ភ្នំពេញ៖ ស្រប​ពេល​​​ក្រុម​​សិល្បករ​​ជា​ច្រើន​សម្រុក​​រៀបការ​​បន្តបន្ទាប់​នោះ ​នា​ពេល​ថ្មីៗ​​នេះ​ គេ​​ក៏​​ឃើញ​​រូបថត​​ផ្អែម​​ល្ហែម​អតីត​តារា​ចម្រៀង​ស្រី​​ផលិតកម្ម​​រ៉ុក (Rock) កញ្ញា​​ ​​អឿន ម៉ូល្លីកា​ ដែល​​បច្ចុប្បន្ន​គឺ​​ជា​ថៅកែ​ស្រី​​ហាង​លក់​​​ផលិតផល​​រក្សា​សម្រស់​​​តាម​អនឡាញ​​ ដែល​កំពុង​មាន​​​​ឈ្មោះ​​បោះ​សំឡេង​​​បង្ហោះ​​រូបថត​ ​Pre-wedding​ ​ដ៏​​ស្រស់​ស្អាត​ នៅ​តំបន់​កម្សាន្ត​​ល្បីៗ​​តាម​ខេត្ត​នានា​នៃ​​ប្រទេស កម្ពុជា​។ ​

ការ​បង្ហោះ​រូបថត ​​​​Pre-wedding ​របស់​អតីត​តារា​ចម្រៀង​ស្រី​​នៅ​ផលិត​កម្ម​រ៉ុក​​កញ្ញា ម៉ូល្លីកា ​​និង​គូស្នេហ៍​ជា​តារា​សម្តែង​ប្រុស​គឺ​លោក ហុង មានុន ហៅថា ​ខានុន ជា​ច្រើន​សន្លឹក​​ ហាក់​ចង់​បង្ហាញ​​ពី​ដំណឹង​ល្អ​នៃ​ថ្ងៃ​ចូល​រោង​ជ័យ​​​ខ្លួន​​ដែរ​ថា​ «ថ្ងៃ​ពិសេស! ថ្ងៃ​ដែល​មនុស្ស​ស្រី​​ប្រាថ្នា​» ​ទោះបី​ខ្លី តែ​​ន័យ​ស៊ី​ជម្រៅ​ខ្លាំង​សម្រាប់​នាង​។​

ប្រិយ​​​មិត្ត​​ច្បាស់​ជា​​នៅ​ចាំ​​​ថា ​កាល​ពេល​កន្លង​​មក​នេះ​កញ្ញា​​ ​ម៉ូល្លី​កា ​​បាន​​ធ្វើ​ឲ្យ​មហាជន​មាន​​​ការ​កោត​សរសើរ​ ក្រោយ​ពី​នាង​បាន​លើក​លែង​ទោស​​កុមារា​​ម្នាក់​ ដែល​​ជិះ​​ម៉ូតូ​កង់​បី​បុក​រថយន្ត​​ទំនើប​ ​Range​ ​Rover​ ដែល​នាង​ទើប​ទិញ​ ​​ដោយ​​​មិន​ទទួល​យក​​សំណង​អ្វី​​ឡើយ​​ ​ ​បើ​ទោះបី​ការ​ជួសជុល​ទំនង​ជា​​​ត្រូវ​ចំណាយ​​ប្រាក់​​អស់​តម្លៃ​ក្បែរ​​​ម៉ឺន​ដុល្លារ​ក្តី​។​​​

អ្វី​ដែល​គួរ​ឲ្យ​​ចាប់​អារម្មណ៍​ខ្លាំង​​​​ គេ​ឃើញ​រូបភាព​ដ៏​ស្រស់​​ស្អាត​នៃ​អ្នក​ទាំង ​២ ​​ក្នុង​​ឈុត​​ជា​កូន​កំលោះ កូន​​​​​ក្រមុំ នៅ​សម័យ​ថ្មី​​​នេះ​​ហៅ​​ថា ​​​​Pre​-wedding ​​ដែល​​​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​តែ​ម្តង​សម្រាប់​ត្រៀម​ខ្លួន​ចូល​​រោង​មង្គល​ការ​​ទំនង​ជា​ឆាប់ៗ​នេះ​ហើយ​។​

