ភ្នំពេញ៖ ថ្មីៗ​នេះ​ តារា​សម្តែង​ស្រី​រាង​ខ្ពស់​កំពុង​ទទួល​​​​បាន​​ផ្លែ​ផ្កា​​ល្អ​​​ក្នុង​អាជីព​​​សម្ដែង​កុន​ ដែល​បាន​​​ផ្តើម​អាជីព​ពី​​តារា​ម៉ូដែល និង​​​ពិធី​ការិនី​​ទូរទស្សន៍​​កញ្ញា រចនា រ៉ាវ៉ាឌី​ ស្រាប់​តែ​​បង្ហើរ​​សារ​​​បង្ហើប​រឿង​​​​ក្នុង​ចិត្ត​បែប​ខក​​បំណង​ព្រោះ​ឃ្លាត​​ឆ្ងាយ​ពី​​ម្ចាស់​បេះដូង​ ទំនង​ជា​​​នៅ​​ឯ​នាយ​សមុទ្រ​ បង្កើត​ភាព​​ងឿង​​​ឆ្ងល់​ពី​មហាជន​។​

កាល​​ពី​​​​ថ្ងៃ​​​ធ្វើ​​ខួប​កំណើត​វ័យ ២០ ឆ្នាំ​​ នា​ពេល​​​កន្លង​​មក​ ដែល​រំលេច​​កាដូ​​​នំ​ខេក និង​​​ចិញ្ចៀន​ពេជ្រ​ ១ ​វង់​ ហើយ​​ស្រី​ស្រស់​​តារា​​ម៉ូដែល និង​​សម្តែង​កញ្ញា រចនា រ៉ាវ៉ាឌី ក៏​ត្រូវ​មហាជន​​​កើត​ក្តី​មន្ទិល​សង្ស័យ​ថា​ គឺ​ជា​ចិញ្ចៀន​មាន​គេ​​​ជូន​ជា​កាដូ​បញ្ចាំ​ចិត្ត​ស្នេហ៍​សោះ​នោះ​​ ឥឡូវ​នេះ​ក៏​មក​បង្ហើប​រឿង​បញ្ហា​បេះដូង​ ចេញ​​មក​ក្រៅ​ឲ្យ​គេ​ដឹង​ដោយ​ខ្លួន​ឯង​ថា៖ «ខ្ញុំ​​ប្រហែល​មិន​អាច​ក្បែរ​​អ្នក​​​​បាន​រាល់​ថ្ងៃ​ តែ​បេះដូង​​​មាន​អ្នក​គ្រប់​វិនាទី​»។​

រំពេច​នោះ ក៏​មាន​អ្នក​​លាន់​មាត់​ថា​៖ «អុញ​នោះ! ​មាន​​​គេ​លួច​បេះដូង​​ខ្ញុំ​បាត់!» និង​អ្នក​ខ្លះ​បាន​​និយាយ​​​ថា៖ «​អ៊ីយ៉ា! ​ទើប​តែ​បាន​ប្រកែក​ញ៉ាញ​ថា​ ​អត់​មាន​អ្នក​​​​ស្រឡាញ់​សោះ តែ​ឥឡូវ​​​នេះ ស្រាប់​តែ​មក​ទម្លាយ​រឿង​​​​ក្នុង​ចិត្ត​អីណា! គ្រាន់​តែ​មើល​សារ​​​នេះ​ក៏​ដឹង​ដែរ​»។​

