ភ្នំពេញ៖ នាពេលថ្មីៗនេះ ខណៈតារាសំខាន់ ២ ដួងបានចាកចេញពីផលិតកម្មថោននោះ ស្រាប់តែលេចឮថា តារាចម្រៀងស្រីដែលកំពុងតែឡើងកូដខ្លាំងកញ្ញា ផាន វីរ៉ាទី ហៅកញ្ញា រ៉ាប៊ី បានព្រលយពាក្យបញ្ជាក់អំពីគោលជំហរខ្លួនថា មិនទាន់ដល់ពេលដែលរូបខ្លួនត្រូវគិតគូររឿង ផ្លាស់ប្តូរទ្រនំទេ ពោលគឺមិនចង់ដើរតាមគន្លងរៀមច្បងសិល្បៈរួមទ្រនំដូចជាកញ្ញា មាស សុខសោភា និងលោក ខេម នោះឡើយ។
បើតាមប្រភពអ្នកសិល្បៈស្និទ្ធស្នាលនឹងតារាចម្រៀងស្រី កាលពីចូលចិត្តបញ្ចេញក្បាច់រាំពត់ពេនខ្លួនខ្លាំងក្នុងបទ «លុយ លុយ» កញ្ញា រ៉ាប៊ី នោះបានបង្ហើបថា ស្របពេលដែល មាស សុខសោភា និង ខេម បានដឹកដៃគ្នាចេញពីថោន ព្រមគ្នានោះ ស្រីស្អាត រ៉ាប៊ី ដែលជាតារាចម្រៀងស្រីសំខាន់ម្នាក់របស់ផលិតកម្មថោនដែរនោះ ក៏ព្រលយថា នាងគ្មានបំណងផ្លាស់ទ្រនំចាស់ រើចូលទ្រនំថ្មីដូចរៀមច្បងនោះឡើយ។
ដោយនាងបានអះអាងថា នៅតែមានក្ដីសុខជាមួយនឹងថោន ហើយពេលនេះ នាងក៏សង្កេតឃើញដែរថា អ្នកដែលបានចេញពីថោនទៅ ក៏មិនសូវជាឃើញមានអ្នកណា ចេញបទចម្រៀងលេចធ្លោអ្វីនោះដែរទេ អីច៊ីងនាងនៅតែប្រកាន់ជំហរខ្លនថា នឹងមិនប្ដូរផលិតកម្មនាពេលនេះទេ។
មិនតែប៉ុណ្ណោះកញ្ញា រ៉ាប៊ី ក៏ប្រាប់បន្ថែមដែរថា រូបនាងមានកេរ្ដិ៍ឈ្មោះ និងជីវភាពផ្លាស់ប្ដូរ ដោយសារតែថោន បានផ្ដល់នូវឱកាសឱ្យនាងហេតុនេះហើយ បានជានាងមិនចង់ទៅផលិតកម្មណាផ្សេងទេ ព្រោះតែបើទៅផលិតកម្មណា ក៏នាងនៅតែធ្វើបទចម្រៀងដោយខ្លួនឯងដដែល ហើយការនៅផលិតកម្មផ្សេង អាជីពជាតារាចម្រៀងនេះ ពិបាកណាស់ ព្រោះអាចមានអ្នកកាច់កុងគ្នា កាន់តែពិបាកជាងកន្លែងចាស់ថែមទៀតផង។
ដោយឡែក ភ្នំពេញ ប៉ុស្តិ៍ ក៏មិនអាចទំនាក់ទំនងកញ្ញា រ៉ាប៊ី បញ្ជាក់ពីរឿងដែលលេចឮខាងលើថា រូបនាងពិតជាអះអាងដូច្នោះមែន ឬយ៉ាងណានោះទេ ដោយសារប្រព័ន្ធទូរស័ព្ទនាងមិនអាចទាក់ទងបាននោះឡើយកាលពីរសៀលថ្ងៃម្សិលមិញ។
ចំពោះរូបសម្រស់វិញ នាពេលកន្លងមកថ្មីៗនេះ មហាជនលាន់មាត់សរសើរបែបប្រៀបធៀបការទាក់ទាញមកដាក់ទៅលើកញ្ញា រ៉ាប៊ី តែម្តងថា៖ «ភាពស្រស់ស្អាតនៃមនុស្សម្នាក់ ជាពិសេសនារីៗបានពីការរួមផ្សំពីផ្នែកទាំងអស់នៃរាងកាយក្នុងនោះនាងមិនត្រឹមតែមានទម្រង់មុខ ភ្នែក មាត់ ច្រមុះ ដៃជើង ជាដើមនោះ គឺត្រូវតែស្អាតទាំងព្រមទើបលេចនូវសម្ផស្សដ៏គួរឱ្យគយគន់។ ប៉ុន្តែមិនគ្រប់គ្នាសុទ្ធតែ មានភ័ព្វល្អយ៉ាងនេះនោះទេ។ ក្រៅតែមុខមាត់ រាងរៅ ដើមទ្រូង ដែលគ្រប់គ្នាងាយផ្ដោតកែវភ្នែក ភ្លៅក៏ជាផ្នែកសំខាន់មួយដែរនៃសម្ផស្សរបស់នារី ព្រោះជាក់ស្ដែង អ្នកខ្លះស្អាតទាំងអស់ ប៉ុន្តែភ្លៅតូចពេក ធំពេក ជាហេតុធ្វើឱ្យពួកគេខ្វះភាពលេចធ្លោពេលស្លៀកខោ ឬស្លៀកសំពត់។
តារាចម្រៀងស្រី ដែលបានផ្តើមចេញពីអាជីព ជាប្រធានក្រុមរាំ កញ្ញា រ៉ាប៊ី បច្ចុប្បន្ននេះសម្បូរទីផ្សារសិល្បៈចម្រៀង និងបានងារជាតំណាងទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទ ខេមហ្វូន និងកំពុងតែរៀបចំបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្រៅពីសិល្បៈទៀតផង៕