ភ្នំពេញ៖ នាពេលថ្មីៗនេះ ដោយសារតែឧស្សាហ៍ឃើញមានសម្ព័ន្ធភាពដ៏ស្និទ្ធស្នាលលើសពីមិត្តភក្តិនៅក្នុងសង្គមនោះ ទើបតារាចម្រៀង ១ គូទៀត ដែលជ្រកទ្រនំហង្សមាសរួមគ្នាគឺកញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ ត្រូវរងមន្ទិលសង្ស័យពីមហាជនថា អ្នកទាំង ២ កំពុងតែផ្តើមស្នេហ៍នឹងគ្នាយ៉ាងស្អិតល្មួតនៅដើមឆ្នាំ ២០២០ នេះ។
បើតាមប្រភពបង្ហើបពីក្រុមអ្នកចូលចិត្តតាមប្រមាញ់ពីសម្ព័ន្ធភាពឯកជនរបស់អ្នកទាំង ២ និងសកម្មភាពទៅដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងចូលរួមកម្មវិធីនានាតែ ២ នាក់ រវាងតារាចម្រៀងស្រី ប៉ាច គីមមួយ ដែលជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ និងតារាចម្រៀងប្រុសក្មេងក្នុងទ្រនំភ្លេងរីខត ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាសលោក សយ រតនៈ ក៏ត្រូវមហាជនសង្ស័យថា ពួកគេកំពុងសាងអនុស្សារីយ៍ស្នេហ៍ឲ្យកាន់តែរឹងមាំ មុនពេលដឹកដៃគ្នាចូលរោងការ ខណៈក្រុមគ្រួសារទាំងសងខាងបានដឹងពីចំណងស្នេហានេះអស់ហើយ និងគ្មានអ្នកណាប្រឆាំងនោះឡើយ ហើយមានតែនាំគ្នានិយាយសរសើរថា អ្នកទាំង ២ ស័ក្តិសមគ្នា និងជំរុញឲ្យឆាប់រៀបការទៀតផង។
ទោះជាយ៉ាងណា កញ្ញា ប៉ាច គីមមួយ និងប្រុសក្មេងលោក សយ រតនៈ នៅតែខំព្យាយាមប្រកែកពីចំណងស្នេហ៍ ដោយពួកគេនិយាយដូចណាត់គ្នាថា អ៊ីចឹងចាំមើលទៅមុខទៀតសិន ជួនកាលថា ដោយសារតែពួកគេឧស្សាហ៍ទៅច្រៀងនៅផលិតកម្មជាមួយគ្នាទើបយើងឧស្សាហ៍ ត្រូវគេឃើញចេញទៅណាមកណាតែ ២ នាក់។
ខណៈបើតាមការសង្កេតពីមជ្ឈដ្ឋានខាងក្រៅដដែល បានលួចបន្តឲ្យដឹងថា នៅគ្រប់ឆាកតន្រ្ដីនានា នៅពេល ប៉ាច គីមមួយ ច្រៀងចប់ គេតែងតែបានឃើញលោក សយ រតនៈ បើករថយន្ដម៉ាក Prius មកដឹកស្រីស្អាត គីមមួយ ទៅផ្ទះវិញភ្លាមៗតែម្ដង។
ដោយឡែករឿងមន្ទិលសង្ស័យនេះ កាន់តែមានភាពផ្ទុយគ្នាស្រឡះតែម្តងទៀតខណៈតារាចម្រៀងស្រីដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីត-បេក្ខភាព The Voice Cambodia រដូវកាលទី ១ កញ្ញា ប៉ាច គីមមួយ ប្រាប់ភ្នំពេញប៉ុស្តិ៍ បែបចង់ជម្រះនូវមន្ទិលនោះដែរថា៖ «អូ! អត់ទេបង!រឿងនោះគ្រាន់តែជាការបង្អាប់លេង និងជាការផ្គូផ្គងលេងរបស់បងប្អូនដែលជាអ្នកគាំទ្រទេ ដោយសារឃើញពួកយើងឧស្សាហ៍បានថតរូបបែបសិ្នទ្ធស្នាលនឹងគ្នានោះឯង។ សម្រាប់ពួកយើងទាំង ២ វិញនោះ គឺមិនមានអ្វីឲ្យលើសពីមិត្តក្នុងទ្រនំតែមួយ និងសិល្បៈនោះឡើយ»៕