តារា​សម្តែង​ស្រី​ដែល​បាន​អភិវឌ្ឍ​ខ្លួន​​ពី​តារា​បង្ហាញ​ម៉ូដ​ នៅ​ចន្លោះ​ឆ្នាំ​ ២០១៥-២០១៦ និង​បាន​​ប្រឡូក​​ការ​សម្តែង​កុន​ដំបូង​ជា​តួរង​ស្រី​ក្នុង​​រឿង «​ភ្លើង​ស្នេហ៍​​​​​ភ្លើង​ឫស្យា​​»​ នៅ​ឯ​​ផលិតកម្ម​នៃ​ទូរទស្សន៍​​​​ប៉ុស្តិ៍​លេខ​ ៥ ខណៈ​នា​ពេល​នេះ កញ្ញា រចនា រ៉ាវ៉ាឌី ក៏​កំពុង​តែ​​រវល់​ខ្លាំង​នឹង​ការ​ថត​កុន​ភាគ​នៅ​ប៉ុស្តិ៍​បាយ័ន​ ក៏​ដូចជា​ការងារ​ប្រកប​របរ​រក​ស៊ី​ក្រៅ​សិល្បៈ ​គឺ​លក់​ផលិតផល​​រក្សា​សម្រស់​​នាំ​យក​មក​​ពី​ប្រទេស​ជប៉ុន ​នោះ។​ កញ្ញា រចនា រ៉ាវ៉ាឌី​ បញ្ជាក់​បែប​​លាក់​លៀម​​ និង​លាយ​សំណើច​​ថា៖ «ប្រហែល​ជា​ត្រឹម​​ដូច​គេ​ថា ​មែន​ទេ​ដឹង​បង? ​ចំពោះ​រឿង​ថា ​មាន​គូ​គាប់​នោះ​ ដូច​ជា​ត្រូវ​ដែរ​ តែ​ថា​នៅ​នាយ​សមុទ្រ​នោះ សុំ​ចិត្ត​មិន​ទាន់​បង្ហើប​ប្រាប់​ទេ​​ លាក់​ទុក​ខ្លះ​សិន​ហើយ»។​

កញ្ញា រចនា រ៉ាវ៉ាឌី ដែល​ជា​កូន​ពៅ​ក្នុង​​គ្រួសារ​ដោយ​មាន​បងប្អូន​បង្កើត​ ២ ​នាក់​​ ដែល​នាង​​ទើប​តែ​មាន​វ័យ ២១​ ​ឆ្នាំ​ ជា​តារា​ស្រី​រលក​​ក្រោយ តែ​ក្តោប​បាន​ឱកាស​ថត​កុន​ភាគ​បាន​ច្រើន ​គឺ​មាន ១០ រឿង​មក​ហើយ​ នៅ​ក្នុង​រយៈពេល​ត្រឹមតែ ៣-៤ ឆ្នាំ ចុង​ក្រោយ​​​​ប៉ុណ្ណោះ ហើយ​មមាញឹក​ខ្លាំង​​នឹង​ការ​ដើរ​ម៉ូដ និង​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​ ខណៈ​ពេល​ថ្មីៗ​នេះ ​នាង​ក៏​កំពុង​តែ​មមាញឹក​​នឹង​ការ​រត់​ការ​​បើក​អាជីវកម្ម​នាំ​ផលិត​ផល​រក្សា​​សម្រស់​ផ្តាច់​មុខ​ពី​ប្រទេស​​កូរ៉េ ដែល​នឹង​​ដំណើរ​​​ការ​ឆាប់​នេះ​ផង​ដែរ។​​​

កញ្ញា រចនា រ៉ាវ៉ាឌី តួឯក​ស្រី​ក្នុង​រឿង​ «​មិត្ត​ឫស្យា​» រូប​នេះ​​បង្ហើប​ថា​៖ «ប្រហែល​ជា​​នៅ​ខែ ៧ ឬ​ ៨ ខាង​​មុខ​នេះ​ហើយ នាង​ខ្ញុំ​នឹង​​​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ នាំ​យក​ផលិតផល​រក្សា​សម្រស់​មក​ពី​ប្រទេស​កូរ៉េ ខណៈ​ការ​លក់​ផលិតផល​សម្រស់​បច្ចុប្បន្ន​នេះ​ គ្រាន់​តែ​ជា​​ការ​សហការ​​បើក​របរ​ចូល​ភាគហ៊ុន​ជាមួយ​​នឹង​បង​ស្រី​នាង​ខ្ញុំ​ប៉ុណ្ណោះ​»៕​