កញ្ញា ម៉ូល្លី​កា​ ​ដែល​​​បញ្ចប់​អាជីព​ជា​តារា​ចម្រៀង ​ដោយ​​​ងាក​​​មក​លក់​ផលិតផល​រក្សា​​សម្រស់ ​ដែល​​ពេល​នេះ​ កំពុង​​​តែ​ទទួល​បាន​នូវ​​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង ក៏​​បាន​បង្ហើប​​ពី​​វេលា​​​ចូល​រោង​ជ័យ​របស់​ខ្លួន​​ដែរ​​​​ថា៖ «ខ្ញុំ​នឹង​រៀប​ការ​នៅ​ពាក់​កណ្តាល ​​ខែ​មករា ឆ្នាំ ​២០២០ នេះ​ហើយ តែ​ពេល​នេះ​ នៅ​​មិន​ទាន់​​ច្បាស់​​ថ្ងៃ​​នោះ​​ទេ។ ដោយ​ម្យ៉ាង​វិញ​ទៀត យើង​នៅ​មិន​ទាន់​​រក​ទី​​កន្លែង​​​ទទួល​ភ្ញៀវ​បាន​នៅ​​ឡើយ​ដែរ ​ព្រោះ​នៅ​សណ្ឋាគារ​​សុខា​ភ្នំពេញ​ និង​មណ្ឌល​ព្រីមៀរ សែន សុខ​ ក៏​ដូចជា​​ជាប់​រវល់​អស់​ដូចគ្នា ហើយ​យើង​កំពុង​តែ​រក​កន្លែង​ផ្សេង​​​ ឬ​អាច​ទៅ​កោះពេជ្រ ក៏​មិន​ដឹង​។ ច្បាស់​ណាស់​ថា ពិធី​មង្គលការ​នៅ​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ ​២០២០ ហ្នឹង​ឯង! ​ចំពោះ​ពិធី គឺ​យើង​គ្រោង​​ហៅ​​ភ្ញៀវ​ច្រើន​ ហើយ​យើង​ក៏​នឹង​ត្រៀម​ប្រាក់​​​ចន្លោះ $ ១០ ម៉ឺន ទៅ $ ១៥ ម៉ឺន​​ដុល្លារ​រៀបចំ​»។​

គួរ​រំឭក​ដែរ ក្រោយ​ពី​បញ្ចប់​អាជីព​​តារា​ចម្រៀង​មក កញ្ញា អឿន ម៉ូល្លីកា ​ងាក​មក​ប្រកប​​របរ​រកស៊ី​ដំបូង ​គឺ​លក់​ជើង​មាន់​ជ្រក់​តាម​អន​ឡាញ ដែល​មាន​ដើម​ទុន​ត្រឹម​តែ ៣០០ ដុល្លារ​ប៉ុណ្ណោះ និង​ក្រោយ​មក​ដូរ​​មក​ប្រកប​របរ​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អនឡាញ ថែម​ទាំង​បាន​​សម្ពោធ​​ហាង​​ខ្លួន​នៅ​​​​ក្នុង​ឆ្នាំ ​២០១៨ ចំណាយ​​ទុន​ជាង ១០ ម៉ឺន​ដុល្លារ។ ដោយ​ក្រោយ​ពី​ទទួល​បាន​​​ជោគជ័យ​ខ្លាំង​​ជាមួយ​​របរ​ក្រោយ​​​​​​នេះ គេ​សង្កេត​ឃើញ​​ថា កញ្ញា ម៉ូល្លីកា ហ៊ឺហា​ទិញ​រថយន្ត​ទំនើបៗ​ម៉ាក​ Lexus 450d និង​ Range Rover 2015៕​