកស៊ី​ផង​ដែរ ​ព្រោះ​ថា​ប៉ា​ម៉ាក់​មាន​​របរ​​នេះ​ស្រាប់​»៕