ភ្នំពេញ៖ អតីតកញ្ញាឯកចក្កវាឡតំណាងកម្ពុជា ដែលស្រូបបានប្រជាប្រិយភាពខ្លាំងពីមហាជនខ្មែរ កាលពីបំពេញភារកិច្ចជាបវរកញ្ញាចក្កវាឡតំណាងឱ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតកញ្ញាចក្កវាឡពិភពលោកឆ្នាំ ២០១៨ កញ្ញា រឿន ណាត ហាក់មានភាពកាក់កបខ្លាំងនឹងទីផ្សារថតកុន ខណៈដើមឆ្នាំថ្មីៗនេះកញ្ញាក៏លេចមុខក្នុងកុនថ្មីមួយទៀតហើយនៅផលិតកម្មសាស្រ្តាហ្វីម។
គួរឱ្យកត់សម្គាល់អតីតកញ្ញាឯកចក្កវាឡឆ្នាំ ២០១៨ កញ្ញា រឿន ណាត ហាក់បានក្លាយទៅជាម៉ូយតួសម្តែងប្រចាំនៅផលិតកម្មសាស្រ្តាហ្វីមទៅហើយ ដោយកញ្ញាទើបបង្ហាញមុខក្នុងកុនរឿង «សង្សារចាស់» ចុងឆ្នាំ ២០២០ ហើយដើមឆ្នាំ ២០២១ ក៏លេចវត្តមានក្នុងកុនថ្មីរឿង «ព្រះនាងមុខធ្យូង»។
កញ្ញា រឿន ណាត បច្ចុប្បន្មមានវ័យ ២៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបញ្ជាក់ពីអារម្មណ៍ខ្លួនសម្រាប់ថតរឿងថ្មីនេះថា៖ «រឿងនេះខ្ញុំស្រឡាញ់ខ្លាំងបំផុតព្រោះផ្ដល់សារអប់រំជាច្រើនដល់អ្នកទស្សនាដែរ ជាពិសេសគឺចង់ឱ្យស្ត្រីរឹងមាំនៅក្នុងជីវិត ទោះបីជាបានជួបនូវស្ថានភាពបែបណាក៏ដោយ។ ខ្ញុំសូមអំពាវនាវទៅដល់ហ្វេនៗទាំងអស់មេត្តាកុំយល់ច្រឡំថា រឿងនេះបានបង្ហាញពីការរើសអើងពណ៌សម្បុរ ក៏ប៉ុន្ដែសូមរង់ចាំទស្សនាជាមុនសិន ចាំជួយផ្ដល់មតិយោបល់ព្រោះថា រឿងនេះបានលើកទឹកចិត្តដល់ស្ត្រីខ្លាំងមែនទែន ខ្ញុំផ្ទាល់ក៏ខ្ញុំចង់សម្ដែងខ្លាំងក្នុងរឿងនេះ ហើយបង្ហាញឱ្យហ្វេនបានទស្សនា និងថ្លឹងថ្លែងពិចារណា»។
កុនរឿង «ព្រះនាងមុខធ្យូង» មានការចូលរួមសម្ដែងពីអតីតកញ្ញាឯកចក្កវាឡឆ្នាំ ២០១៨ កញ្ញា រឿន ណាត បានចាប់ដៃគូជាថ្មីជាមួយនឹងតួប្រុសលោក ពឹង ពុទ្ធិស័ក បន្ទាប់ពីថតកុនរឿង «សង្សារចាស់» ដែលហ្វេនទាំងអស់គ្នាទទូចចង់ឃើញអ្នកទាំង ២ សម្ដែងប៉ះគ្នាម្ដងទៀតនោះ ខណៈឥឡូវពិតជាឃើញពួកគេសម្តែងមែនទែន នៅផលិតកម្មសាស្រ្តាហ្វីម។
ខណៈពេលអ្នកសិល្បៈភាគច្រើនរអ៊ូថា ខ្សត់ការងារសិល្បៈ ក្នុងពេលមានវិបតិ្តដោយសារជំងឺកូវីដ ១៩ នោះ ស្រាប់តែស្រីស្អាតញញឹមស្រស់កញ្ញា រឿន ណាត បែរជាមមាញឹកនឹងការសម្រុកថតកុន និងថតសម្អាងការរកពេលសម្រាកសឹងតែគ្មានទៅវិញ។
កញ្ញា រឿន ណាត ក៏បានបញ្ជាក់ប្រាប់ពីភាពមមាញឹកខ្លាំង ចំពេលអ្នកសិល្បៈភាគច្រើនរអ៊ូថា៖ «មានគេសួរនាងខ្ញុំច្រើនបញ្ហានេះ ដោយសារគេខ្សត់ការងារសិល្បៈក្នុងវិបត្តិកូវីដ ១៩ បែរជានាងខ្ញុំ រវល់ខ្លាំងសឹងតែគ្មានពេលសម្រាក។ និយាយឱ្យត្រង់ទៅ ដោយសារតែរវល់ការងារថតខ្លាំង ពេលនេះខ្ញុំបានចេញមកជួលផ្ទះក្រៅរស់នៅផ្ទាល់ខ្លួនមួយរយៈសិន ដោយខ្លាចក្រែងមានបញ្ហាឆ្លងមេរោគដ៏សាហាវនេះ ទោះបីជានាងខ្ញុំ និងក្រុមការងារ ថតគឺសុទ្ធតែប្រុងប្រយ័ត្នគ្រប់ពេលវេលាក្តី»៕