The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រីស្អាត ​សុខ ពិសី បរិច្ចាគ​ $២ ពាន់​ ទប់ស្កាត់​កូវីដ ​១៩​




ស្រីស្អាត ​សុខ ពិសី បរិច្ចាគ​ $២ ពាន់​ ទប់ស្កាត់​កូវីដ ​១៩​

Content image - Phnom Penh Post
កំពូល​តារា​ចម្រៀងស្រី​ នៅ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី បរិច្ចាគ​​ប្រាក់​ $២ ពាន់ មូល​និធិទប់ស្កាត់​កូវីដ ១៩​​​។ រូបថត ហុង មិនា, លោក ហេង ឡុង បង្ហើរសារអរគុណ​តារាចម្រៀង​ស្រី​ សាច់សខ្ចី សុខ ពិសី បរិច្ចាគប្រាក់$ ២ពាន់​​។ ហ្វេសប៊ុក​

ស្រីស្អាត ​សុខ ពិសី បរិច្ចាគ​ $២ ពាន់​ ទប់ស្កាត់​កូវីដ ​១៩​

ភ្នំពេញ៖ ក្រៅ​ពី​មាន​រូប​​សម្ផស្ស​ស្រស់​ស្អាត​មាន​សំនៀង​​ពីរោះ តារា​ចម្រៀង​ស្រី​ដែល​​ឈរ​នៅ​ជួរ​​មុខ​នៃ​​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ក៏​​មាន​សណ្តាន​ចិត្ត​ល្អ​ដ៏​ប្រពៃ​ បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​​ ២ ពាន់​ដុល្លារ ដើម្បី​ចូលរួម​គាំទ្រ​ដល់​មូលនិធិ​សប្បុរសធម៌​ទប់ស្កាត់​វីរុស​កូរ៉ូណា​ ឬ​កូវីដ​ ១៩ នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​

នេះ​​បើ​តាម​សារ​​ថ្លែង​អំណរគុណ​ពី​សំណាក់​ខាង​​​​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ដោយ​​មាន​​លោក ហេង ឡុង គឺ​ជា​អ្នក​​​កៀរគរ​​​នោះ ហើយ​បើ​តាម​ការ​​សង្កេត​​ឃើញ​នោះ​គឺ​​ថា​ តារា​​​​ចម្រៀង​​​​ស្រី​​ស្អាត​មាន​សំឡេង​​​​ស្រួយ​ប្រចាំ​ផលិតកម្ម​សាន់ដេ​ សុខ ពិសី បាន​​​​បរិចា្ចគ​ប្រាក់​ច្រើន​​​ជាង​​គេ​ បើ​ប្រៀប​​​ក្នុង​​​ចំណោម​សិល្បករ​-​សិល្បការិនី​ ដែល​បាន​បោះ​ជំហាន​​​ដើរ​​លើ​វិថី​សិល្បៈ​យូរយារ​​​មក​ហើយ​​​​ដូច​គ្នា​​។​

ជា​ទូទៅ​​ឃើញ​​ក្រុម​សិល្បករ-សិល្ប​ការិនី​ ជា​ច្រើន​​បាន​​ផុសផុល​​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​តាម​​សទ្ធា​ជ្រះ​ថ្លា​ ឬ​​តាម​លទ្ធភាព​ដែល​ខ្លួន​​អាច​ជួយ​បាន មាន​ចំនួន​ទឹក​ប្រាក់​បរិច្ចាគ​​​ចាប់​ពី​​ត្រឹម​ពី​​ ១០ ដុល្លារ ឡើង​​ទៅ​រហូត​ទៅ​ដល់​​រាប់​ពាន់​​ដុល្លារ ហាក់​ដូចជា​បាន​បន្សាប​នូវ​​ព័ត៌មាន ​ដែល​លេច​ធ្លាយ​រឿង​អ្នក​សិល្បៈ​ខ្លះ​ត្អូញ​ត្អែរ​រឿង​បាត់​ប្រាក់​ចំណូល​ពី​សិល្បៈ ​នា​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​បែប​​ជា​ទម្រង់​សកល​ ដែល​បាន​បង្ក​ឡើង​​ដោយសារ​​វីរុស​កូរ៉ូណា​ ឬ​កូវីដ ​១៩ ​នោះ​​។​

លោក ហេង ឡុង​ តំណាង​ខាង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​​សង្គម​ ក៏​បាន​​ចេញ​​អរគុណ​ដល់​ តារា​ចម្រៀង​​​ស្រី​ដែល​​​កំពុង​តែ​​កាក់​កប​​ការងារ​សិល្បៈ​ ថត​ស្ប៉ត​​ពាណិជ្ជកម្ម​​ធំៗ ​តាំង​ពី​ឆ្នាំ​ចាស់​​ចូល​​ដល់​ឆ្នាំ​ថ្មី កញ្ញា សុខ ពិសី ថា​៖ «រូប​សម្បត្តិ​​ស្អាត ​ច្រៀង​ពី​រោះ ​ចិត្ត​មនុស្ស​ធម៌​​​ស្រឡាញ់​​គាត់​អត់? សូម​គោរព​អរគុណ​​ដល់​តារា​ចម្រៀង​កញ្ញា សុខ ពិសី​ ដែល​​បាន​​បរិច្ចាគ​ទឹក​ប្រាក់​ ២ ០០០ ដុល្លារ​ ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស ​COVID-19 ដែល​តប​តាម​ការ​អំពាវនាវ​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​សម្ដេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។​

មួយ​រំពេច​ក្រោយ​មក​ គេ​ក៏​បាន​ឃើញ​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​​សាន់ដេ​កញ្ញា​ ​សុខ ពិសី បាន​តប​ជា​សារ​យ៉ាង​​ខ្លី​​ទៅ​លោក ហេង ឡុង​ វិញ​ផង​​ដែរ​​​ថា៖ «ដោយ​ក្តីគោរព និង​ក្តី​ស្រឡាញ់! ​ស៊ូស៊ូ កម្ពុជា»។

មុន​នេះ​​បន្តិច​មហាជន​ក៏​ទើប​​តែ​បាន​លាន់​មាត់​សរសើរ​​​រឿង​ ដែល​តារា​​ចម្រៀង​ស្រី សំឡេង​ស្រួយ ឈរ​​ជើង​​យូរនៅ​​លើ​ទ្រនំ​​សាន់ដេ​កញ្ញា សុខ ពិសី ដែល​​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​អាណិត​អាសូរ និង​ទទូច​ឲ្យ​​មាន​បញ្ឈប់​ការ​ធ្វើ​បាប​ទៅ​ដល់​​សត្វ​ឆ្កែ​គ្រប់​រូបភាព ក្រោយ​ពី​រូប​នាង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ​ដើម្បី​ទិញ​សត្វ​ឆ្កែ​ចំនួន​ ៨ ​ក្បាល ​ពី​ក្រុម​ឈ្មួញ​កណ្តាល​នៅ​ខេត្ត​កំពង់ធំ​កាល​​ពី​ដើម​ខែ​មីនា ឆ្នាំ ​២០២០ ​កន្លង​មក​​៕

អត្ថបទគួរចាប់អារម្មណ៍