ភ្នំពេញ៖ សូម្បី​តែ​ខ្លួន​ឯង​ផ្ទាល់​ក៏​មាន​ការ​ងឿង​ឆ្ងល់​​ផង​ដែរ ខណៈ​នៅ​ចំពេល​ដែល​អ្នក​សិល្បៈ​ភាគ​ច្រើន​រអ៊ូ​ថា ខ្សត់​ការងារ​សិល្បៈ​ ​ក្នុង​​ពេល​មាន​​​វិបិត្ត​ដោយសារ​ជំងឺ​កូវីដ ១៩ នោះ ស្រាប់​តែ​ស្រី​ស្អាត​ ញញឹម​ស្រស់​កញ្ញា រឿន ណាត បែរ​ជា​​​មមាញឹក​​នឹង​​ការ​សម្រុក​ថត​កុន និង​ថត​សម្អាង​ការ​រក​ពេល​សម្រាក​សឹង​តែ​គ្មាន​​​ទៅ​វិញ​។

អតីត​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា ​ដែល​ស្រូប​​​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​មហាជន​​ខ្មែរ​ ​នៅ​ក្នុង​​​​​ពេល​មាន​ភារកិច្ច​ជា​​បវរកញ្ញា​​ចក្កវាឡ​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ​សម្រាប់​ការ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភព​លោក​​​​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ក៏​មក​ផុសផុល​​ថត​កុន​ និង​ថត​សម្អាង​ការ ​បង្ក​ការ​​ចាប់​អារម្មណ៍​សា​ជា​ថ្មី​​។

ថ្មីៗ​នេះ​​​ស្រាប់​តែ​ឃើញ​មាន​​​រូបថត​ជា​ច្រើន​​សន្លឹក កញ្ញា រឿន ណាត ​បង្ហោះ​សារ​​ប្រាប់​មហាជន​​​​ពី​​ខ្សែ​​ភាពយន្ត​​ ដែល​ខ្លួន​បាន​ថត​​​កុន​ភាគ​ចប់​សព្វ​គ្រប់​ហើយ​ គ្រាន់​តែ​រង់ចាំ​ថ្ងៃ​ចាក់​បញ្ចាំង​នៅ​​​​កញ្ចក់​​​​ទូរទស្សន៍​តែ​ប៉ុណ្ណោះ ដោយ​​រឿង​​មាន​ចំណង​​​ជើង​ថា «ផ្កា​ព្រៃ»។​

កញ្ញា រឿន ណាត ​បច្ចុប្បន្ម​មាន​​​​វ័យ ២៤ ​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​​ខេត្ត​កំពង់ចាម បាន​​​​គ្រង​ឈុត​តំណាង​ជាតិ​មាន​ឈ្មោះ​​​ថា «​កម្ពុជា​​ព្រះរាជាណាចក្រ​អច្ឆរិយ​» ជាមួយ​នឹង​​គ្រឿង​អលង្ការ​ផ្សេងៗ​ ​ដើរ​​បង្ហាញ​​លើ​ឆាក​អន្ដរជាតិ​ នៃ​​កម្មវិធី​ប្រកួត Miss Universe 2018 ​​នៅ​​​ប្រទេស​ថៃ ​ដោយ​​​មាន​ ៩៥ ប្រទេស​​ចូលរួម។​​​ កញ្ញា​​ រឿន ណាត ក៏​បាន​​​​បញ្ជាក់​ប្រាប់​​ពី​ភាព​​មមាញឹក​​ខ្លាំង​​ នឹង​​​ការងារ​សិល្បៈ​នៅ​ចំពេល​​ដែល​​អ្នក​សិល្បៈ​​ភាគ​ច្រើន កំពុង​តែ​រអ៊ូ​ថា ចង់​ដាច់​បាយ​​​ទៅ​ហើយ​​​​​នោះ​​ថា៖ «​មាន​​គេ​​បាន​ចោទ​​​សួរ​នាង​​ខ្ញុំ​ច្រើន​​ចំពោះ​​បញ្ហា​នេះ ដោយសារ​​​ពេល​គេ​ខ្សត់​ការងារ​​សិល្បៈ ​ចំពេល​មាន​​វិបត្តិ​​កូវីដ ​១៩ បែរ​​​ជា​រូប​​នាង​ខ្ញុំ ​រវល់​​ខ្លាំង​​សឹង​​តែ​មិន​មាន​ពេល​​សម្រាក​ក្នុង​ការ​ថត​កុន​ និង​សម្អាងការ​។ និយាយ​ឲ្យ​ត្រង់​​ទៅ​ ដោយសារ​​តែ​រវល់​​ការងារ​ថត​ខ្លាំង​ ពេល​នេះ​​នាង​ខ្ញុំ​បាន​ចេញ​មក​ជួល​ផ្ទះ​ក្រៅ​រស់នៅ​ផ្ទាល់​ខ្លួន​មួយ​រយៈសិន​ ដោយ​ខ្លាច​ក្រែង​​មាន​បញ្ហា​​ឆ្លង​​​​មេរោគ​ដ៏​សាហាវ​​នេះ​​ ខណៈ​ពី​មុន​នាង​ខ្ញុំ​រស់នៅ​ជាមួយ​ម្តាយ​មីង​នោះ​ បើ​ទោះបី​ជា​នាង​ខ្ញុំ និង​ក្រុម​ការងារ​​​​​ថត​សិល្បៈ គឺ​​សុទ្ធ​​តែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​វេលា​ក្តី​»។

កញ្ញា រឿន ណាត ក៏​បង្ហើប​ប្រាប់​ពី​អារម្មណ៍ ​​​សម្រាប់​ការ​ថត​កុន​ភាគ​រឿង​ ​«ផ្កាព្រៃ» ដែល​មាន​ ៤០ ភាគ​នោះ​ថា៖ «ថត​កុន​ភាគ​​នេះ នាង​ខ្ញុំ​ក៏​ទទួល​បាន​នូវ​បទពិសោធ​ថ្មី​មួយ​ទៀត​​ ដោយសារ​គេ​ឲ្យ​សម្តែង​ច្រើន​រសជាតិ គឺ​ថា​មាន​តួ​ស្លូត តួ​កាច​ឆ្នាស់ឆ្នើម និង​តួ​វាយ​តប់​គ្នា​​​ទៀត​ផង ខណៈ​ការ​​​ថត​កុន​មុនៗ​ ច្រើន​​​តែ​សម្តែង​ជា​​តួ​ស្លូត​មួយ​មុខ​ប៉ុណ្ណោះ​។ ដូច្នេះ​សម្រាប់​ការ​ថត​កុន​​​​លើក​នេះ នាង​ខ្ញុំ​ក៏​មាន​អារម្មណ៍​ ថា​​ប្លែក​​​ផង​ដែរ​ តែ​ក៏​ទទួល​​​នូវ​បទពិសោធ​ជា​ច្រើន​​ផង​ដែរ»៕​